អង្គការ DYNO បើកព្រឹត្តិការណ៍ «ជិះកង់ដើម្បីសន្តិភាព និងមនុស្សធម៌» ដើម្បីប្រមូលថវិកាជួយដល់ជនភៀសសឹកមានពិការភាព

07-02-2026 13:57

(ភ្នំពេញ)៖ អង្គការបណ្តាញយុវជនមានពិការភាព (DYNO) នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបើកព្រឹត្តិការណ៍ «ជិះកង់ដើម្បីសន្តិភាព និងមនុស្សធម៌» ដើម្បីប្រមូលថវិកាជួយដល់ជនភៀសសឹកមានពិការភាព ចំនួន១០០នាក់ នៅខេត្តព្រះវិហារ។ ដោយមានការចូលរួមពី លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិអង្គការបណ្តាញយុវជនមានពិការភាព (DYNO)តំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងម្ចាស់ឧបត្ថម្ភ ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងសមាជិកគ្រួសារមានពិការភាពជាច្រើននាក់។

នៅក្នុងព្រឹត្តិការណ៍នេះ លោក ងិន សៅរ័ត្ន បានលើកឡើថា អង្គការឌីណូ (DYNO) ត្រូវបានបង្កើតឡើងដោយឈរលើទស្សនវិស័យច្បាស់លាស់មួយ គឺការលើកកម្ពស់សិទ្ធិ សេរីភាព និងសមត្ថភាពរបស់យុវជនមានពិការភាព។ យើងចង់បង្ហាញដល់សង្គមជាតិ និងពិភពលោកថា ពិការភាពកាយសម្បទា មិនមែនជាឧបសគ្គដល់ការចូលរួមចំណែកកសាងសង្គមនោះឡើយ។

លោក ងិន សៅរ័ត្ន បានបន្ដថា ផ្ទុយទៅវិញ យុវជនមានពិការភាពគឺជាធនធានដ៏មានសក្តានុពល និងជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញនូវចលនាសន្តិភាព និងការអភិវឌ្ឍ។ ព្រឹត្តិការណ៍ដែលយើងកំពុងរៀបចំនាពេលនេះ មានអត្ថន័យលើសពីការជិះកង់កម្សាន្ត ឬការហាត់ប្រាណ។ វាគឺជាការបង្ហាញនូវឆន្ទៈរួមគ្នា ក្រោមទស្សនទាន «សន្តិភាពគឺជាគ្រឹះនៃការអភិវឌ្ឍ»។

លោកបានបន្ដទៀតថា បើគ្មានសន្តិភាពពេញលេញដូចសព្វថ្ងៃនេះទេ យើងក៏គ្មានឱកាសមកជួបជុំគ្នា គ្មានឱកាសសិក្សារៀនសូត្រ និងគ្មានឱកាសដើរហើរដោយសេរីនោះដែរ។ សម្រាប់ជនមានពិការភាព សន្តិភាពគឺជាដង្ហើម និងជាក្តីសង្ឃឹមតែមួយគត់ដែលអនុញ្ញាតឱ្យយើងរស់នៅដោយមានសេចក្តីថ្លៃថ្នូរ។ ខណៈពេលដែលយើងកំពុងមានវត្តមាននៅទីនេះ យើងមិនត្រូវភ្លេចឡើយនូវបងប្អូនរួមឈាមរបស់យើងដែលកំពុងរស់នៅក្នុងស្ថានភាពលំបាក។ គោលដៅចម្បងនៃយុទ្ធនាការនាព្រឹកនេះ គឺដើម្បីកៀរគរថវិកា និងសម្ភារៈឧបត្ថម្ភជួយដល់គ្រួសារមានពិការភាពចំនួន ១០០ គ្រួសារ ដែលកំពុងរស់នៅ និងផ្លាស់ទីលំនៅដោយសារផលវិបាកនៃសង្គ្រាមក្នុងខេត្តព្រះវិហារ។

សង្គ្រាមបានបញ្ចប់មែន ប៉ុន្តែផលវិបាករបស់វា ជាពិសេសគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតែបន្តយាយីដល់ជីវភាព និងសុវត្ថិភាពរបស់បងប្អូនយើងនៅតាមព្រំដែន។ ការផ្លាស់ទីលំនៅឆ្ងាយពីជម្រកចាស់ ជាមួយនឹងពិការភាពជាប់ខ្លួន គឺជាបន្ទុកដ៏ធ្ងន់ធ្ងរដែលពួកគេកំពុងប្រឈមជារៀងរាល់ថ្ងៃ។ ថវិកាដែលបានមកពីការចូលរួមរបស់បងប្អូននាថ្ងៃនេះ នឹងត្រូវប្រើប្រាស់ដោយតម្លាភាពបំផុត ដើម្បីផ្តល់ជាស្បៀងអាហារ ថ្នាំសង្កូវ និងការគាំទ្រផ្នែកជីវភាព ជូនដល់បងប្អូនយើងទាំង ១០០ គ្រួសារនោះ។

ទន្ទឹមនឹងនេះ លោក ងិន សៅរ័ត្ន បានបន្ថែមថា ដើម្បីធ្វើការតស៊ូមតិ និងអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យបន្តគោរពតាមអនុសញ្ញាអូតាវ៉ា និងអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព (UNCRPD)។ លោកក៏សូមអំពាវនាវឱ្យមានការបញ្ឈប់ទាំងស្រុងនូវការប្រើប្រាស់គ្រាប់បែកចង្កោម (Cluster Bomb) ដែលជាអាវុធមហាប្រល័យបង្កមហន្តរាយដល់ជនស៊ីវិល និងបន្សល់ទុកនូវពិការភាពដល់មនុស្សជាតិជាច្រើនជំនាន់។
ភាពជោគជ័យនៃព្រឹត្តិការណ៍នេះ មិនអាចកើតឡើងបានឡើយ ប្រសិនបើគ្មានការគាំទ្រ និងការជឿជាក់ពីគ្រប់មជ្ឈដ្ឋាន។

ការចូលរួមព្រឹត្តិការណ៍ «ជិះកង់ដើម្បីសន្តិភាព និងមនុស្សធម៌» គឺជាសក្ខីភាពបញ្ជាក់ថា «ខ្មែរជួយខ្មែរ» និង «ខ្មែរស្រឡាញ់សន្តិភាព»។ ការជិះកង់ និងការជិះរទេះនាពេលបន្តិចទៀតនេះ គឺជាចលនានៃមេត្តាធម៌ ដែលនាំទៅរកការផ្លាស់ប្តូរជីវិតរបស់ បងប្អូនជនពិការនៅខេត្តព្រះវិហារ៕