បណ្ឌិត កៅ ថាច៖ កត្តាដែលធ្វើឲ្យខ្មែរខ្លាំង គឺការរួបរួមជាតិ សាមគ្គីភាពជាតិ ស្នេហាជាតិ និងឯកភាពជាតិ
07-02-2026 14:38
(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានចូលរួមជាអធិបតីភាព និងចែករំលែកទស្សននិងអត្ថន័យ ខ្មែរ ត្រូវតែខ្លាំង ក្នុងសិក្ខាសាលាយុទ្ធនាការខ្មែរត្រូវតែខ្លាំង ដែលរៀបចំឡើងដោយវិទ្យាស្ថាន ស៊ីអ៉ីអូ ដោយមានការចូលរួមពីម្ចាស់សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ សមាគម និងស្ថាប័នអប់រំ ប្រមាណជា ៥០០រូប។
ក្នុងឱកាសនៃយុទ្ធនាការ ខ្មែរត្រូវតែខ្លាំងនេះ បណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា ខ្មែរត្រូវតែខ្លាំង គឺជាអ្វីដែលប្រជាជនខ្មែរគ្រប់រូបចង់បាន ក្នុងកាលៈទេសៈដ៏ផុយស្រួយនៃស្ថានភាពសេដ្ឋកិច្ច និងភាពតានតឹងនៃស្ថានភាពភូមិសាស្រ្តនយោបាយក្នុងតំបន់ និងសកល។
លោកបណ្ឌិតក៏បានសង្កត់ធ្ងន់អំពី កត្តាដែលធ្វើឲ្យខ្មែរខ្លាំង គឺការរួបរួមជាតិ សាមគ្គីភាពជាតិ ស្នេហាជាតិ និងឯកភាពជាតិ តាមរយ:ការចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ឲ្យមានប្រសិទ្ធភាពខ្ពស់ ពីគ្រប់តួអង្គ និងវិស័យ ពិសេសការចូលរួមធ្វើការរួមគ្នាពីវិស័យឯកជន។
បន្ថែមពីនេះ, ការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព និងគុណតម្លៃ រួមបញ្ចូលទាំង ជំនាញទន់ ជំនាញរឹង សីលធម៌ គុណធម៌ និងចរិយាធម៌ ក៏ជាកត្តាមិនអាចខ្វះបានក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង សំដៅជម្រុញឱ្យប្រជាជាតិខ្មែរខ្លាំង៕














