ប្រកាសចាត់តាំង និងកែសម្រួល ក្រុមការងារគណបក្សចុះមូលដ្ឋាន៧ឃុំ ក្នុងស្រុករវៀង ខេត្តព្រះវិហារ

07-02-2026 20:35

(ព្រះវិហារ)៖ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំនួន ៧ ឃុំ រួមមាន ឃុំរមណីយ ឃុំរមទម ឃុំរំដោះ ឃុំរក្សា ឃុំរួស់រាន់ ឃុំរៀបរយ និងឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានរៀបចំពិធីប្រកាស ចាត់តាំងជាផ្លូវការ នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក អ៊ុក គឹមសាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុករវៀង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណបក្សជាច្រើនរូប។

នៅក្នុងឱកាសនោះ លោក អ៊ុក គឹមសាន បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងលោក គីម រិទ្ធី អនុប្រធានគណបក្សខេត្ត ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅទីនេះ ក៏ដូចជានៅទូទាំងស្រុករវៀងផងដែរ។

លោក អ៊ុក គឹមសាន បានថ្លែងថា ការចាត់តាំង និងកែសម្រួលក្រុមការងារគណបក្សនាពេលនេះ គឺជាការពង្រឹងរចនាសម្ព័ន្ធដឹកនាំនៅមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមទិសដៅ និងយុទ្ធសាស្ត្ររបស់គណបក្ស ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព។

លោកបានថ្លែងបញ្ជាក់ថា ក្រុមការងារគណបក្សចុះមូលដ្ឋានត្រូវធ្វើការជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ស្តាប់បញ្ហា និងសំណូមពររបស់ពួកគាត់ ដើម្បីដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ នេះគឺជាគន្លឹះសំខាន់ក្នុងការពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោក អ៊ុក គឹមសាន ក៏បានថ្លែងជំរុញឱ្យក្រុមការងារថ្មី ត្រូវបន្តអនុវត្តតួនាទី និងភារកិច្ច របស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាពផ្ទៃក្នុង និងការសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើន៕