ពលរដ្ឋងាយរងគ្រោះ១៥គ្រួសារ នៅឃុំតាគ្រាម ស្រុកបាណាន់ ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា
07-02-2026 22:05
(បាត់ដំបង)៖ លោក ស្រេង សុខា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់និងសហការី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈអនុសាខាស្រុកផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលមានជនចាស់ជរា ជនមានពិការភាព កុមាកំព្រា ដែលមានជីវភាពទីទ័លក្រ សរុបចំនួន១៥គ្រួសារ រស់នៅភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោក ស្រេង សុខា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន
រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសនាំនូវការផ្តាំផ្ញើដល់គ្រួសារនីមួយៗត្រូវយកចិត្តទុកដាក់ គិតគូរពីបញ្ហាសុខភាព សម្អាតបរិស្ថាន ជុំវិញផ្ទះឲ្យបានស្អាតល្អ, ត្រូវបរិភោគទឹកឆ្អិន, ត្រូវកាត់បន្ថយអាហារដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ដែលនាំឲ្យមានជំងឺទឹកនោមផ្អែម ជំងឺមហារីក និងឡើងសម្ពាធឈាមជាដើម។
ជាមួយគ្នានេះ លោកប្រធានអនុសាខាក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីលុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង ក្មេងទំនើងនៅក្នុងភូមិដែលខ្លួនរស់នៅ ហើយសូមអាណាព្យាបាលទាំងអស់បញ្ជូនកូនៗទៅសាលារៀនឲ្យបានគ្រប់ៗគ្នា រៀនសូត្រឲ្យបានខ្ពង់ខ្ពស់ដើម្បីមានចំណេះដឹង មានការងារធ្វើ និងជួយលើកស្ទួយជីវភាពគ្រួសាររៀងៗខ្លួន។
អំណោយផ្តល់ជួនគ្រួសារនីមួយៗទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកបរិសុទ្ធ ១កេស, ត្រីខ ៤កំប៉ុង, ទឹកស៉ីអ៉ីវ ៣ដប, ទឹកត្រី ៣ដប, ប៊ីចេង២កញ្ចប់ ស្កសរ ១គីឡូក្រាម, សៀង ១ដប និងថវិកា២ម៉ឺនរៀល។ ជាមួយគ្នានេះ លោកប្រធានអនុសាខា បានឧបត្ថម្ភកង់ចំនួន១គ្រឿង ផ្តល់ជូនសិស្សក្រីក្រ ឈ្មោះ រិន ចាន់នី ភេទស្រី អាយុ១២ឆ្នាំ រៀនថ្នាក់ទី៤នៅសាលាបឋមសិក្សាតាង៉ែន ផងដែរ៕











