វិភាគអន្តរជាតិ៖ ចំណុចសំខាន់គួរដឹងពីការបោះឆ្នោតរបស់ថៃ
06-02-2026 20:28
(បាងកក)៖ យុទ្ធនាការឃោសនាបោះឆ្នោតសកលមុនអាណត្តិនៅក្នុងប្រទេសថៃមានសកម្មភាពកាន់តែខ្លាំងឡើង នៅមុនថ្ងៃបោះឆ្នោតនាថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ដោយគណបក្សនយោបាយនីមួយៗ បានធ្វើការអំពាវនាវចុងក្រោយទៅកាន់អ្នកបោះឆ្នោតដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ។ ប្រជាជនថៃដែលបានចុះឈ្មោះបោះឆ្នោតនឹងត្រូវជ្រើសរើសសមាជិកសភាតំណាងរាស្ត្រ ឬរដ្ឋសភា៥០០រូប ដែលនឹងកំណត់ថាតើថៃនឹងមានរដ្ឋាភិបាលអភិរក្សនិយម ឬសេរីនិយម។ ខាងក្រោមនេះជាចំណុចសំខាន់ៗគួរដឹងពីការបោះឆ្នោតសកលមុនអាណត្តិរបស់ថៃ៖
* ការប្រជែងរវាងគណបក្សកាន់អំណាចអភិរក្សនិយម និងគណបក្សប្រឆាំងមាននិន្នាការសេរីនិយម
យុទ្ធនាការឃោសនារកសំឡេងឆ្នោតបានបង្ហាញថាការបោះឆ្នោតនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះគឺជាការប្រកួតប្រជែងគ្នារវាងគណបក្សធំៗទាំង៣ ហើយការស្ទង់មតិទៀតសោតបានបង្ហាញថាមាន គណបក្សធំ២ ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ នោះគឺគណបក្សកាន់អំណាចភូមិចៃថៃរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul និងគណបក្សប្រជាជនថៃដែល មាននិន្នាការសេរីនិយម និងជាបក្សប្រឆាំងធំជាងគេបំផុតនៅក្នុងប្រទេសថៃ។ «ការបោះឆ្នោតនេះជាឱកាសសម្រាប់ប្រជាជនថៃធ្វើការជ្រើសរើសរវាងកម្លាំងនយោបាយអភិរក្សនិយម ឬក៏ កម្លាំងនយោបាយសេរីនិយម»។ នេះជាការគូសបញ្ជាក់របស់លោក Yuthaporn Issarachai ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយម្នាក់មកពីសាកលវិទ្យាល័យ Sukhothai Thammathirat ប្រាប់សារព័ត៌មាន Nikkei Asia។
គណបក្សប្រជាជនថៃ ឬ People's Party នាំមុខគេនៅក្នុងការស្ទង់មតិ ដោយទទួលបានការគាំទ្រយ៉ាងសម្បើមពីអ្នកបោះឆ្នោតជាក្រុមយុវជនដែលចង់ឱ្យមានការផ្លាស់ប្ដូរ។ ការស្ទង់មតិថ្មីបំផុត ធ្វើឡើងដោយវិទ្យាស្ថានជាតិនៃការអភិវឌ្ឍរដ្ឋបាល ហៅកាត់ថា NIDA បានបង្ហាញថាគណបក្សប្រជាជនថៃទទួលបានសំឡេងគាំទ្រ ៣៤ភាគរយនៃអ្នកដែលត្រូវបានសម្ភាសន៍ ពោលគឺទទួលបាន ការគាំទ្រខ្ពស់ជាងគណបក្សនយោបាយដទៃទៀត។ គណបក្សភូមិចៃថៃក៏កំពុងកើនប្រជាប្រិយភាពដែរតាមរយៈការដុតបញ្ឆេះគំនិតជាតិនិយម ខណៈភាពតានតឹងព្រំដែនជាមួយកម្ពុជាមិនទាន់ត្រូវបាន ដោះស្រាយបញ្ចប់។ គណបក្សមួយនេះបានឈរនៅលេខរៀងទី៣ ក្នុងការបោះឆ្នោតកាលពីអាណត្តិមុនដោយទទួលបានកៅអី ៧១អាសនៈ ប៉ុន្តែបច្ចុប្បន្នមានការរំពឹងថាភូមិចៃថៃអាចនឹងកើន អាសនៈច្រើនជាងនេះ បន្ទាប់ពីមានអ្នកនយោបាយមួយចំនួនចុះចូលជាមួយបក្សកាន់អំណាចមួយនេះ។ ការប្រជែងគ្នារវាងគណបក្សភូមិចៃថៃ និងគណបក្សប្រជាជនថៃ បានបង្ហាញយ៉ាងច្បាស់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ ក្នុងនោះអ្នកនយោបាយជាន់ខ្ពស់ម្នាក់មកពីគណបក្សភូមិចៃថៃ លោកស្រី Supamas Isarabhakdi បាននិយាយអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត កាលពីសប្ដាហ៍មុនថា «ប្រសិនបើអ្នកមិនបោះឆ្នោតឱ្យពួកយើងទេ ពួកគេ (គណបក្សប្រជាជនថៃ) នឹងឈ្នះក្នុងការបោះឆ្នោតយ៉ាងពិតប្រាកដ»។
ដោយឡែក មេដឹកនាំគណបក្សប្រជាជនថៃ លោក Natthaphong Ruengpanyawut បានប្រាប់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថា «យើងចាំបាច់ត្រូវតែឈ្នះសំឡេងភាគច្រើនដើម្បីអាចមានសិទ្ធិ បង្កើតរដ្ឋាភិបាលមួយ»។
* គណបក្សធំមួយទៀត គឺភឿថៃរបស់ត្រកូល Shinawatra
គណបក្សមួយដែលប្រកួតគ្នាយ៉ាងក្ដៅគគុកជាមួយបក្សទាំង២ដែរនោះ គឺគណបក្សភឿថៃគាំទ្រដោយអតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra។ តាមការស្ទង់មតិចុងក្រោយបំផុតរបស់ NIDA គណបក្សភឿថៃទទួលបានការគាំទ្រ ១៦ភាគរយឈរនៅលេខរៀងទី៣។ កាលពីការបោះឆ្នោតសកលកាលពីឆ្នាំ២០២៣ ភឿថៃជាគណបក្សឈ្នះអាសនៈសភាច្រើនលំដាប់លេខរៀងទី២ ហើយ មានឱកាសបង្កើតរដ្ឋាភិបាលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី២រូប គឺលោក Srettha Thavisin និងលោកស្រី Paetongtarn Shinawatra ជាកូនស្រីរបស់លោក Thaksin ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។ ក្នុងពេលនេះ គណបក្សភឿថៃបានតែងតាំងក្មួយប្រុសរបស់លោក Thaksin លោក Yodchanan Wongsawat ជាបេក្ខជននាយករដ្ឋមន្ត្រីលំដាប់ទី១ ដែលនេះជាការបញ្ជាក់ពី ការបន្តឥទ្ធិពលរបស់គ្រួសារ Shinawatra នៅក្នុងគណបក្ស និងសង្ឃឹមថាអាចរក្សាបាននូវប្រជាប្រិយភាពនៃឈ្មោះគ្រួសាររបស់លោក Thaksin។ លោក Yodchanan បានប្រាប់ Nikkei Asia ក្នុងបទសម្ភាសន៍មួយថាគណបក្សរបស់លោកត្រូវការឈ្នះឱ្យបាន ២០០អាសនៈ។ ប៉ុន្តែរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាកាលពីឆ្នាំ២០២៥ ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនបានបង្កការខឹងសម្បារ នៅក្នុងចំណោមប្រជាជនថៃ និងនាំទៅរកការដកតំណែងលោកស្រី Paetongtarn ដែលបានធ្វើឱ្យភឿថៃបាត់បង់ប្រជាប្រិយភាពខ្លាំងគួរសម។ មិនតែប៉ុណ្ណោះ លោក Thaksin ដែលជាទូទៅ គេជឿថាជាអ្នកកាច់ចង្កូតរបស់បក្សមួយនេះសព្វថ្ងៃក៏កំពុងជាប់ឃុំក្នុងពន្ធនាគារទៀតផង។
* កិច្ចចរចាបង្កើតក្រុមចម្រុះក្រោយការបោះឆ្នោត
រយៈពេលនៅបន្ទាប់ពីការបោះឆ្នោតជាពេលវេលាដ៏សំខាន់។ ប្រសិនបើមានគណបក្សណាមួយអាចឈ្នះអាសនៈភាគច្រើន ២៥១អាសនៈ ឬលើសនេះ ពួកគេនឹងមានលទ្ធភាពជ្រើសរើសនាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតមួយនៅរដ្ឋសភា ហើយឈានទៅដល់ការបង្កើតរដ្ឋាភិបាលថ្មី។ ក៏ប៉ុន្តែ ក្រុមអ្នកតាមដានស្ថានការណ៍បោះឆ្នោតថៃបាននិយាយថាសេណារីយ៉ូបែបនេះមានភាគរយតិច ឬសឹងតែមិន អាចទៅរួច។ ពួកគេយល់ថាកិច្ចចរចានៅបន្ទាប់ពីការបោះឆ្នោតទំនងជានឹងត្រូវធ្វើឡើង ដើម្បីកំណត់ថាតើគណបក្សនឹងត្រូវដឹកនាំរដ្ឋាភិបាល ហើយថាតើនរណានឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីថ្មី? នៅប្រទេសថៃ គណបក្សដែលមានអាសនៈច្រើនជាងគេបំផុត មិនប្រាកដថានឹងអាចបង្កើតរដ្ឋាភិបាលដោយស្វ័យប្រវត្តិនោះទេ។
លោក Anutin បាននិយាយថាលោកផ្ទាល់រំពឹងថាគណបក្សភូមិចៃថៃរបស់លោកនឹងឈ្នះអាសនៈបាន ២០០ ហើយលោកនឹងបើកចំហទ្វារធ្វើការជាមួយគណបក្សដទៃដើម្បីបង្កើតក្រុមចម្រុះដែលគេ រំពឹងថាអាចជាការស្វែងរកការគាំទ្រពីក្រុមគណបក្សដទៃដែលមាននិន្នាការអភិរក្សនិយម។ ដូចគ្នានេះដែរ លោក Yodchanan នៃគណបក្សភឿថៃក៏បានកត់សម្គាល់ដែរថា «មិនថាលទ្ធផលបោះឆ្នោត យ៉ាងណានោះទេ ខ្ញុំបើកចំហចាប់ដៃជាមួយគណបក្សដទៃដើម្បីប្រមូលឱ្យបានសំឡេងភាគច្រើនក្នុងការបង្កើតរដ្ឋាភិបាលចម្រុះមួយ»។ ចំណែក គណបក្សប្រជាជនថៃក៏បានបើកចំហចំពោះការបង្កើត ក្រុមចម្រុះដែរ។ «យើងមិនបិទទ្វារនោះទេ។ យើងនឹងព្យាយាមធ្វើឱ្យស្ថានការណ៍មានតុល្យភាពសំដៅឈានទៅរកការបង្កើតរដ្ឋាភិបាលមួយរបស់ប្រជាជនថៃទាំងអស់គ្នា»។ នេះជាការលើកឡើងរបស់ លោក Natthaphong ក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣។
គណបក្សឆ្ពោះទៅមុខ (Move Forward) ដែលជាគណបក្សដើមរបស់គណបក្សប្រជាជនថៃ បានឈ្នះអាសនៈភាគច្រើនក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០២៣ តែបានបរាជ័យក្នុងការបង្កើត រដ្ឋាភិបាល ខណៈកម្មវិធីនយោបាយមួយចំនួនរបស់បក្សនេះក្នុងនោះរួមមានការទទូចឱ្យធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រថៃបានបង្កការព្រួយបារម្ភនៅក្នុងចំណោមកម្លាំងនយោបាយ អភិរក្សនិយម និងក្រុមអ្នកមានភក្ដីភាពចំពោះព្រះមហាក្សត្រថៃដែលនេះបានទុកលទ្ធភាពឱ្យគណបក្សភឿថៃឈរនៅលំដាប់ទី២នៅពេលនោះ បង្កើតរដ្ឋាភិបាល។ ក្រុមអ្នកជំនាញយល់ថាក្រុមគណបក្ស មានទំហំមធ្យមអាចនឹងដើរតួនាទីជាអ្នកសម្រេចចិត្តចុងក្រោយ ឬជាអ្នកសម្រេចថាតើនរណានឹងក្លាយជានាយករដ្ឋមន្ត្រី និងបង្កើតរដ្ឋាភិបាល នៅបន្ទាប់ពីកិច្ចចរចាក្រោយការបោះឆ្នោត។ ក្រុមគណបក្ស ទាំងនោះរួមមានគណបក្សប្រជាធិបតេយ្យ (Democrat Party) ដែលទទួលបានការគាំទ្រឈរនៅលំដាប់លេខរៀងទី៤ ជាមួយសំឡេងគាំទ្រ១៣ភាគរយ ក្នុងការស្ទង់មតិរបស់ NIDA។
ការវិលត្រឡប់មកវិញរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Abhisit Vejjajiva ដែលបានកាន់អំណាចពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ក្នុងនាមជាមេដឹកនាំរបស់គណបក្សប្រជាធិបតេយ្យបានធ្វើឱ្យ មុខមាត់នៃគណបក្សមួយនេះល្អប្រសើរឡើង និងកើនប្រជាប្រិយភាព ជាពិសេសនៅក្នុងទីក្រុងបាងកក និងតំបន់មូលដ្ឋានរបស់ខ្លួននៅភាគខាងត្បូង។ លោក Boonyakiat Karavekphan ជាអ្នកវិភាគនយោបាយម្នាក់មកពីសាកលវិទ្យាល័យ Ramkhamhaeng បាននិយាយថា «ប្រសិនបើគណបក្សភូមិចៃថៃ ឬគណបក្សប្រជាជនថៃមិនអាចឈ្នះបានអាសនៈគ្រប់គ្រាន់ដើម្បីបង្កើត រដ្ឋាភិបាលបានទេ នោះគណបក្សប្រជាធិបតេយ្យអាចនឹងក្លាយជា game-changer ឬអ្នកសម្រេចចុងក្រោយ នៅក្នុងកិច្ចចរចាបង្កើតក្រុមចម្រុះក្រោយការបោះឆ្នោត»៕











