គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) ចុះពិនិត្យវាយតម្លៃផលប៉ះពាល់លើជនស៉ីវិលនៅខេត្តបាត់ដំបង ដោយសារការបាញ់ប្រហាររបស់ទាហានថៃមកលើកម្ពុជា

09-02-2026 15:27

(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក សុខ លូ អភិបាលខេត្ត និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង, លោក ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការសាខាខេត្ត និងសហការី បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោកស្រី ឌ័រសា ណាហ្សេមី សាលមែន ប្រធានបេសកកម្ម, លោកស្រី ខាត់ ស្តេវ៉ត ប្រតិភូផ្នែកយោធាប្រចាំតំបន់ និងលោក យុន បញ្ញាវ័ន្ត មន្ត្រីសហប្រតិបត្តិការចលនាកាកបាទក្រហមអន្តរជាតិប្រចាំប្រទេសកម្ពុជា។

ជំនួបនេះ ក្នុងគោលបំណងជួយសម្របសម្រួលបេសកកម្មពិនិត្យ វាយតម្លៃ និងចងក្រងឯកសារដោយឯករាជ្យស្ដីពីផលប៉ះពាល់ផ្នែកមនុស្សធម៌លើប្រជាជនស៊ីវិល ដែលបង្កឡើងដោយជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែន ស្របតាមអាណត្តិដែលមានចែងក្នុងអនុសញ្ញាក្រុងហ្សឺណែវ។

ក្នុងនាមលោក សុខ លូ ប្រធានគណៈកម្មាធិការសាខា, លោក ផេង សិទ្ធី បានសម្របសម្រួលជូនប្រតិភូ ICRC ដើម្បីសុំចុះទស្សនកិច្ច ស្វែងយល់ជាក់ស្តែងនៅតាមសហគមន៍រងគ្រោះ ដើម្បីធ្វើការសិក្សា និងវាយតម្លៃអំពី ផលប៉ះពាល់ផ្នែកមនុស្សធម៌ ដែលបង្កឡើងពីសកម្មភាពជម្លោះ ប្រដាប់អាវុធ រួមមាន៖ ការប៉ះពាល់ដល់ជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធ និងបេតិកភណ្ឌ វប្បធម៌ ស្របតាម គោលការណ៍ និងច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ផងដែរ៕