មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា អញ្ជើញសំណេះសំណាលជាមួយយុវជនគណបក្សទូទាំងខេត្តកំពង់ចាម

07-02-2026 14:49

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកចំការលើ បានប្រារព្ធពិធីសំណេះសំណាលជាមួយយុវជនគណបក្សទូទាំងខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល និងលោក កែវ រតនៈ អនុប្រធានអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល និងលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មការគណបក្សខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា តាមរយៈជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សប្រជាជន នៅក្នុងការបោះឆ្នោតកន្លងមក ទាំងការបោះឆ្នោតថ្នាក់ជាតិ ទាំងការបោះឆ្នោតថ្នាក់ក្រោមជាតិឆ្នាំ២០២២-២០២៣ បានបង្ហាញច្បាស់ថា ប្រជាជនស្រឡាញ់គាំទ្រ និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការការពារជាតិ ការថែរក្សាសន្តិភាពការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកស្ទួយជីវភាពរបស់ប្រជាជន។

បច្ចុប្បន្ន ជួរអ្នកដឹកនាំបន្តវេនវ័យក្មេងកំពុងបំពេញភារកិច្ច ដែលគណបក្សបានប្រគល់ជូនប្រកបដោយការប្ដេជ្ញាខ្ពស់ ភាពជឿជាក់ និងសាមគ្គីភាពសម្រេចបានសមិទ្ធផលធំៗថ្មីៗប្រកបដោយមោទនភាព ជាមួយនឹងការគាំទ្រខាងស្មារតីដ៏រឹងមាំពីសំណាក់ សម្ដេចតេជោប្រធានគណបក្ស និងថ្នាក់ដឹកនាំជំនាន់មុន។ លើមូលដ្ឋាននេះ ធ្វើឱ្យសង្គមជាតិមានស្ថិរភាព និងការឯកភាពខ្ពស់ទោះបីត្រូវប្រឈមមុខចំពោះឧបសគ្គ និងការលំបាកយ៉ាងណាក្តី។

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានយកឱកាសនោះកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទាំងឡាយដែលគណៈកម្មការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម សម្រេចបាននាពេលកន្លងមកនេះ ក្រោមការដឹកនាំ របស់លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មការគណបក្សខេត្ត រួមជាមួយលោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិក សមាជិការ គណបក្សខេត្ត ជាពិសេសការចូលរួមចំណែកយ៉ាងសំខាន់របស់យុវជនគណបក្ស គ្រប់ថ្នាក់ គ្រប់ផ្នែកទូទាំងខេត្តកំពង់ចាម។

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានបញ្ជាក់ថា «គោលបំណងពិតដែលយើងជួបជុំគ្នាថ្ងៃនេះ គឺដើម្បីចង់ដឹង ចង់ស្ដាប់នូវមតិយោបល់ ដើម្បីស្ថាបនា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី និងការចូលរួមកសាងអភិវឌ្ឍន៍ប្រទេសដើម្បីឱ្យកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀតក្រោមការដឹកនាំរបស់សម្ដេចតេជោ ប្រធានគណបក្ស និងសម្ដេចធិបតីនាយករដ្ឋមន្ត្រី នៃយើង»