ក្នុងឱកាសស្រាយបួស និងពិធីបុណ្យរ៉ាម៉ាឌន ខិតជិតមកដល់, លោក ផារ៉ា មង្គល ចុះសំណេះសំណាល នាំយកកញ្ចប់អាហារស្រាយបួស ចែកជូនដល់ហាកឹមម៉ាស្ជិតទាំង២៥វិហារ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

08-02-2026 19:47

(ត្បូងឃ្មុំ)៖ លោក ផារ៉ា មង្គល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល និងនាំយកកញ្ចប់អាហារស្រាយបួសចែកជូនដល់ហាកឹមម៉ាស្ជិតទាំង២៥វិហារ ក្នុងស្រុកក្រូចឆ្មារ ក្នុងឱកាសស្រាយបួសនាពេលនេះ ក៏ដូចជាអបអរសាទរពិធីបុណ្យរ៉ាម៉ាឌន ដែលខិតជិតមកដល់នាពេលខាងមុខ។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅ វិហារធំជំនីក ភូមិបន្ទាយ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក ផារ៉ា មង្គល បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីជូនពរ ពីសំណាក់សម្ដេចសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងពាំនាំសេចក្តីនឹករលឹកពីសំណាក់ លោក ជា សុផារ៉ា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលតែងតែរួមសុខទុក្ខជាមួយលោកហាកឹមម៉ាស្ជិត និងទួនខ្មែរ-ឥស្លាម ក្នុងស្រុកក្រូចឆ្មារ។

ប្រធានក្រុមការងាររូបនេះ បានលើកឡើងថា ការចូលរួមនៅថ្ងៃនេះ គឺជាការដឹងគុណ និងបង្ហាញពីសាមគ្គីភាពរវាងក្រុមការងារ និងបងប្អូនខ្មែរឥស្លាមទាំង ១២ ឃុំ ក្នុងស្រុកក្រូចឆ្មារ។

លោក ក៏បានបញ្ជាក់ថា ទំនាក់ទំនងរឹងមាំមិនកើតចេញពីពាក្យសម្តីតែមួយមុខទេ ប៉ុន្តែកើតពីការយល់ពីគ្នា ស្តាប់គ្នា និងជួយគ្នាទៅវិញទៅមក ហើយឯកឧត្តមបានអញ្ជើញមកនេះ ក្នុងនាមជាអ្នកស្តាប់មតិយោបល់បងប្អូន ដើម្បីរួមពិភាក្សា និងស្វែងរកដំណោះស្រាយតាមសំណូមពរ។

ជាមួយគ្នានោះ លោក ផារ៉ា មង្គល បានរំលឹកបន្ថែមថារាជរដ្ឋាភិបាលកម្ពុជា គឺតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋ និងធានាសិទ្ធិសេរីភាពក្នុងការគោរពជឿកាន់សាសនា ដោយគោរពសេចក្តីថ្លៃថ្នូ និងសាមគ្គីភាពជាតិ។

សម្រាប់អំណោយ ដែលចែកជូនក្នុងឱកាសស្រាយបួសនេះ ក្នុង១វិហារ រួមមាន ត្រីខ ៥០កំប៉ុង, ផ្លែល្មើ ៤ គីឡូក្រាម, នំធុង ២ធុង, តែ ១កញ្ចប់ធំ, កាហ្វេ ១កញ្ចប់ធំ, ស្ករស ៥គីឡូក្រាម និងថវិកា ១០ម៉ឺនរៀល៕