ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធ បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជាកិច្ចបច្ឆាមរណៈជូនសព វរសេនីយ៍ទោ យី សុថាត់ ដែលពលី

09-02-2026 11:21

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃតី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូបំពាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ បំពាក់ឋានន្តរសក្តិវរសេនីយ៍ទោ និងគ្រឿងឥស្សរិយយស ជាកិច្ចបច្ឆាមរណៈជូនសពលោកវរសេនីយ៍ទោ យី សុថាត់ នាយរងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដែលបានពលីកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនកុសុមៈ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ យី សុថាត់ នាយរងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក បានរងរបួសធ្ងន់ដោយអំបែងគ្រាប់ចំក្បាល ក្នុងសមរភូមិប្រយុទ្ធ ជាមួយទាហានឈ្លានពានរបស់ភាគីសៀម កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ហើយបានបញ្ជូនបន្តទៅសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ រាជធានីភ្នំពេញ រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១២៖៤៥នាទី បានពលីជីវិត។

សពលោកវរសេនីយ៍ទោ យី សុថាត់ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យនៅភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ថ្លែងនាឱកាសដ៏ក្រៀមក្រំនោះ លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ ក្នុងនាមនាយឧត្តមសេនីយ៍ ស ថេត បានសម្ដែងនូវការចូលរួមរំលែងក្នុងទុក្ខជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់កូន ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត។

លោកបានបញ្ជាក់ថា ការបាត់បង់លោកវរសេនីយ៍ទោ យី សុថាត់ គឺជាការបាត់បង់នូវវីរនគរបាលដ៏អង់អាចក្លាហាន ក្នុងការប្រយុទ្ធតតាំងជាមួយសត្រូវចោរសៀមឈ្លានពានទឹកដី ហើយវីរភាពដ៏អង់អាចក្លាហានរបស់លោក ដើម្បីបុព្វហេតុជាតិការពារបូរណភាពទឹកដី ប្រជាជនកម្ពុជាគ្រប់រូបចងចាំមិនភ្លេចនិងបានដក់ជាប់ក្នុងដួងចិត្តជានិច្ចមិនអាចបំភ្លេច។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក សម វណ្ណវីៈ បាននាំយកសារលិខិតរំលែកទុក្ខ ថវិកាឧបត្ថម្ភគោលនយោបាយរបស់ក្រសួងមហាផ្ទៃ ចំនួន ៤៩,៧០៩,៦៣០រៀល, ថវិកាលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចំនួន១០,០០០,០០០រៀល, ថវិកានាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ចំនួន ១០,០០០,០០០រៀល និងថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន៦,០០០,០០០រៀល ប្រគល់ជូនគ្រួសារសពផងដែរ៕