វិស័យឯកជនកម្ពុជារួមគ្នាដាក់ចេញ «យុទ្ធនាការខ្មែរត្រូវតែខ្លាំង» ដោយប្តេជ្ញាកសាងកម្លាំងទ័ពសេដ្ឋកិច្ច
07-02-2026 15:36
(ភ្នំពេញ)៖ ក្នុងបរិបទដែលពិភពលោក មានការប្រែប្រួលយ៉ាងឆាប់រហ័ស និងប្រកួតប្រជែងកាន់តែខ្លាំងនោះ វិស័យឯកជនកម្ពុជា បានរួមគ្នាដាក់ចេញ «យុទ្ធនាការខ្មែរត្រូវតែខ្លាំង» ជាមួយនឹងការប្តេជ្ញាចិត្តកសាង «កម្លាំងទ័ពសេដ្ឋកិច្ច» ដើម្បីជាការរួមចំណែកជួយដល់រាជរដ្ឋាភិបាល និងប្រទេសជាតិដែលកំពុងប្រឈមនឹងការឈ្លានពាន។
យុទ្ធនាការនេះត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោមគំនិតផ្តួចផ្តើមដោយវិទ្យាស្ថានស៊ីអ៉ីអូ និងមានការចូលរួមពីវិស័យឯកជនជាង៥០០នាក់។ វាគ្មិនល្បីៗច្រើនជាង១០រូប បានបង្ហាញចែករំលែកទស្សនៈ មតិយោបល់ ដោយលើកឡើងអំពីចំណុចខ្លាំង និងខ្សោយ ដើម្បីជួយពង្រឹងវិស័យឯកជនកម្ពុជា។
លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកកម្ម បានបញ្ជាក់ឱ្យដឹងថា «ខ្មែរត្រូវតែខ្លាំង» ជាបំណងប្រាថ្នារបស់ប្រជាជនខ្មែរទូទាំងប្រទេស និងគ្មាននណាមិនចង់ឱ្យខ្មែរខ្លាំងក្រៅពីខ្មែរនោះទេ ហើយការកសាងជាតិខ្មែរឱ្យខ្លាំង ត្រូវពឹងលើចំនុចខ្លាំងគ្រប់វិស័យ ហើយអ្វីដែលសំខាន់នោះគឺការសាមគ្គីជាតិ ដែលជាកម្លាំងមួយដ៏ធំ ដែលធ្វើឱ្យខ្មែរកាន់តែខ្លាំង។ លោកថា បើយើងខ្វះសាមគ្គីជាតិ មិនអាចធ្វើឱ្យយើងខ្លាំងបាននោះទេ នៅពេលដែលខ្មែរបែកបាក់ នឹងធ្វើឱ្យខ្មែរខ្សោយ និងកម្លាំងសេដ្ឋកិច្ចធ្លាក់ចុះដូចគ្នា។
លោកបណ្ឌិតបានបន្ថែមថា ដើម្បីឱ្យខ្មែរមានសាមគ្គីជាតិ គឺអាស្រ័យទៅលើកត្តាជាច្រើន ដូចជាកត្តារដ្ឋាភិបាល កត្តាប្រជាជន និងកត្តាផ្សេងៗជាច្រើនទៀត ហើយក្នុងនោះមានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលជាផែនទីចង្អុលផ្លូវពិតប្រាកដ ដែលនាំឱ្យខ្មែរខ្លាំងបាន។
លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្ធី និងជាទីប្រឹក្សាជាន់ខ្ពស់សមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានឱ្យដឹងដែរថា ដើម្បីឱ្យខ្មែរខ្លាំងបាន យើងត្រូវរកចំណុចខ្លាំងរៀងៗខ្លួន ហើយប្រទេសកម្ពុជា និងជនរួមជាតិ គឺដល់ពេលត្រូវប្តូរផ្នត់គំនិត ដោយទទួលស្គាល់ជាសំខាន់ទៅលើវិស័យអប់រំ ទទួលស្គាល់អ្នកចេះដឹង និងឈានដល់ការបណ្តុះបណ្តាញមនុស្សឱ្យមានសមត្ថភាពកាន់តែច្រើន ហើយប្រជាពលរដ្ឋបានរៀនសូត្រឱ្យបានកាន់តែខ្ពស់ ដែលនោះហើយ នឹងធ្វើឱ្យខ្មែរយើងខ្លាំងបាន។
ធម្មទានាចារ្យ កឹម អឿន នាយកប្រតិបត្តិ នៃវិទ្យាស្ថានស៊ីអ៉ីអូ លើកឡើងថា ការបង្កើតយុទ្ធនាការខ្មែរត្រូវតែខ្លាំង គឺមានអត្ថប្រយោជន៍ណាស់ ដើម្បីឱ្យកងទ័ពដែលជាកំលាំងប្រយុទ្ធលើផ្នែកសេដ្ឋកិច្ចត្រូវតែរឹងមាំ ព្រោះវិស័យឯកជន ដែលធ្វើធុរកិច្ចគឺជាឆ្អឹងខ្នងនៃប្រទេសជាតិ ក្នុងនោះប្រសិនវិស័យឯកជនមិនរឹងមាំ ប្រទេសជាតិក៏មិនអាចរឹងមាំផងដែរ។ បញ្ហានេះលោកក៏បានអំពាវនាវដល់សហគ្រិន និងអ្នកធ្វើធុរកិច្ចទាំងអស់ សូមប្រែក្លាយខ្លួនជាអ្នកចម្បាំងសេដ្ឋកិច្ចឱ្យបានខ្លាំងក្លា និងប្រកាន់ខ្ជាប់នូវសរសេរទ្រូងទាំង៣ រួមមាន៖ រួបរួម (ឈប់ប្រកួតប្រជែងស្លាប់រស់ រវាងខ្មែរនិងខ្មែរ និងត្រូវកាន់ដៃគ្នា ប្រសិនយើងបែកបាក់គឺជាឱកាសរបស់សត្រូវ), ស្តង់ដារ (យើងត្រូវជំរុញអនុវត្តតាមស្តង់ដារដើម្បីខ្មែរខ្លាំង) និងសមត្ថភាព (យើងត្រូវតែពូកែ និងមានសមត្ថភាពក្នុងស្វែងរកថវិកា តាមរយៈការធ្វើអាជីវកម្ម)។
ចំណែក លោកបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអ៉ីអូ លើកឡើងផងដែរថា ជុំវិញស្តង់ដារនេះ ពិតជាមានសារៈសំខាន់ណាស់ ការអនុត្តតាមស្តង់ដារបានត្រឹមត្រូវ គឺបានបង្កើននូវទំនុកចិត្ត ការបង្កើតនូវប្រសិទ្ធភាពក្នុងការធ្វើអាជីវកម្ម និងពង្រីកខ្សែច្រវាក់ ផលិតកម្មឱ្យកាន់តែធំ ក្នុងនោះប្រសិនការធ្វើអាជីវកម្មគ្មានស្តង់ដារ យើងគឺជាអ្នកជាប់ទោសក្នុងអាជីវកម្ម។ លោកបានអំពាវនាវឱ្យវិស័យឯកជនរួមគ្នាដើម្បីជួយដល់រាជរដ្ឋាភិបាល ជួយដល់ប្រទេសជាតិ ដើម្បីឱ្យកម្ពុជាខ្លាំងយ៉ាងឆាប់រហ័សនៅពេលខាងមុខ៕

























