លោកស្រីបណ្ឌិត បាន ស្រីមុំ ត្រូវបានប្រកាសតែងតាំងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តប៉ៃលិន
07-02-2026 15:56
(ប៉ៃលិន)៖ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាស តែងតាំងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ជាប្រធានគណៈកម្មាធិការ សមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន។
បន្ទាប់ពីទទួលបានការប្រកាសតែងតាំងថ្មី លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងប្តេជ្ញាចិត្ត គោរពតាមការសម្រេចចិត្តរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីបន្តដឹកនាំសមាគមឱ្យរីកចម្រើនបន្ថែមទៀត ជាពិសេសប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវ លក្ខន្តិកៈរបស់ សមាគម, យកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរបស់សមាជិក ផ្តល់ការគាំទ្រចំពោះ សមាជិក ដែលជួបការខ្វះខាតកំពុងមានជំងឺ ផ្តល់ការឧបត្ថម្ភដល់គ្រួសារសមាជិក ដែលបានទទួលមរណភាព ឱ្យទាន់ពេល វេលា សំដៅរួមចំណែកសម្រាលទុក្ខលំបាករបស់ពួកគាត់។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានលើកឡើងថា «អតីតយុទ្ធជន និងនិវត្តជន ពួកគាត់ពិតជាបានលះ បង់ធំធេងណាស់ សម្រាប់ជាតិមាតុភូមិ ដូច្នេះហើយទើបសម្ដេចតេជោ ហ៊ុន សែន បង្កើតឱ្យមានសមាគមនេះឡើង គឺដើម្បីឱ្យយើងជួយមើលថែចិញ្ចឹមពួកគាត់ជាពិសេសបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍ បន្ថែមទៀតពីរាជរដ្ឋាភិបាល»។
កិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃ បាន ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជន ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតដល់ សព្វថ្ងៃ។
កិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងកោតសរសើរចំពោះលោកស្រីបណ្ឌិត បាន ស្រីមុំ ដែលបានយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខអតីត យុទ្ធជន និងវិវត្តជន នៅក្នុងខេត្ត, រដ្ឋបាលក្រុង/ស្រុក និងមេឃុំ/ចៅសង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការក្រុង/ស្រុក ដែលបានយកចិត្តទុក ដាក់មើលថែអតីតយុទ្ធជន នៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ ហើយបន្ថែមពីលើនេះ សូមជំរុញលើកទឹកចិត្ត ដល់ អាជ្ញាធរ និងបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយដោះ ស្រាយ ចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជនឱ្យបានកាន់តែល្អប្រសើរឡើង ថែមទៀតផង ដែរ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានផ្ដល់សម្ភារៈបរិក្ខាមួយចំនួន ដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន សម្រាប់បម្រើការងារ ព្រមទាំងឧបត្ថម្ភថវិកា និងសម្ភារៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដល់អតីតយុទ្ធជន និងនិវត្តជននៅក្នុងខេត្តផងដែរ៕



















