លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លើកទឹកចិត្តនិស្សិតវេជ្ជបណ្ឌិតឯកទេសជាប់អាហារូបករណ៍ ត្រូវប្តេជ្ញាយកចំណេះវិជ្ជាដែលទទួលបាន ជួយដល់អាយុជីវិតប្រជាពលរដ្ឋ និងបម្រើសង្គមជាតិ (Video inside)

06-02-2026 20:06

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាភិបាល សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានជំរុញលើកទឹកចិត្តដល់និស្សិតវេជ្ជបណ្ឌិតឯកទេសជាប់អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសឆ្នាំទី១ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាលទាំងអស់ ត្រូវប្តេជ្ញាយកចំណេះវិជ្ជាដែលទទួលបានពីការសិក្សារៀនសូត្រ ដើម្បី ជួយដល់អាយុជីវិតប្រជាពលរដ្ឋ និងបម្រើសង្គមជាតិយើង ប្រកបដោយមោទកភាព។

ការលើកទឹកចិត្តរបស់លោកជំទាវបណ្ឌិត ធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយនិស្សិត ដែលទើបទទួលបានអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសឆ្នាំទី១ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងថា «បច្ចុប្បន្នយើងមានមន្ទីរពេទ្យធំៗជាច្រើន ជាមួយនឹងសម្ភារបច្ចេកវិទ្យាទំនើបៗ ប៉ុន្តែយើងនៅខ្វះវេជ្ជបណ្ឌិតឯកទេស ដែលធ្វើឲ្យប៉ៈពាល់ខ្លះដល់ដំណើរការពិនិត្យ និងព្យាបាលអ្នកជំងឺ។ ដូច្នេះខ្ញុំសូមលើកទឹកចិត្តដល់ប្អូនៗដែលជានិស្សិតវេជ្ជបណ្ឌិតឯកទេសជាប់អាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ និងប្តេជ្ញាយកចំណេះវិជ្ជាដែលខ្លួនទទួលបាន ជួយដល់អាយុជីវិតប្រជាពលរដ្ឋ និងបម្រើសង្គមជាតិយើង»

លោកជំទាវបណ្ឌិត បានបន្តថា នៅពេលដែលប្រទេសយើងមានមន្ទីរពេទ្យច្រើន សម្ភារបច្ចេកវិទ្យាទំនើបៗ ព្រមទាំងមានក្រុមគ្រូពេទ្យក៏ដូចជាវេជ្ជបណ្ឌិតឯកទេស ដែលមានសមត្ថភាពខ្ពស់ មានគុណធម៌ សុជីវធម៌ល្អ គ្រប់គ្រាន់តាមតម្រូវការ នោះនឹងធ្វើឱ្យវិស័យសុខាភិបាលកម្ពុជាកាន់តែរីកចម្រើន ជាពិសេសផ្តល់ទំនុកចិត្តកាន់តែខ្លាំងដល់ប្រជាជនក្នុងការប្រើប្រាស់សេវា ពិនិត្យ ព្យាបាលនៅក្នុងស្រុក ជាជាងទៅក្រៅប្រទេសដែលត្រូវចំណាយថវិកាច្រើន។

នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានថ្លែងអំណរគុណប្រទេសបារាំងផងដែរ ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយវិស័យសុខាភិបាលកម្ពុជា ក្នុងការបញ្ជូន និស្សិត ថ្នាក់វេជ្ជបណ្ឌិតឯកទេសមួយចំនួន ទៅធ្វើកម្មសិក្សា នៅតាមមន្ទីរពេទ្យប្រទេសបារាំង រយៈពេល ពី ៦ ខែ ដល់ ២ឆ្នាំ ដើម្បីមានឱកាសរៀនសូត្រទទួលយកបទពិសោធន៍ ធ្វើរោគវិនិច្ឆ័យ ថែទាំព្យាបាល និងបច្ចេកវិទ្យា វេជ្ជសាស្ត្រថ្មីៗបន្ថែមទៀត។

សូមជម្រាបថាចាប់ពីឆ្នាំសិក្សា ២០១៤-២០១៥ មកដល់បច្ចុប្បន្ននេះ ដោយមានការសណ្តោសអំពី សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលបានប្រឡងចូលរៀន ជាប់លេខ១ នៅស.វ.ស ចំនួន ១១ជំនាន់ សរុប៣១៣នាក់ (នារី៩៦នាក់) បានទទួលអាហារូបករណ៍ពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលក្នុងនោះរួមមាន៖ និស្សិតចំនួន ២២៣នាក់ (នារី ៦២នាក់) បានបញ្ចប់ការសិក្សាដោយជោគជ័យ, និស្សិតចំនួន ៨៤នាក់ (នារី ៣៤នាក់) កំពុងសិក្សានៅឆ្នាំសិក្សា២០២៥-២០២៦, និស្សិតចំនួន ០៦នាក់ (នារី ០១នាក់) បោះបង់ការសិក្សា ឬដោយប្តូរឯកទេស ឬប្តូរទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតទូទៅវិញ។

ទន្ទឹមនឹងនោះដែរក្នុងចំណោមនិស្សិតអាហារូបរកណ៍មាននិស្សិត ចំនួន ១០៩នាក់ (ស្រី ៣០នាក់) ទទួលបានឱកាសទៅធ្វើកម្មសិក្សានៅប្រទេសបារាំង៕