លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសំណេះសំណាលជាមួយនិស្សិតវេជ្ជបណ្ឌិតឯកទេស ដែលទទួលបានអាហារូបករណ៍ពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (Video inside)
06-02-2026 19:59
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាភិបាល សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្អូនៗនិស្សិតវេជ្ជបណ្ឌិតឯកទេស ដែលទទួលបានអាហារូបករណ៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសឆ្នាំទី១ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) ក្នុងឆ្នាំសិក្សា ២០២៥-២០២៦។
ក្នុងឱកាសនោះលោកជំទាវបណ្ឌិត បានថ្លែងអបអរសាទរដល់ប្អូនៗនិស្សិតវេជ្ជបណ្ឌិតឯកទេស សម្រាប់ជ័យលាភី ប្រកបដោយមោទកភាពនេះ។ ជាមួយគ្នានេះលោកជំទាវបណ្ឌិត បានជូនពរប្អូនៗជោគជ័យក្នុងការសិក្សា និងអរគុណចំពោះការប្តេជ្ញាយកចំណេះវិជ្ជាដែលខ្លួនទទួលបានមកបម្រើសង្គមជាតិ និងជួយដល់អាយុជីវិតប្រជាជនយើងទាំងអស់គ្នា។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងបន្ដថា «បច្ចុប្បន្នយើងមានមន្ទីរពេទ្យធំៗជាច្រើន ជាមួយនឹងសម្ភារបច្ចេកវិទ្យាទំនើបៗ ប៉ុន្តែយើងនៅខ្វះវេជ្ជបណ្ឌិតឯកទេស ដែលធ្វើឱ្យប៉ះពាល់ខ្លះដល់ដំណើរការពិនិត្យ និងព្យាបាលអ្នកជំងឺ។ ដូច្នេះបងសូមលើកទឹកចិត្តដល់ប្អូនៗដែលជានិស្សិតវេជ្ជបណ្ឌិតឯកទេសជាប់អាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ និងប្តេជ្ញាយកចំណេះវិជ្ជាដែលខ្លួនទទួលបាន ជួយដល់អាយុជីវិតប្រជាពលរដ្ឋ និងបម្រើសង្គមជាតិយើង»។
សូមជម្រាបថាចាប់ពីឆ្នាំសិក្សា ២០១៤-២០១៥ មកដល់បច្ចុប្បន្ននេះ ដោយមានការសណ្តោសអំពី សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលបានប្រឡងចូលរៀន ជាប់លេខ១ នៅស.វ.ស ចំនួន ១១ជំនាន់ សរុប៣១៣នាក់ (នារី៩៦នាក់) បានទទួលអាហារូបករណ៍ពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលក្នុងនោះរួមមាន៖ និស្សិតចំនួន ២២៣នាក់ (នារី ៦២នាក់) បានបញ្ចប់ការសិក្សាដោយជោគជ័យ, និស្សិតចំនួន ៨៤នាក់ (នារី ៣៤នាក់) កំពុងសិក្សានៅឆ្នាំសិក្សា២០២៥-២០២៦, និស្សិតចំនួន ០៦នាក់ (នារី ០១នាក់) បោះបង់ការសិក្សា ឬដោយប្តូរឯកទេស ឬប្តូរទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតទូទៅវិញ។
ទន្ទឹមនឹងនោះដែរក្នុងចំណោមនិស្សិតអាហារូបរកណ៍មាននិស្សិត ចំនួន ១០៩នាក់ (ស្រី ៣០នាក់) ទទួលបានឱកាសទៅធ្វើកម្មសិក្សានៅប្រទេសបារាំង។
តាងនាមឱ្យនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសទាំងអស់ ដែលបានទទួលអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងក្នុងនាមស.វ.ស. លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ជាសាកលវិទ្យាធិការនៃ ស.វ.ស. សូមសម្តែងនូវក្តីកត្តញ្ញូតាធម៌ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចតេជោ និង សម្តេចកិត្តព្រឹទ្ធបណ្ឌិត ដែលមានក្តីមេត្តាសណ្តោសប្រណី គិតគូរជានិច្ច ដល់និស្សិតនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល»។
ឆ្លៀតឱកាសនេះលោកសាស្ត្រាចារ្យបានគោរពថ្លែង អំណរគុណជាពិសេសជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានគាំទ្រនិងដឹកនាំការរៀបចំដំណើរការអាហារូបករណ៍នេះតាំងពីដំបូង និងតែងតែចំណាយពេល ដ៏មមាញឹកនិងមានតម្លៃ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនានា របស់គណៈកម្មាការប្រលង ជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសនៅស.វ.ស.។
លើសពីនេះទៅទៀតនិស្សិត និងថ្នាក់ដឹកនាំស.វ.ស. ទាំងអស់ ចងចាំនិងដឹងគុណជានិច្ចជាកាលដល់ លោកជំទាវបណ្ឌិត ដែលតែងតែផ្តល់ឱកាសឱ្យនិស្សិតនៅ ស.វ.ស. បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្ដយុវជន សម្ដេចតេជោ (TYDA) ដែលផ្ដល់ឱកាសឱ្យនិស្សិតនៅ ស.វ.ស. ទទួលបាននូវបទពិសោធន៍ទាំងជំនាញរឹង និងជំនាញទន់ក្នុងថែទាំព្យាបាលជំងឺជូនប្រជាជនកម្ពុជានៅទូទាំងប្រទេស។
កាន់តែពិសេសទៅទៀតនោះ លោកសាស្ដ្រាចារ្យ បានគោរពថ្លែងអំណរគុណជាអនេកកបការ ជូនលោកជំទាវបណ្ឌិត ដែលក្នុងកាលទេសបច្ចុប្បន្ននេះ បានឆ្លៀតពេលវេលាដ៏សែនមមាញឹករបស់លោក ជំទាវបណ្ឌិត ផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជួបសំណេះសំណាលជាមួយប្អូនៗនិស្សិត ដែលបានទទួលអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចូលរៀនថ្នាក់ វេជ្ជបណ្ឌិតឯកទេសក្នុងឆ្នាំសិក្សាថ្មី២០២៥-២០២៦ នាពេលនេះ៕
























