បញ្ហាដីធ្លីរបស់កងទ័ពជួរមុខម្នាក់ នៅស្រុកទឹកឈូ ខេត្តកំពត ត្រូវបានដោះស្រាយបញ្ចប់, ក្រុមគ្រួសារថ្លែងអំណរគុណឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ និងអាជ្ញាធរខេត្ត

07-02-2026 14:35

(កំពត)៖ បញ្ហាដីធ្លីរបស់កងទ័ពជួរមុខម្នាក់ នៅភូមិក្រាំង ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ដែលត្រូវបានអ្នកដទៃរំលោភបំពាននោះ បានដោះស្រាយបញ្ចប់រួចរាល់ហើយ ក្រោមការចង្អុលបង្ហាញពីសំណាក់ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីររៀបចំដែនដីខេត្តកំពត នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ក្រោយទទួលដំណឹងភ្លាម មន្ទីរជំនាញបានសហការជាមួយអាជ្ញាធររដ្ឋបាលស្រុកទឹកឈូ ចុះពិនិត្យផ្ទៀងផ្ទាត់ចំណុចនិយាមកាតាមប្លង់ឃើញថា ពិតជាមានសំណង់របស់អ្នកដទៃបានសាងសង់ នៅលើទីតាំងដីនោះពិតប្រាកដមែន (ដូចមានក្នុងរូបភាព)។

យោងតាមការស្រាវជ្រាវបានបញ្ជាក់ថា មូលហេតុនេះ គឺកើតមានកំហុសឆ្គងរវាងអ្នកកាន់កាប់ដីឡូតិ៍ កាន់កាប់ខុសប្លង់តៗគ្នាពីមុនមក ដោយម្ចាស់ដីឡូតិ៍មិនបានស្នើសុំមន្ត្រីជំនាញបច្ចេកទេស សុរិយោដី មកកំណត់ និងបោះបង្គោលព្រំនៃក្បាលដីនីមួយៗតាមប្លង់នៅឡើយ ដោយចូលទៅកាន់កាប់ដីឡូតិ៍ តាមការចង្អុលបង្ហាញពីភាគីម្ចាស់ដីឡូតិ៍ដែលបានលក់ឲ្យ។

ករណីនេះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត និងអាជ្ញាធរមូលដ្ឋាន នឹងអញ្ជើញអ្នកពាក់ព័ន្ធ មកធ្វើការសម្របសម្រួល ដោះស្រាយឲ្យចប់សព្វគ្រប់ជូនម្ចាស់បណ្ដឹង និងអ្នកពាក់ព័ន្ធផ្សេងៗ ទៀតទៅតាមនីតិវិធីច្បាប់ក្នុងពេលឆាប់ៗនេះ។

ជាមួយគ្នានេះ ក្រុមគ្រួសារក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងអាជ្ញាធរ និងមន្រ្តីជំនាញសូរិយោដីខេត្ត ដែលបានខិតខំប្រឹងប្រែងដោះស្រាយលើបញ្ហានេះ៕