បណ្ឌិត តាន់ មុនីវណ្ណ៖ ដើម្បីឱ្យខ្មែរខ្លាំង យើងត្រូវផ្លាស់ប្តូរផ្នត់គំនិត ដោយផ្ដល់តម្លៃខ្ពស់លើវិស័យអប់រំ និងទទួលស្គាល់អ្នកចេះដឹង (Video inside)

07-02-2026 23:31

(ភ្នំពេញ)៖ លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាទីប្រឹក្សាជាន់ខ្ពស់សមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបញ្ជាក់ថា ដើម្បីឱ្យខ្មែរខ្លាំងបាន យើងម្នាក់ៗត្រូវស្វែងរកចំណុចខ្លាំងរៀងៗខ្លួន ជាពិសេសជនរួមជាតិត្រូវផ្លាស់ប្តូរផ្នត់គំនិត ដោយផ្តល់តម្លៃជាសំខាន់លើវិស័យអប់រំ និងទទួលស្គាល់អ្នកមានចំណេះដឹងពិតប្រាកដ។

ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិត តាន់ មុនីវណ្ណ បានធ្វើឡើងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងសិក្ខាសាលាស្តីពី «យុទ្ធនាការខ្មែរត្រូវតែខ្លាំង» ដែលជាគំនិតផ្តួចផ្តើមរបស់វិទ្យាស្ថាន ស៊ីអ៊ីអូ (CEO) ដោយមានការចូលរួមពីវិស័យឯកជនជាង ៥០០នាក់។ យុទ្ធនាការនេះ ក៏មានគោលបំណងប្តេជ្ញាចិត្តកសាង «កម្លាំងទ័ពសេដ្ឋកិច្ច» ដើម្បីរួមចំណែកជួយដល់រាជរដ្ឋាភិបាល និងប្រទេសជាតិ ក្នុងកាលៈទេសៈដែលកំពុងប្រឈមនឹងការឈ្លានពាន។

លោកបណ្ឌិតបានបន្ថែមទៀតថា ក្រៅពីការផ្លាស់ប្តូរផ្នត់គំនិត និងការទទួលស្គាល់អ្នកចេះដឹង កម្ពុជាត្រូវឈានទៅដល់ការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសមត្ថភាពកាន់តែច្រើន និងជំរុញឱ្យប្រជាពលរដ្ឋទទួលបានការរៀនសូត្រឱ្យបានកាន់តែខ្ពស់ ដែលកត្តាទាំងនេះហើយនឹងធ្វើឱ្យប្រជាជាតិខ្មែរខ្លាំងក្លាបាន៕

ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់លោកបណ្ឌិត តាន់ មុនីវណ្ណ៖