ក្រសួងកសិកម្ម, សហភាពអឺរ៉ុប និងយូនីសេហ្វ ផ្តល់ជំនួយជាសម្ភារមនុស្សធម៌សង្គ្រោះជីវិត ជូនដល់កុមារ និងគ្រួសារភៀសសឹកដោយសារវិបត្តិនៅតាមព្រំដែនក្នុងខេត្តបន្ទាយមានជ័យ
08-02-2026 18:24
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក អ៊ុហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា, លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង លោកវេជ្ជបណ្ឌិត Anirban Chatterjee នាយករងយូ នីសេហ្វប្រចាំកម្ពុជា បានប្រគល់សម្ភារសង្គ្រោះបន្ទាន់ជានិមិត្តរូបជូនដល់គ្រួសារភៀសសឹកនៅជំរំភៀសសឹក វត្តកណ្ដោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ចំពោះសម្ភារសង្គ្រោះបន្ទាន់ទាំងអស់ជាសកម្មភាពរួមគ្នានេះ បង្ហាញពីការឆ្លើយតបរបស់ សហភាពអឺរ៉ុបចំពោះវិបត្តិនៅតាមព្រំដែន សម្រាប់ការជួយគាំទ្រដល់ប្រជាជនប្រមាណ ១៥,០០០ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ នៅតាមបណ្តាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប និងព្រះវិហារ។
សម្ភារទាំងនោះរួមមាន តង់ និងកៅស៊ូតង់សម្រាប់ប្រើប្រាស់ជាកន្លែងសិក្សាបណ្តោះអាសន្ន និងទីកន្លែងកុមារមេត្រី ដើម្បី ធានាថាកុមារអាចបន្តការសិក្សារបស់ពួកគេក្នុងបរិយាកាសដែលមានសុវត្ថិភាព។ ការផ្តល់ជូននេះក៏រួមបញ្ចូលផងដែរនូវ កញ្ចប់អនាម័យ អំពូលសូឡា សម្ភារសុខភាព អនាម័យ និងទឹកស្អាតផ្សេងទៀត ដើម្បីជួយឱ្យគ្រួសារនីមួយៗអាចរក្សា បាននូវសុខភាព និងសេចក្តីថ្លៃថ្នូរ ក្នុងអំឡុងពេលស្នាក់នៅជំរំបណ្តោះអាសន្នទាំងនោះ៕












