ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនវ័នហេលខេអេចកម្ពុជា និងក្រុមប្រឹក្សាទេសចរណ៍វេជ្ជសាស្ត្រម៉ាឡេស៊ី
08-02-2026 09:29
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនវ័នហេលខេអេចកម្ពុជា (OneHealth KH Cambodia) និងក្រុមប្រឹក្សាទេសចរណ៍វេជ្ជសាស្ត្រម៉ាឡេស៊ី (MHTC)។
ពិធីចុះអនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងបង្កើនកិច្ចសហការលើការសម្របសម្រួល បញ្ជូន និងទទួលអ្នកជំងឺកម្ពុជា ទៅប្រទេសម៉ាឡេស៊ី ឲ្យចំគោលដៅ ជាពិសេស គឺការជ្រើសរើសមន្ទីរពេទ្យ និងគ្រូពេទ្យ ឲ្យបានត្រឹមត្រូវតាមប្រភេទជំងឺ ដើម្បីទទួលការព្យាបាលប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ និងកន្លងមក តែងតែគាំទ្រសកម្មភាពដែលអាចជួយលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជន និងបានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវ័នហែលខេអេចកម្ពុជា និងក្រុមប្រឹក្សាទេសចរណ៍វេជ្ជសាស្ត្រម៉ាឡេស៊ី ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ដែលគឺជាការវិវត្ត ជាវិជ្ជមានថ្មីមួយទៀត ក្នុងការផ្តល់ប្រឹក្សាយោបល់ជូនប្រជាពលរដ្ឋដែលត្រូវការសេវាសុខាភិបាលនៅក្រៅប្រទេស ជាពិសេសប្រទេសម៉ាឡេស៊ី។
ស្របពេលប្រជាពលរដ្ឋកម្ពុជាបង្វែរការជ្រើសរើសសេវាព្យាបាលជំងឺនៅប្រទេសម៉ាឡេស៊ី ដែលជា ប្រទេសមួយដែលមានសេវាវេជ្ជសាស្ត្រ សម្ភារៈបរិក្ខារ និងជំនាញវិជ្ជាជីវៈល្អនៅក្នុងតំបន់ ទេសរដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យក្រុមហ៊ុនខិតខំធ្វើយ៉ាងណាសម្របសម្រួលឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការទទួលសេវា ដូចជា ការណាត់ជួបគ្រូពេទ្យ ការទំនាក់ទំនង ការស្នាក់នៅ និងជាពិសេសការកាត់បន្ថយចំណាយថវិកា។
លោកស្រីវេជ្ជបណ្ឌិត តាន់ ឥន្ទដ្រាវីណា សហស្ថាបនិកក្រុមហ៊ុនវ័នហេលខេអេចកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនវ័នហេលខេអេចកម្ពុជា គឺជាក្រុមហ៊ុនដែលផ្តល់ និងប្រឹក្សាយោបល់ទាក់ទងនឹងវេជ្ជសាស្ត្រា និងជម្រើសមន្ទីរពេទ្យ ដែលបង្កើតឡើងដោយស្ថាបនិកកូនខ្មែរចំនួន៣នាក់ ដែលជាវេជ្ជបណ្ឌិត និងបានដំណើរការសេវាកម្មនេះចាប់តាំងពីឆ្នាំ២០២៣ មកម្លេះ។ លោកស្រីបានបន្តថា បេសកកម្មរបស់វ័នហែល មានគោលបំណងរួមចំណែកលើកកម្ពស់សុខភាពរបស់ប្រជាជន នៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការបង្កើនលើកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសុខាភិបាលឯកជនឆ្លងប្រទេស មានដូចជាប្រទេសម៉ាឡេស៉ី សិង្ហបុរី កោះតៃវ៉ាន់ និងប្រទេសផ្សេងៗទៀត ដែលសំដៅជំរុញលើការបង្កើនប្រសិទ្ធភាពលទ្ធភាព និងជម្រើសក្នុងការព្យាបាលតាមមន្ទីរពេទ្យនានា តាមបច្ចេកទេសជឿនលឿន មួយចំនួន ដែលពុំទាន់មាន នៅក្នុងប្រទេសកម្ពុជា។
ចំណែកលោក Suriaghandhi Suppiah នាយកប្រតិបត្តិនៃក្រុមប្រឹក្សាទេសចរណ៍វេជ្ជសាស្ត្រម៉ាឡេស៊ី បានឲ្យដឹងថាប្រទេសកម្ពុជា គឺជាដៃគូដ៏សំខាន់ជាពិសេសនៅក្នុងតំបន់ លើផ្នែកទេសចរណ៍វេជ្ជសាស្ត្រ។ យោងតាមតួលេខគិតត្រឹមខែកញ្ញា ឆ្នាំ ២០២៥ ចំនួនអ្នកធ្វើដំណើរមកទទួលសេវាថែទាំសុខភាពនៅម៉ាឡេស៉ី បានកើនឡើង ៨១ ភាគរយ ពោលគឺកើនឡើងពីជាង ៤,៤០០ នាក់ រហូតដល់ជិត ៨,០០០ នាក់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើពិនិត្យលើចំណូលសម្រាប់ប្រទេសម៉ាឡេស៊ីវិញ ចំណូលដែលទទួលបានពីការធ្វើដំណើរដើម្បីសេវាសុខភាពបានកើនឡើងជាង ២២៨ ភាគរយ ដែលនេះបង្ហាញឱ្យឃើញពីតម្រូវការដ៏ខ្លាំងក្លាសម្រាប់ការព្យាបាល ដែលមានតម្លៃខ្ពស់ នៅក្នុងប្រទេសម៉ាឡេស៊ី៕




