ស្លាកស្នាមនៃសង្គ្រាមឈ្លានពាន! ស្ពានថ្មអូរជីក នៅចម្ងាយជិត៨០គីឡូម៉ែត្រ ពីសមរភូមិឈ្លានពានលើកទី២ និងជាសរសៃឈាមបម្រើដល់ជីវិតពលរដ្ឋខ្មែរស្លូតត្រង់រាប់ម៉ឺននាក់ ត្រូវយោធាថៃ ទម្លាក់គ្រាប់បែកMK82 ចំនួន៣គ្រាប់ ផ្តាច់ចរាចរណ៍ទាំងស្រុង (Video inside)

07-02-2026 09:58

(ឧត្តរមានជ័យ)៖ ស្ពានថ្មអូរជីក ស្ថិតក្នុងភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ជាប់ស្រុកស្រីស្នំ ខេត្តសៀមរាប មានចម្ងាយជិត៨០គីឡូម៉ែត្រ ពីសមរភូមិឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា លើកទី២ ត្រូវបានបំផ្លិចបំផ្លាញកាលពីយប់ថ្ងៃទី១៩ រំលងអធ្រាត្រចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ កន្លងមក ដែលបណ្តាលឱ្យខូចខាត និងផ្អាកដំណើរការទាំងស្រុង ដោយទម្ងន់គ្រាប់បែកប្រភេទ MK82 ចំនួន ៣គ្រាប់ ទម្លាក់ពីលើយន្តហោះចម្បាំង F-16។

ដែលចំណុចនេះបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា មិនអាចប្រកែកបាន។ ការប្រើយន្តហោះ F-16 នាំគ្រាប់បែកប្រភេទMK82 មកទម្លាក់លើទីតាំងស៉ីវិលរបស់យោធាថៃ គឺស្ថិតនៅចំណុចមានចែងពីការហាមប្រាមនៅក្នុងច្បាប់អន្តរជាតិ។ ពីព្រោះគ្រាប់បែកធុនធ្ងន់ យោធាប្រើប្រាស់សម្រាប់តែកម្ទេចលើទីតាំងយោធា និងលេណដ្ឋានរឹងមាំតែប៉ុណ្ណោះ។

បើតាមលោក សួន សុផល អភិបាលរងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានបញ្ជាក់អ្នកសារព័ត៌មាននៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ថា ស្ពានថ្មអូរជីក ត្រូវបានរងការវាយប្រហារនៃការទំលាក់គ្រាប់MK82 ពីយន្តហោះF-16 របស់យោធាថៃ កាលពីអំឡុងនៃភ្លើងសង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពជាតិកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ ហើយនេះគឺការរំលោភបំពានដែលមិនអាចទទួលយកបានជាដាច់ខាត។

ការកម្ទេចស្ពានថ្មអូរជី ពីសំណាក់យោធាថៃ គឺជាកាត់ផ្តាច់សរសៃឈាមចរាចរណ៍របស់អ្នកដំណើរឆ្លងកាត់ចេញចូលស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ពីស្រុកស្រីស្នំ ខេត្តសៀមរាប។

លោក ម៉េត មាសភក្តី អភិបាលរង និងអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្រោយយោធាថៃ ទម្លាក់គ្រាប់បែកកាត់ផ្តាច់ស្ពានថ្មអូរជីក បានធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងការធ្វេីចរាចរណ៍ទៅមករបស់សិស្សានុសិស្ស ប្រជាពលរដ្ឋនៅស្រុកចុងកាល់ និងក្រុងសំរោងចំនួន ២៤ ៤៣៣គ្រួសារ ស្មើនឹងមនុស្សជាង ១០ម៉ឺននាក់៕