បណ្ឌិតសភាចារ្យ សុខ ទូច៖ បើមិនធ្វើកំណែទម្រង់វិស័យអប់រំទេ កុំនិយាយរឿងខ្មែរខ្លាំង ហើយការកែទម្រង់ត្រូវចាប់ផ្តើមពីកម្រិតមត្តេយ្យសិក្សា (Video inside)

07-02-2026 22:42

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា បើគ្មានការធ្វើកំណែទម្រង់វិស័យអប់រំទេនោះ កុំនិយាយថាខ្មែរខ្លាំង។ លោកសង្កត់ធ្ងន់ថា ការកែទម្រង់វិស័យអប់រំ មិនមែនចាប់ផ្ដើមត្រឹមថ្នាក់ឧត្តមសិក្សានោះទេ គឺត្រូវធ្វើតាំងពីកម្រិតមត្តេយ្យសិក្សា ទើបអាចទៅរួច និងធ្វើឱ្យខ្មែរខ្លាំងពិតប្រាកដ។

ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិតសភាចារ្យ សុខ ទូច បានធ្វើឡើងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងសិក្ខាសាលាស្តីពី «យុទ្ធនាការខ្មែរត្រូវតែខ្លាំង» ដែលជាគំនិតផ្តួចផ្តើមដោយវិទ្យាស្ថាន CEO និងមានការចូលរួមពីវិស័យឯកជនជាង ៥០០នាក់។ យុទ្ធនាការនេះ ក៏មានការប្តេជ្ញាចិត្តកសាង «កម្លាំងទ័ពសេដ្ឋកិច្ច» ដើម្បីរួមចំណែកជួយដល់រាជរដ្ឋាភិបាល និងប្រទេសជាតិដែលកំពុងប្រឈមនឹងការឈ្លានពាន។

លោកបណ្ឌិតសភាចារ្យ បានថ្លែងបន្តថា៖ «បើគ្មានការធ្វើកំណែទម្រង់វិស័យអប់រំ កុំនិយាយថាខ្មែរខ្លាំង ហើយនេះមិនមែនជាមេរៀនថ្មីទេ មានប្រទេសចំនួន៤ ដែលបានធ្វើរួចហើយទទួលបានជោគជ័យ រួមមាន៖ ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី និងអាមេរិក»

លោកបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា ខ្មែរខ្លាំង គឺជាការកែប្រែទម្លាប់របស់មនុស្ស ពីទម្លាប់មិនល្អមកជាទម្លាប់ល្អវិញ ទើបខ្មែរអាចខ្លាំងបាន ហើយការផ្លាស់ប្តូរទម្លាប់នេះ គឺទាមទារឱ្យមានការបណ្តុះបណ្តាលតាំងពីកុមារតូចៗមកម៉្លេះ៕

ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់លោកបណ្ឌិតសភាចារ្យ សុខ ទូច៖