រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបពិភាក្សាជាមួយឯកអគ្គរាជទូតកាណាដា ដោយផ្តោតសំខាន់លើការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាននៅកម្ពុជា

09-02-2026 17:20

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបពិភាក្សាការងារជាមួយលោក Christian DesRoches អគ្គរាជទូតប្រទេសកាណាដា ប្រចាំប្រទេសកម្ពុជា ដោយផ្តោតសំខាន់ទៅលើការងារពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន និងការងារបណ្តោះបណ្តាលធនធានមនុស្សលើវិស័យព័ត៌មាន នៅកម្ពុជា។ ជំនួបនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសាលវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន។

ក្នុងកិច្ចពិភាក្សាការងារនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោក Christian DesRoches បានផ្តោតលើការពង្រឹងសមត្ថភាពវិជ្ជាជីវៈដល់អ្នកសារព័ត៌មាន តាមរយៈកម្មវិធីបណ្តុះបណ្តាល ការចែករំលែកបទពិសោធន៍ ការលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈសារព័ត៌មាន ការគិតគូរពីសុវត្ថិភាពរបស់អ្នកសារព័ត៌មាន និងការរៀបចំច្បាប់ទម្លាប់ដើម្បីលើកកម្ពស់ដល់ការអនុវត្តស្របតាមក្រមសីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកជាសំណើរទៅកាន់ឯកអគ្គរាជទូតថ្មី របស់កាណាដា ក្នុងការចូលរួមចំណែកពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ឱ្យកាន់តែសម្បូរបែប។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងព័ត៌មានកំពុងផ្តោតលើការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន តាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសឌីជីថល ការផលិតមាតិកាមានគុណភាព និងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ។

ជាការឆ្លើយតប លោក Christian DesRoches បានសន្យាថានឹងជួយសហការជាមួយក្រសួងព័ត៌មាន ដើម្បីរៀបចំការបណ្តុះបណ្តាលធនធានមនុស្សផ្នែកព័ត៌មាននៅកម្ពុជា ដើម្បីឆ្លើយនឹងការរីកចម្រើនផ្នែកឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ។

លោក Christian DesRoches បានសំដែងនូវការរីករាយដោយបានមកបំពេញបេសសកម្មការងារជាឯកអគ្គរាជទូតកាណាដា ប្រចាំកម្ពុជា ដែលជាជំហានសំខាន់មួយក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងកាណាដា ដើម្បីជំរុញវិស័យព័ត៌មានកម្ពុជា ឱ្យកាន់តែអភិវឌ្ឍប្រកបដោយគុណភាព និងភាពទំនើប៕