អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៩នាក់ទៅតុលាការ ពាក់ព័ន្ធករណីលួច, សមគំនិតក្នុងអំពើលួច, ទទួលផលចោរកម្ម និងប្រើប្រាស់គ្រឿងញៀន

07-02-2026 14:58

(បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ យ៉ាន សុផាន់នី ភេទស្រី អាយុ២០ឆ្នាំ ស្តីពីករណីបាត់ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ពាក់ផ្លាកលេខបន្ទាយមានជ័យ1AE-1844 នៅចំណុចមណ្ឌល៦ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីបានទទួលពាក្យបណ្តឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន២នាក់ រួមមាន៖ ១៖ ឈ្មោះ ទុយ ទិត្យ ហៅឡូយ ភេទប្រុស អាយុ២១ឆ្នាំ, ២៖ ឈ្មោះ អ៊ី ថាត់ ហៅវីត ភេទប្រុស អាយុ២១ឆ្នាំ រួមទាំងដកហូតវត្ថុតាង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។

បន្ទាប់ពីធ្វើការស្ដាប់ចម្លើយសារភាព កម្លាំងជំនាញក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានបន្ដស្រាវជ្រាវរកបក្ខពួកដែលទទួលទិញ លក់ម៉ូតូ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចសង្កាត់ទឹកថ្លា និងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ហើយឃាត់ខ្លួនបក្ខពួកជនសង្ស័យជាបន្ដបន្ទាប់ បានចំនួន២នាក់បន្ថែមទៀត ១៖ឈ្មោះ សុខ វិសាល ភេទប្រុស អាយុ២១ឆ្នាំ (មុខសញ្ញាចាស់), ២៖ឈ្មោះ យឿត សំណាង ភេទប្រុស អាយុ២១ឆ្នាំ ជាបក្ខពួកយ៉ាងសកម្មយកម៉ូតូលក់បន្ដ ឲ្យក្រុមជនសង្ស័យមួយក្រុមទៀតនៅខេត្តប៉ៃលិន។

ជាមួយគ្នានោះកម្លាំងជំនាញ បានបន្ដវិធានការស្រាវជ្រាវ បន្ដឃាត់ខ្លួនជនសង្ស័យបក្ខពួកចំនួន២នាក់ទៀត ឈ្មោះ ទឹម តុលា ភេទប្រុស អាយុ២៥ឆ្នាំ និងឈ្មោះ កែវ ថាវី ហៅគួក ភេទប្រុស អាយុ២៥ឆ្នាំ នៅចំណុចផ្លូវមាត់ស្ទឹង ស្ថិតនៅភូមិនាងកេត ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ បន្ទាប់មកកម្លាំងជំនាញសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា បានបន្ដស្រាវជ្រាវរកបក្ខពួកដែលទទួលទិញ-លក់ម៉ូតូ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិថ្នល់កែង ឃុំអូរអណ្ដូង និងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឃាត់ខ្លួនអ្នកដែលទទួលទិញម៉ូតូពីឈ្មោះ កែវ ថាវី ជាបន្ដបន្ទាប់ បានសរុបចំនួន៣នាក់ទៀត ១៖ ឈ្មោះ ចម ចិន ភេទប្រុស អាយុ២៧ឆ្នាំ, ២៖ ឈ្មោះ ជុន ពិសី ភេទប្រុស អាយុ២៩ឆ្នាំ និង៣៖ ឈ្មោះ ហេង ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ រួមទាំងវត្ថុតាង ហើយនាំមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។

ចំណែកវត្ថុតាងចាប់យករួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ផ្លាកលេខបន្ទាយមានជ័យ 1AE-1844 ចំនួន១គ្រឿង (ប្រគល់ជូនជនរងគ្រោះវិញ)។ ដោយឡែកម៉ូតូ៤គ្រឿងទៀត និងផ្លាកលេខម៉ូតូភ្នំពេញ1JN-6647 ចំនួន១សន្លឹក ត្រូវបានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕