អភិបាលខេត្តរតនគិរី ចូលរួមកម្មវិធីបោសផ្កាទុរេន បង្កាត់ពូជកេសរញី-កេសរឈ្មោល បង្កើនទិន្នផលនៅស្រុកលំផាត់, ម្ចាស់ចំការរំពឹងថា ឆ្នាំ២០២៦ ទទួលទិន្នផលខ្ពស់ជាងឆ្នាំមុន
07-02-2026 15:38
(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី ដឹកនាំសហការី នាល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ អញ្ជើញចូលរួមកម្មវិធីបោសផ្កាទុរេន បង្កាត់ពូជកេសរញី-កេសរឈ្មោល នៅភូមិសេអិល ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី, ខណៈម្ចាស់ចំការរំពឹងថា ឆ្នាំ២០២៦ទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុន។
លោក គឹម រស្មី ម្ចាស់ចំការទុរេនខាងលើ បានថ្លែងឲ្យដឹងថា គាត់ប្រកបរបរនេះ មានរយៈពេល៨ឆ្នាំមកហើយ, ទុរេនបានផ្លែចាប់ពីឆ្នាំទី៤ឡើង, ហើយការប្រមូលផលកើនឡើងបន្តិចម្តងៗពីមួយឆ្នាំទៅមួយឆ្នាំ។
លោក គឹម រស្មី បន្តថា ផ្ទៃដីដាំទុរេនមានជាង៣០ហិកតា ប្រើប្រាស់កម្មករជាង៣០នាក់ (មានមេការ) ផ្តល់ប្រាក់ខែឲ្យពួកគាត់ចាប់១.១លានរៀល-១.២លានរៀល, ហើយគាត់គ្មានជំនាញខាងកសិកម្មទេ ប៉ុន្តែស្រលាញ់វិស័យនេះ ដោយរំពឹងថាឆ្នាំ២០២៦នេះ ទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុនពោលគឺកាលពីឆ្នាំ២០២៥ គាត់ប្រមូលទិន្នផលបានប្រមាណ៤០០តោន។
បើតាមអ្នកបច្ចេកទេសប្រាប់ឲ្យដឹងថា ការថែទាំទុរេនដើម្បីទទួលទិន្នផលខ្ពស់ វាមានច្រើនដំណាក់កាលដូចជាការថែទាំផ្កា, ថែទាំសុខភាពដើម, ការប្រើប្រាស់ជីតាមស្តង់ដាតាមអាយុកាលដើមទុរេន។ លោកបន្តថា កម្មវិធីបោសផ្កាទុរេនបង្កាត់ពូជ គឺជាការបំពេញបច្ចេកទេសបន្ថែមពីការបង្កាត់ពូជបែបធម្មជាតិ និងវិទ្យាសាស្ត្រ(កេសរញី-កេសរឈ្មោលរកគ្នា)ដើម្បីទទួលទិន្នផលខ្ពស់។
លោកបន្ថែមទៀតថា ការបង្កាត់ពូជបែបវិទ្យាសាស្ត្រនេះ គឺមានរយៈពេលតែ២ម៉ោងទេ ពោលចាប់ពី (ម៉ោង-ម៉ោង៩យប់) ចំពោះការទទួលផលពីដំណាំទុរេន មានរយៈពេល៦ខែ ស្មើនឹង១៨០ថ្ងៃ គឺចាប់ពីទុរេនចេញផ្កា រហូតដល់ទុរេនប្រមូលផល, រីឯពូជទុរេនដែលដាំនៅខេត្តរតនគិរី មានដូចជាប្រភេទម៉ាន់ថង,មូស៊ឹងឃីង,ទុរេនដូនតា,អឺខាក់,រី៦,កាន់យ៉ាវជាដើមប៉ុន្តែតម្រូវទីផ្សារច្រើនមានប្រភេទម៉ាន់ថង,ម៉ូស៊ឹងឃីង។
ចំណែកឯប្អូនប្រុស ដាង វណ្ណជា មេការកម្មករក្នុងចំការទុរេន គឹម រស្មី ប្រាប់ឲ្យដឹងថា រូបគេធ្វើការទីនេះមានរយៈពេល៤ឆ្នាំមកហើយ ដោយទទួលបានក្នុង១ខែ ចំនួន១.២លានរៀលពេលបុណ្យទានមានថ្ងៃឈប់សម្រាក,ពេលឈឺស្កាត់ម្តងៗម្ចាស់ចំការចិត្តល្អជួយចេញលុយថ្លៃព្យាបាលថែមទៀត។
ប្អូនប្រុសបន្តថា ម្ចាស់ចំការទុរេនខាងលើ គឺយកអាសារបងប្អូនកម្មករទាំងអស់ ដូចក្រុមគ្រួសារគាត់ផ្តល់ភាពកក់ក្តៅគ្រប់ៗគ្នា ពោលគឺបងប្អូនយើងទាំងអស់គ្នាមានសុខភាពទាំងផ្លូវកាយ, ផ្លូវចិត្តហើយឆ្នាំ២០២៦ ទុរេនបានទិន្នផលខ្ពស់ជាងឆ្នាំ២០២៥ ពួកគាត់សង្ឃឹមថា ម្ចាស់ចំការឲ្យរង្វាន់បន្ថែមផងដែរ។
ក្នុងកម្មវិធីបោសផ្កាទុរេនបង្កាត់ពូជកេសរញី-កេសរឈ្មោលនៅល្ងាចថ្ងៃដដែល ក៏មានរៀបចំបាយសាមគ្គីដែលផ្តួចផ្តើមដោយម្ចាស់ចំការទុរេនគឹមរស្មី, ក្រុមហ៊ុនជីថ្នាំអង្គរហ្គ្រីន, ក្រុមហ៊ុនសេះបង្កង់ ជូនម្ចាស់ចំការទុរេនមកពីខេត្តកំពត,បែកអន្លូង(កំពង់ចាម), សំឡូត(បាត់ដំបង)និងអូរសោម(ពោធិ៍សាត់) និងភ្ញៀវកិត្តិយសមួយចំនួនក្នុងខេត្តរតនគិរី ព្រមទាំងមានការឧបត្ថម្ភថវិកា ពីលោកញ៉ែម សំអឿនអភិបាលខេត្តរតនគិរី និងលោកស្រីចំនួន៥លានរៀលផងដែរ៕















