បណ្ឌិត កៅ ថាច៖ កត្តាដែលធ្វើឱ្យខ្មែរខ្លាំង គឺការរួបរួមជាតិ សាមគ្គីភាពជាតិ ស្នេហាជាតិ និងឯកភាពជាតិ (Video inside)

07-02-2026 22:46

(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតី និងចែករំលែកទស្សនទានអំពីអត្ថន័យ «ខ្មែរត្រូវតែខ្លាំង» ក្នុងសិក្ខាសាលាយុទ្ធនាការមួយ ដែលរៀបចំឡើងដោយវិទ្យាស្ថាន ស៊ីអ៊ីអូ ដោយមានការចូលរួមពីម្ចាស់សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ សមាគម និងស្ថាប័នអប់រំប្រមាណ ៥០០រូប។

ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា «ខ្មែរត្រូវតែខ្លាំង» គឺជាបំណងប្រាថ្នារបស់ប្រជាជនខ្មែរគ្រប់រូប ក្នុងកាលៈទេសៈដ៏ផុយស្រួយនៃស្ថានភាពសេដ្ឋកិច្ច និងភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ទាំងក្នុងតំបន់ និងសកលលោក។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា កត្តាដែលធ្វើឱ្យខ្មែរខ្លាំង គឺការរួបរួមជាតិ សាមគ្គីភាពជាតិ ស្នេហាជាតិ និងឯកភាពជាតិ តាមរយៈការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ឱ្យមានប្រសិទ្ធភាពខ្ពស់ពីគ្រប់តួអង្គ ជាពិសេសការសហការគ្នាជិតស្និទ្ធពីវិស័យឯកជន។

បន្ថែមពីនេះ លោកបានលើកឡើងថា ការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព និងគុណតម្លៃ ដែលរួមមានទាំងជំនាញទន់ ជំនាញរឹង សីលធម៌ គុណធម៌ និងចរិយាធម៌ គឺជាកត្តាមិនអាចខ្វះបាន ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ដើម្បីជំរុញឱ្យប្រជាជាតិខ្មែរកាន់តែរឹងមាំ និងខ្លាំងក្លា៕