ឯកអគ្គរដ្ឋទូត៖ ការប្រកួតកីឡារវាងស្ថានទូតរុស្ស៉ី និងក្រសួងការបរទេសកម្ពុជា ឆ្លុះបញ្ចាំងយ៉ាងល្អឥតខ្ចោះនូវស្មារតីការទូតពិតប្រាកដ និងការប្រកួតប្រជែងដោយគ្មានការប្រឈមមុខដាក់គ្នា

09-02-2026 16:48

(ភ្នំពេញ)៖ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចាំកម្ពុជា បានថ្លែងថា ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីនៅរាជធានីភ្នំពេញ បានឆ្លុះបញ្ចាំងយ៉ាងល្អឥតខ្ចោះនូវស្មារតីការទូតពិតប្រាកដ និងការប្រកួតប្រជែងដោយគ្មានការប្រឈមមុខដាក់គ្នា។

លោកថ្លែងបែបនេ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសលោក និងលោកបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតីក្នុងការប្រកួតបាល់ទាត់មិត្តភាព ដែលរៀបចំឡើងនៅក្នុងបរិវេណស្ថានទូត ដើម្បីអបអរសាទរទិវាអ្នកការទូតរុស្ស៊ី។

លោក Anatoly Borovik បានបញ្ជាក់យ៉ាងដូច្នេះថា «វាបានក្លាយជាប្រពៃណីដ៏ល្អមួយសម្រាប់យើង ក្នុងការជួបជុំគ្នាមិនត្រឹមតែនៅតុចរចាប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងព្រឹត្តិការណ៍កីឡាផងដែរ។ ការជួបជុំជាមិត្តភាពបែបនេះ ឆ្លុះបញ្ចាំងយ៉ាងល្អឥតខ្ចោះនូវស្មារតីការទូតពិតប្រាកដ ការប្រកួតប្រជែងដោយគ្មានការប្រឈមមុខដាក់គ្នា ការគោរពចំពោះដៃគូ ការងារជាក្រុម និងសមត្ថភាពក្នុងការរីករាយនឹងការសន្ទនាក្នុងបរិយាកាសក្រៅផ្លូវការ»

លោកបានបន្តថា មិនត្រឹមតែទិវាអ្នកការទូតប៉ុណ្ណោះទេ ដែលធ្វើឱ្យមានការប្រកួតថ្ងៃនេះពិសេស នៅឆ្នាំនេះ រុស្ស៊ី និងកម្ពុជា ប្រារព្ធខួប៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត។ ក្នុងរយៈពេល៧ទសវត្សរ៍នេះ ប្រទេសរបស់យើងបានកសាងទំនាក់ទំនងដ៏រឹងមាំ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និងបំណងប្រាថ្នារួមគ្នា ដើម្បីធ្វើការជាមួយគ្នា ដើម្បីផលប្រយោជន៍ប្រជាជនរបស់យើង។

បើតាមលោក Anatoly Borovik ការប្រកួតនេះ គឺជាឱកាសដ៏ល្អមួយទៀតដើម្បីពង្រឹងទំនាក់ទំនងផ្ទាល់ខ្លួន លើកកម្ពស់ការជឿទុកចិត្តគ្នាទៅវិញទៅមក មិនគ្រាន់តែរីករាយនឹងការប្រកួតជាមួយគ្នា។ កីឡាដូចជាការទូត ធ្វើឲ្យមនុស្សកាន់តែជិតស្និទ្ធ និងជួយឲ្យមានជ័យជម្នះលើបញ្ហានានា។

លោកបានថ្លែងទៀតថា «ខ្ញុំសូមថ្លែងអំណរគុណដល់ដៃគូកម្ពុជារបស់យើងសម្រាប់កិច្ចសហប្រតិបត្តិការរបស់ពួកគេ។ ខ្ញុំសូមជូនពរឱ្យកីឡាករ និងអ្នកទស្សនាទាំងអស់ទទួលបានការប្រកួតដ៏គួរឱ្យរំភើប និងការលេងដោយយុត្តិធម៌។ សូមឱ្យវាពង្រឹងមិត្តភាពរវាងសហគមន៍ការទូតរបស់យើងបន្ថែមទៀត»។

លោកបណ្ឌិត ឃី សុវណ្ណរតនា ក៏បានថ្លែងសុន្ទរកថាខ្លីវាយតម្លៃខ្ពស់អំពីទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរដែលបានកសាងឡើងផ្អែកលើការគោរព និងភាពជឿជាក់គ្នាទៅវិញទៅមក ព្រមទាំងបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរយៈពេល ៧០ឆ្នាំ កន្លងមកនេះ លើវិស័យពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការអប់រំ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនផងដែរ៕