ក្រុមហ៊ុន AO LA SHAN ចង់កែប្រែជីវភាព របស់គ្រួសារអតីតយុទ្ធជន ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង តាមរយៈការបណ្តុះបណ្តាលបច្ចេកទេស និងផ្តល់ពូជដំឡូងមីលេខ១៩ ដែលទទួលបានទិន្នផលម្សៅខ្ពស់ និងធនអាកាសធាតុ

09-02-2026 13:16

(ពោធិ៍សាត់)៖ ក្រុមហ៊ុន CAMBODIAN AO LA SHAN NONGMU AGRICULTURAL AND ANIMAL HUSBANDRY RESOURCES CO., LTD ជាក្រុមហ៊ុនឯកជន មានមូលដ្ឋានក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ បានមានបំណងចង់កែប្រែជីវភាព របស់គ្រួសារអតីតយុទ្ធជន ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឱ្យក្លាយជាភូមិគម្រូឈានមុខគេ តាមរយៈការបណ្តុះបណ្តាលបច្ចេកទេស និងផ្តល់ពូជដំឡូងមីលេខ១៩ ដែលទទួលបានទិន្នផល និងម្សៅខ្ពស់ មិនរើសដី គ្មានជំងឺ ធនអាកាសធាតុ ជាពិសេសក្រុមហ៊ុនទទួលទិញក្នុងតម្លៃទីផ្សារ ឬតម្លៃធានាណាមួយ ដែលមិនធ្វើឱ្យកសិករព្រួយបារម្ភឡើយ។

លោក លាវ វួយ អគ្គនាយកក្រុមហ៊ុន CAMBODIAN AO LA SHAN បានថ្លែងប្រាប់អង្គភាពព័ត៌មាន FRESH NEWS ឱ្យដឹងថា ក្រុមហ៊ុនរបស់លោក គឺជាក្រុមហ៊ុនកសិកម្ម កសិឧស្សាហកម្ម និងចិញ្ចឹមសត្វ ផ្តោតសំខាន់លើការបង្កាត់ពូជ ដាំដុះ និងកែច្នៃម្សៅដំឡូងមី បានបង្កើតឡើងតាំងពីឆ្នាំ២០១៣មកម្ល៉េះ និងបានចុះបញ្ជីឡើងវិញជាផ្លូវការ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ លោកបានបង្កាត់ពូជដំឡូងមីថ្មី ជិត៣ម៉ឺនពូជ ក្នុងនោះពូជដែលមានទិន្នផលខ្ពស់ មានជិត២០០ពូជ និងពូជល្អបំផុតមានចំនួន២ពូជ គឺពូជដំឡូងមីលេខ១៩ (KU50/Rayong 9) និងពូជដំឡូងមី HO។

លោកបានគូសបញ្ជាក់ថា ពូជដំឡូងមីលេខ១៩ តាមរយៈការបង្កាត់ពូជ និងបានដាំដុះសាកល្បង ឃើញថាបើមើលថែដិតដល់ សម្រាប់ដីអន់ គិតជាមធ្យមមួយហិកតា អាចទទួលបានផល១៥០តោន និងសម្រាប់ដីល្អ គិតជាមធ្យមមួយហិកតា អាចទទួលបានផល២០០តោន។ ប្រសិនបើមើលថែមិនដិតដល់ គិតជាមធ្យមអាចទទួលបានផល ចន្លោះពី៥០ទៅ៦០តោន ក្នុងមួយហិកតា។ ដោយឡែកពូជដំឡូងមី HO (ពូជថ្មី) យើងបាននឹងកំពុងដាំសាកល្បង តាមការប៉ាន់ប្រមាណ គិតជាមធ្យមអាចទទួលបានផល ចន្លោះពី៣០០ទៅ៤០០តោន ក្នុងមួយហិកតា។

លោក លាវ វួយ បានបន្ថែមថា ដោយទទួលបានការយកចិត្តទុកដាក់ និងគាំទ្រពីសំណាក់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងដោយមានទឹកចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ, លោកមានបំណងចង់កែប្រែជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលជាគ្រួសារអតីតយុទ្ធជន រស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្រុកភ្នំក្រវាញ ឱ្យក្លាយជាភូមិគម្រូឈានមុខគេ តាមរយៈការជួយបណ្តុះបណ្តាលបច្ចេកទេស និងផ្គត់ផ្គង់ពូជដំឡូងមីខាងលើ ឱ្យពួកគាត់ចូលរួមដាំដុះ ព្រោះថាពូដំឡូងនេះ ប្រាកដជាទទួលបានទិន្នផលច្រើន ម្សៅខ្ពស់ មិនរើសដី គ្មានជំងឺ និងធនអាកាសធាតុ។ លោកបានអះអាងថា ប្រសិនបើពូជដំឡូងមីលេខ១៩ ឬពូជដំឡូងមី HO (ពូជថ្មី) ដែលដាំដុះតាមបច្ចេកទេស ហើយទទួលបានទិន្នផលតិច ម្សៅតិច ឬផលនៃដំឡូង ស្មើនឹងពូជដំឡូងមីរាយរង នោះលោកនឹងធានាសឹងប្រាក់ ជូនបងប្អូនប្រជាកសិករវិញ។

ជាមួយគ្នានោះ លោកអគ្គនាយកក្រុមហ៊ុន CAMBODIAN AO LA SHAN ក៏បានឱ្យដឹងទៀតថា ក្រុមហ៊ុនរបស់លោក នឹងទទួលទិញដំឡូងមីពីបងប្អូនដែលទទួលបានការបណ្តុះបណ្តាលបច្ចេកទេស ក្នុងតម្លៃទីផ្សារ ឬតម្លៃធានាណាមួយ ដោយមិនធ្វើឱ្យកសិករព្រួយបារម្ភឡើយ។ ដែរនេះចាត់ទុកថា ជាការប្រែក្លាយជីវភាពគ្រួសារអតីតយុទ្ធជន ពីកសិករដែលដាំដុះតាមទម្លាប់ ទៅជាកសិករដែលដើរទាន់ខ្សែចង្វាក់តម្លៃ។

បច្ចុប្បន្ននេះ ក្រុមហ៊ុន CAMBODIAN AO LA SHAN មានរោងចក្រសម្ងួត និងកែច្នៃម្សៅដំឡូងមី សម្រាប់ផ្តត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ដែលកំពុងដំណើរការមួយកន្លែង ក្នុងឃុំឈើតុំ ស្រុកក្រគរ, ហើយនៅពេលឆាប់ៗខាងមុខ រោងចក្រថ្មីរបស់លោក ដែលបំពាក់ដោយបច្ចេកវិទ្យាស្វ័យប្រវត្តិចុងក្រោយបង្អស់ នឹងមានវត្តមានបន្ថែមទៀត ក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ លើផ្ទៃដីប្រមាណ៣០ហិកតា ដើម្បីពង្រីកខ្សែចង្វាក់ផលិតកម្ម សម្រាប់បំពេញតម្រូវការ ទីផ្សារក្នុង និងក្រៅស្រុក និងបានជួយបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ បានច្រើនកន្លែងផងដែរ៕