លោក ឌិត ទីណា៖ វត្តមានរបស់អង្គការអន្តរជាតិ បង្ហាញទំនុកចិត្ត និងភាពកក់ក្ដៅបន្ថែម ជូនដល់បងប្អូនជនភៀសសឹក ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន (Video inside)

09-02-2026 09:24

(បន្ទាយមានជ័យ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានថ្លែងថា វត្តមានរបស់អង្គការអន្តរជាតិដែលបានចុះមកដល់ជំរុំជនភៀសសឹកវត្តកណ្ដោលនាពេលនេះ បានបង្ហាញពីទំនុកចិត្ត និងភាពកក់ក្ដៅបន្ថែម ជូនដល់បងប្អូនជនភៀសសឹក ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន។

ការថ្លែងរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងនាឱកាសដែលលោក និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំប្រតិភូទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងប្រតិភូអង្គការយូនីសេហ្វប្រចាំកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់បងប្អូនជនភៀសសឹក មកពីតំបន់បឹងត្រកួន ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងកិច្ចសម្ភាសជាមួយអង្គភាព Fresh News លោករដ្ឋមន្ត្រី ឌិត ទីណា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក៏ដូចជាសប្បុរសជននានា កន្លងមក បានជួយផ្គត់ផ្គង់ស្បៀងអាហារ និងសម្ភារៈចាំបាច់ជាច្រើនជូនបងប្អូនជនភៀសសឹក។ ទោះយ៉ាងណា អ្វីដែលអង្គការយូនីសេហ្វនាំមកនៅថ្ងៃនេះ គឺជាការចូលរួមរំលែក និងលួងលោមការឈឺចាប់ផ្នែកផ្លូវចិត្តរបស់បងប្អូនជនភៀសសឹក។

លោកបានគូសបញ្ជាក់ថា វត្តមានរបស់អង្គការអន្តរជាតិនាពេលនេះ បានបង្ហាញពីទំនុកចិត្ត និងភាពកក់ក្ដៅបន្ថែម ជូនដល់បងប្អូនជនភៀសសឹក ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានបាន ទោះបីជាមានបទឈប់បាញ់ក្ដី។

លោក បានមានប្រសាសន៍ថា៖ «វត្តមានរបស់ឯកឧត្តម ក៏ដូចជាអង្គការអន្តរជាតិផ្សេងៗ អាចធ្វើឲ្យបងប្អូនមានទំនុកចិត្តថា ការលំបាកដែលពួកគាត់កំពុងប្រឈម និងការបាត់បង់ផ្ទះសម្បែង គឺមានអ្នកដឹងឮ និងយកចិត្តទុកដាក់។ នេះជាចំណុចសំខាន់ ហើយសង្ឃឹមថា ដំណោះស្រាយដោយសន្តិវិធីនៅថ្ងៃខាងមុខ អាចជួយឱ្យបងប្អូនវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន»

លើសពីនេះ លោក ក៏បានរំលឹកពីសកម្មភាពយកចិត្តទុកដាក់ និងការតាមដានជាប់ជានិច្ចរបស់ក្រុមការងារ តាំងពីព្រឹត្តិការណ៍វាយប្រហារដោយយោធាថៃ កាលថ្ងៃទី២៤ ខែកក្កដា រហូតដល់ព្រឹត្តិការណ៍ប្រយុទ្ធលើកទី២ ដោយមិនបានបោះបង់បងប្អូនជនភៀសសឹកចោលឡើយ ប៉ុន្តែបន្តសម្របសម្រួល និងផ្តល់ការគាំទ្រទាំងផ្លូវកាយ និងផ្លូវចិត្ត រហូតមកដល់ពេលបច្ចុប្បន្ននេះ៕