លោក សួស យ៉ារ៉ា៖ ក្នុងកិច្ចប្រជុំកំពូលនៃប្រទេសទាំងបី សម្តេចតេជោ ប្រើពាក្យសំខាន់ «តភ្ជាប់យុវជន តភ្ជាប់ជំនាន់ និងតភ្ជាប់ភាពជាមេដឹកនាំ»
08-02-2026 11:51
(ភ្នំពេញ)៖ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា នៅក្នុងជំនួបកំពូលរវាងមេដឹកនាំនៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រើពាក្យមួយដ៏សំខាន់ គឺ«ការតភ្ជាប់យុវជន តភ្ជាប់ជំនាន់ និងតភ្ជាប់ភាពជាមេដឹកនាំ» ដែលជាចំណុចសំខាន់នៃការតភ្ជាប់ និងរក្សាទំនាក់ទំនងនៃប្រទេសទាំងបី។
លោក សួស យ៉ារ៉ា លើកឡើងបែបនេះ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងសន្និសិទសារព័ត៌មានស្ដីពី «លទ្ធផលរួមនៃកិច្ចប្រជុំទ្វេភាគី និងត្រីភាគី ថ្នាក់ដឹកនាំកម្ពុជា-ឡាវ-វៀតណាម» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាថ្ងៃទី០៦-០៧ ខែកុម្ភៈ ឆ្នាំ២០២៦។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «នេះជាចំណុចពិសេសដែលត្រូវបណ្តុះបណ្តាលយុវជនយើងឱ្យបានយល់ដឹង អ្នកអាចរៀន នៅមហាបណ្ឌិត អនុបណ្ឌិត ឬបរិញ្ញា នៅក្រៅប្រទេសណាក៏ដោយ តែអ្នកមិនស្គាល់ប្រវត្តិសាស្រ្តអ្នកមិនអាចកសាងនូវក្តីសុបិន្តរបស់ជាតិបានទេ អីចឹងការកសាងនូវប្រវត្តិសាស្រ្តរបស់ជាតិ គឺសំខាន់ណាស់ គឺការតភ្ជាប់យុវជន ការតភ្ជាប់ជំនាន់ និង ការតភ្ជាប់ភាពជាមេដឹកនាំ»។
លោកបញ្ជាក់ថា ចំណុចនេះជាទ្រឹស្តីរបស់សម្តេចតេជោ ហ៊ុន សែន ដែលលោកបានថ្លែងទៅកាន់មិត្តទាំងពីរ ហើយមិត្តទាំងពីរក៏ស្វាគមន៍ និងបន្តឱ្យមានវគ្គបណ្តុះបណ្តាលដល់យុវជន ដើម្បីយល់គ្នាឱ្យកាន់តែច្រើន ក្នុងក្របខណ្ឌ ទូទាំងប្រទេសឱ្យបានទូលំទូលាយ។
លោកបានពន្យល់ថា ទាក់ទងនឹងទិសស្លោក នៃការតភ្ជាប់យុវជន តភ្ជាប់ជំនាន់ និងតភ្ជាប់ភាពជាមេដឹក គឺសំខាន់ណាស់ ពោលក្នុងសម័យសង្រ្គាមយើងអាចជាយុទ្ធជនរួមអាវុធ រួមត្រង់សេ រួមសមរភូមិ ប៉ុន្តែសម័យនេះ យើងត្រូវកសាងមិត្តរួមគ្នា កសាងមិត្តរួមគ្នា មិត្តភាពយូរអង្វែង៕
















