លើកកម្ពស់ផលិតកម្មកម្ពុជា និងផ្សព្វផ្សាយពីវប្បធម៌ចិន, ការតាំងពិព័រណ៍វប្បធម៌ចិន-កម្ពុជា ចាប់ផ្តើមហើយនៅចុងសប្តាហ៍នេះ

07-02-2026 14:00

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ពិព័រណ៍ចម្រុះវប្បធម៌ចិន-កម្ពុជា បានចាប់ផ្ដើមបើកជាផ្លួវការហើយឦនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមការអញ្ជើញចូលរួមជាអធិបតីពីលោក លីវ ចោវ ស៊ីង(Liu Zhaoxing) កុងស៊ុលមកពីស្ថានទូតចិន ប្រចាំកម្ពុជា ឧកញ៉ា ដួង តិច អនុប្រធានសមាគមសម្ព័ន្ធខ្មែរនៅកម្ពុជា និងជាប្រធានក្រុមយុវជន នៃសមាគមសម្ព័ន្ធខ្មែរ នៅកម្ពុជា អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានក្រុមយុវជន នៃសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា និងជាប្រធានសហព័ន្ធអ្នកវិនិយោគនៅកម្ពុជា និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

អ្នកឧកញ៉ា លី ឃុនថៃ នៅកម្ពុជា បានឲ្យថា ការរៀបចំព្រឹត្ដិការណ៍នេះមិនត្រឹមតែដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិនដែលខិតជិតមកដល់ និងដើម្បីបង្ហាញពីចំណងមិត្តភាព «ដែកថែប» ដ៏រឹងមាំរវាងកម្ពុជា និងចិន នោះទេ ប៉ុន្ដែក៏មានគោលដៅធំមួយទៀតគឺការលើកតម្កើង «ផលិតផលខ្មែរ និងស្នាដៃកូនខ្មែរ» ដើម្បីបង្ហាញថាអ្វីដែលជាស្នាដៃខ្មែរ គឺមានគុណភាព និងអាចធ្វើបាន។

ក្នុងនោះអ្នកឧកញ៉ា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កូនចៅខ្មែរ-ចិន ក៏ដូចជាអ្នកវិនិយោគនានា ឱ្យមកចូលរួមទស្សនាព្រឹត្ដិការណ៍ខាងលើនេះឱ្យបានច្រើនកុះករ ដើម្បីស្វែងយល់ពីការចែករំលែកវប្បធម៌រវាងប្រជាជាតិទាំងពីរផងដែរ។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ពិព័រណ៍ចម្រុះវប្បធម៏ចិន-កម្ពុជារៀបចំឡើងដោយ ក្រុមយុវជន នៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ការតាំងពិព័រណ៏នេះបើកឱ្យសាធារណជនទាំងអស់ ចូលរួមកម្សាន្តដោយសេរី និងឥតគិតថ្លៃ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា នៅមុខបុរីរុងរឿង វិថីរុងរឿង១ សង្កាត់ព្រៃកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាំងពិព័រណ៍វប្បធម៌ចិន-កម្ពុជា មានស្តង់ពិព័រណ៍ជាង ១២០ស្តង់ ដែលបានដាក់តាំងបង្ហាញពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុននានា រួមទាំងស្តង់ម្ហូបអាហារខ្មែរ-ចិន ហើយក៏មានការសម្ដែងវប្បធម៌ចិន-កម្ពុជា ដូចជាមានសម្តែងក្បាច់គុន ការប្រគុំតន្ត្រី ល្ខោនខ្មែរ ព្រមទាំងឧបករណ៍ភ្លេងខ្មែរ-ចិនជាដើម ផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ជាពិសេសស្វែងយល់អំពីទំនាក់ទំនងមិត្តភាព ដ៏ស្អិតល្មួតរវាងកម្ពុជា-ចិន និងវប្បធម៌ប្រទេសទាំងពីរផងដែរ៕