ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ផ្ដាំជនភៀសសឹកកម្ពុជាថា «ប្រជាជនកម្ពុជា មិននៅតែម្នាក់ឯងនោះទេ គឺសហភាពអឺរ៉ុប នឹងនៅទីនេះជាមួយបងប្អូនពីនេះតទៅ» (Video inside)
09-02-2026 08:34
(បន្ទាយមានជ័យ)៖ លោក អ៊ុហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ប្រាប់ជនភៀសសឹកនៅវត្តកណ្ដោល ខេត្តបន្ទាយមានជ័យថា «ប្រជាជនកម្ពុជាមិននៅតែម្នាក់ឯងនោះទេ គឺសហភាពអឺរ៉ុបនឹងនៅទីនេះជាមួយបងប្អូនពីនេះតទៅ»។
ការថ្លែងរបស់លោក បានធ្វើឡើងនាឱកាសដែលលោកដឹកនាំប្រតិភូ នាំយកអំណោយចែកជូនជនភៀសសឹកមកពីតំបន់បឹងត្រកួន ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពី លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកវេជ្ជបណ្ឌិត Anirban Chatterjee នាយករងអង្គការ យូ នី សេហ្វ ប្រចាំកម្ពុជា និងសហការីជាច្រើនរូបផ្សេងទៀតផងដែរ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានមានប្រសាសន៍ថា ទោះបីជាសហភាពអឺរ៉ុប មិនបានចូលរួមចំណែកទាំងស្រុងក្ដី ក៏នៅតែបន្តជួយតាមលទ្ធភាព ដើម្បីសម្រាលភាពឈឺចាប់របស់ជនភៀសសឹកនៅទីនេះ។
លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់បន្តថា «សារសំខាន់ក្រៅពីជំនួយដែលយើងនាំមកនៅថ្ងៃនេះ ខ្ញុំចង់បង្ហាញទៅកាន់បងប្អូនជនរងគ្រោះ និងប្រជាជនកម្ពុជាថា ពួកគាត់មិននៅតែឯងនោះទេ សហភាពអឺរ៉ុបនឹងនៅទីនេះជួយសម្របសម្រួលពួកគាត់ ចាប់ពីពេលនេះរហូតដល់ពេលខាងមុខ»។
សូមជម្រាបថា ក្នុងខេត្តបន្ទាយមានជ័យបច្ចុប្បន្ននេះ មានជនភៀសសឹកដែលពុំទាន់អាចចូលលំនៅដ្ឋានវិញបានជាង ២,៧០០គ្រួសារ។ បញ្ហានេះកើតឡើងដោយសារយោធាថៃបានរាយបន្លាលួស និងដាក់ទូកុងតឺន័របាំងផ្លូវចូលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋមកពី៦ភូមិ ដូចជាព្រៃចាន់ ជោគជ័យ ផ្លូវបំបែក សាមគ្គីមានជ័យ បន្ទាយមានឫទ្ធិ និងត្រពាំងសំរោង។ សកម្មភាពដាក់កុងតឺន័ររបស់យោធាថៃ កើតឡើងក្រោយបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចូលជាធរមាន។ នេះបើយោងតាមការលើកឡើងរបស់ប្រជាជនរងគ្រោះផ្ទាល់ និងអាជ្ញាធរមូលដ្ឋាន។
អ្វីដែលឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឃើញនៅថ្ងៃនេះ មិនមែនគ្រាន់តែជាការមកទស្សនាធម្មតាប៉ុណ្ណោះទេ តែលោកបានមើលឃើញពីភាពលំបាកនៃប្រជាជនរងគ្រោះរបស់កម្ពុជា និងបានដឹងយ៉ាងច្បាស់ថា ការដែលប្រជាពលរដ្ឋកម្ពុជា ពុំអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋាន គឺដោយសារទង្វើរំលោភដែនអធិបតេយ្យភាពកម្ពុជាយ៉ាងកម្រោលរបស់យោធាថៃ ក្រោយបទឈប់បាញ់៕
សូមស្ដាប់ប្រសាសន៍របស់លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប៖













