លោក សួស យ៉ារ៉ា៖ កម្ពុជា-វៀតណាម-ឡាវ ប្តេជ្ញារួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដែលចង់បំបែកសាមគ្គីប្រទេសទាំងបី និងរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើស Online Scam (Video inside)

08-02-2026 11:15

(ភ្នំពេញ)៖ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ តាមរយៈសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលរួម នៃកិច្ចប្រជុំទ្វេភាគី និងត្រីភាគី ថ្នាក់ដឹកនាំកម្ពុជា-ឡាវ-វៀតណាម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំប្រទេសទាំងបី បានប្ដេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលចង់បំបែកបំបាក់សាមគ្គីប្រទេសទាំងបី។

បើតាមលោក សួស យ៉ារ៉ា, ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ក្រៅពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយហើយនោះ ថ្នាក់ដឹកនាំប្រទេសទាំងបី ក៏បានឯកភាពគ្នាក្នុងការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក និងបង្ហាញការតាំងចិត្តរួមគ្នា ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam), គ្រឿងញៀន និងការជួញដូរមនុស្សផងដែរ។

លោក សួស យ៉ារ៉ា បានអះអាងបែបនេះថា «យើងឯកភាពយន្ដការផ្លាស់ប្ដូរព័ត៌មាន ព្រោះការផ្លាស់ប្ដូរព័ត៌មានសំខាន់ណាស់ ព័ត៌មានអាចធ្វើឲ្យបាត់បង់ទំនុកចិត្តប្រជាជន បំផ្លាញសាមគ្គីភាព កម្ពុជា វៀតណាម ឡាវ គឺជាព័ត៌មានអកុសល ដែលមិនគួរមាននោះទេ។ ដូច្នេះយើងនឹងចែករំលែក និងប្រឆាំងព័ត៌មានក្លែងក្លាយនេះ។ ក្រៅពីការប្រឆាំងព័ត៌មានក្លែងក្លាយ យើងក៏ចូលរួមប្រឆាំងគោលនយោបាយអមិត្ត និងការជ្រៀតជ្រែករបស់បរទេស ប្រឆាំងភេរវកម្ម ដែលបង្កើតនូវព័ត៌មានក្លែងក្លាយ តាមរយៈយន្ដបច្ចេកវិទ្យាព័ត៌មាន ឬសកម្មភាពអវិជ្ជមានផ្សេងៗ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានបន្ដទៀតថា «ក្នុងនោះថ្នាក់ដឹកនាំទាំងបី ឯកភាពរួមគ្នាយ៉ាងខ្លាំងប្រឆាំងនូវឧក្រិដ្ឋកម្មឆ្លងដែន, ឧក្រិដ្ឋកម្មឆ្លងដែន គឺជាប្រព័ន្ធដែលទាំងអស់គ្នាត្រូវប្រើយន្ដការប្ដេជ្ញាចិត្តខ្ពស់ កម្ទេចចោលបណ្ដាញនេះដើម្បីកុំឲ្យមានការចោទប្រកាន់គ្នាដោយអយុត្តិធម៌។ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ គ្រឿងញៀន និងការជួញដូរមនុស្ស»។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំងបីបានជូនព័ត៌មានគ្នាទៅវិញទៅមកអំពីសភាពការណ៍ជាតិ តំបន់ និងអន្ដរជាតិ ព្រមទាំងចែករំលែកអំពីបទពិសោធន៍ និងសភាពការណ៍លេចធ្លោនៃគណបក្ស និងប្រទេសនីមួយៗ ទំនាក់ទំនងទ្វេភាគី និងទំនាក់ទំនងត្រីភាគី និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ព្រមទាំងដាក់ចេញគោលការណ៍ និងទិសដៅ សម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ក្នុងពេលខាងមុខ។

ភាគីទាំងបី បានកោតសរសើរ និងវាយតម្លៃខ្ពស់អំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក ហើយបានសម្តែងនូវការជឿទុកចិត្តគ្នាខ្ពស់ ក្នុងការប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីឲ្យប្រទេសទាំងបី សម្រេចគោលដៅក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៤៥ សម្រាប់វៀតណាម ឆ្នាំ២០៥០ សម្រាប់កម្ពុជា និងឆ្នាំ២០៥៥ សម្រាប់ប្រទេសឡាវ៕