អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត៖ ការវះកាត់ឆ្អឹងកង ក ចំពោះអ្នកជំងឺដែលជួបគ្រោះថ្នាក់ប៉ះទង្គិច ដុំសាច់ ការគៀបសង្កត់ខួរឆ្អឹងកង ក នៅតែជាមូលហេតុឈានមុខគេនៃពិការភាព
06-02-2026 22:43
(ភ្នំពេញ)៖ លោក វូ សុភៈរស្មី អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា ការវះកាត់ឆ្អឹងកង ក ចំពោះអ្នកជំងឺដែលជួបគ្រោះថ្នាក់ប៉ះទង្គិច ដុំសាច់ ការគៀបសង្កត់ខួរឆ្អឹងកង ក នៅតែជាមូលហេតុ ឈានមុខគេនៃពិការភាពនៅទូទាំងពិភពលោកខណៈបញ្ហានេះនៅតែបន្តប៉ះពាល់ដល់គុណភាពជីវិតរបស់មនុស្សរាប់លាននាក់។
ការថ្លែងបែបនេះរបស់លោក ក្នុងឳកាសអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាអន្តរជាតិលើកទី៩ ស្តីពី «ការវះកាត់ឆ្អឹងកងក» ដែលប្រព្រឹត្តទៅនៅសាលសន្នីសីទអគារតេជោសន្តិភាពជាន់ទី៨ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលសហការរៀបចំដោយមន្ទីរពេទ្យកាល់ម៉ែត ជាមួយមន្ទីរពេទ្យ Nagoya Kyaritsu (ណាហ្គោយ៉ា ខ្យារីស៊ូ) នៃប្រទេសជប៉ុន និងសមាគមវះកាត់ប្រព័ន្ធប្រសាទកម្ពុជា។
លោកបានថ្លែងបន្តថា «ក្នុងនាមជាអ្នកជំនាញក្នុងផ្នែកវេជ្ជសាស្ត្រ យើងមានបញ្ហាសុខភាពរបស់អ្នកជំងឺ គឺជាបញ្ហារបស់យើងទាំងអស់គ្នា ដែលមានន័យថាក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញទាំងអស់ត្រូវរួមគ្នាជួយក្នុងការព្យាបាលអ្នកជំងឺរបស់យើងឱ្យបានឆាប់ជាសះស្បើយ និងអស់ពីលទ្ធភាពរបស់យើងទាំងអស់គ្នា។ លើសពីនេះទៅទៀតយើងត្រូវរួមគ្នាប្រយុទ្ធ រួមគ្នាទប់ស្កាត់ប្រឆាំងនឹងជំងឺឆ្លងក៏ដូចជាជំងឺមិនឆ្លង ដើម្បីជួយកសាងសហគមន៍មួយដែលមនុស្សមានអាយុសង្ឃឹមរស់មានរយៈពេលវែងជាងមុន»។
លោកបានបន្តទៀតថា នៅមន្ទីរពេទ្យកាល់ម៉ែត បានផ្តោតការយកចិត្តទុកដាក់ទៅលើការបង្កើត និងអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ ដោយស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការពី បណ្តាអ្នកជំនាញល្បីៗមកពីប្រទេសនានា ជាពិសេសនាថ្ងៃនេះ មានវាគ្មិនអញ្ជើញមកពីប្រទេសជប៉ុន ក្នុងគោលបំណងជំរុញបច្ចេកទេសវះកាត់ឆ្អឹងកង ក ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ សម្រាប់ជាគុណប្រយោជន៍ដល់អ្នកជំងឺ និងសង្គមជាតិរបស់យើង។
ឆ្លៀតក្នុងឱកាសនេះ លោកអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត សូមលើកទឹកចិត្តដល់អ្នកជំនាញពាក់ព័ន្ធជាពិសេស វេជ្ជបណ្ឌិតឯកទេស ដែលអញ្ជើញមកពីមន្ទីរពេទ្យថ្នាក់ជាតិ និងតាមបណ្តាខេត្ត សូមបន្តស្វែងរកបច្ចេកទេសព្យាបាលថ្មីៗបន្ថែមទៀត ដើម្បីជួយទប់ស្កាត់ និងព្យាបាលអ្នកជំងឺឱ្យបានកាន់តែប្រសើរឡើង ស្របទៅនឹងការរីកចម្រើននាពេលបច្ចុប្បន្ន និងទៅអនាគតលើវិស័យវេជ្ជសាស្ដ្រដោយផ្អែកតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច មានចក្ខុវិស័យវែងឆ្ងាយផ្តល់អាទិភាពទៅលើការបង្កើតមូលធនមនុស្ស ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ទៅសុខភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប តាមគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់»។
ជាពិសេសលោក វូ សុភៈរស្មី បានថ្លែងថា ក្នុងនាមតំណាងលោកសាស្ត្រាចារ្យអគ្គនាយកមន្ទីរពេទ្យ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមបើកសិក្ខាសាលាអន្តរជាតិលើកទី៩ ស្តីពី «ការវះកាត់ឆ្អឹងកងក» ដែលជាប្រធានបទដែលនឹងលើកយកមកបង្ហាញនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះអ្នកជំងឺដែលបានបញ្ហាឆ្អឹងកង ក ព្រោះវាអាចជាកត្តាប្រឈមមុខនឹងពិការភាពអស់មួយជីវិត។
លោកបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារផ្នែកវះកាត់ប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យកាល់ម៉ែត សមាគមវះកាត់ប្រព័ន្ធប្រសាទកម្ពុជា និងមន្ទីរពេទ្យ Nagoya Kyaritsu នៃប្រទេសជប៉ុន ដែលបានខិតខំក្នុងការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ រវាងវេជ្ជបណ្ឌិតឯកទេសជំនាញនៃប្រទេសជប៉ុន និងប្រទេសកម្ពុជា ដែលកិច្ចការនឹងជួយពង្រឹងគុណភាពក្នុងការព្យាបាលអ្នកជំងឺ ជាពិសេសអ្នកជំងឺមានបញ្ហាឆ្អឹងកង ក។
ជាទីបញ្ចប់ ក្នុងនាមមន្ទីរពេទ្យកាល់ម៉ែត និងខ្លួនលោកផ្ទាល់ បានថ្លែងអំណរគុណ និងសូមជូនពរ ចំពោះ លោកសាស្ត្រាចារ្យ Prof.Yasutsugu Yukawa (យ៉ាស៊ូស៊ូហ្គូ យូកាវ៉ា), Director of Spine Center, Nagoya Kyaritsu Hospital (ណាហ្គោយ៉ា ខ្យារីស៊ូ) លោកសាស្ត្រាចារ្យជំនួយ ស៊ឹម សុខចាន់ ប្រធានសមាគមវះកាត់ប្រព័ន្ធប្រសាទកម្ពុជា វាគ្មិនអញ្ជើញមកពីប្រទេសជប៉ុន និងប្រទេសកម្ពុជាព្រមទាំងសមាជិក សមាជិកាអង្គប្រជុំ ទាំងមូល សូមបានប្រកបដោយពុទ្ធពរ ទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕




























