បណ្ឌិត ម៉ុង ឫទ្ធី ជួបពិភាក្សាជាមួយបណ្ឌិត អ៊ាង សុផល្លែត ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈមក្នុងឆ្នាំ២០២៥ និងទិសដៅការងារប្រចាំឆ្នាំ២០២៦ របស់ក្រសួងបរិស្ថាន
09-02-2026 17:30
(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃព្រឹទ្ធសភា (គណៈកម្មការទី៣) នៃព្រឹទ្ធសភា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានជួបពិភាក្សាជាមួយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងគោលបំណង ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈមក្នុងឆ្នាំ២០២៥ និងទិសដៅការងារប្រចាំឆ្នាំ២០២៦ របស់ក្រសួងបរិស្ថាន។
«ឆ្នាំ២០២៦ គឺជាឆ្នាំនៃសកម្មភាពជាមួយលទ្ធផលជាក់ស្តែង» អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានជាត្រីវិស័យបង្ហាញផ្លូវ។ ជាមួយនឹងយុទ្ធសាស្រ្តជាជំហានៗ ប្រកបដោយការទទួលខុសត្រូវរបស់ក្រសួងបរិស្ថាន ក្នុងការទប់ស្កាត់ និងការការពារសុខមាលភាពប្រជាពលរដ្ឋ និងសុខភាពបរិស្ថានពីប្រភពបំពុលនានា ដោយក្នុងនោះក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តជាជំហានៗ មានភាពស្អាត ភាពបៃតង និងចីរភាព។
នាឱកាសនោះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានជម្រាបជូន អំពីការងារសុក្រឹតកម្មបរិស្ថានកិច្ច ដោយទី១ផ្តើមចេញពីមេផ្ទះឆ្លាតវៃ (E-admin)។ ទី២ គោលនយោបាយ និងយុទ្ធសាស្រ្ត ព្រមទាំងទី៣ គឺការងារផ្សព្វផ្សាយ ដែលស្នូលទាំង៣នេះរុញទៅសសរត្ថម្ភ ៣ទៀត គឺភាពស្អាត ភាពបៃតង និងចីរភាព។ ចំពោះភាពស្អាតផ្តើមចេញពីខាងក្នុង គឺស្អាតក្នុងផ្នត់គំនិត និងភាពស្អាតនៅជុំវិញខ្លួន ហើយភ្ជាប់ភាពស្អាតទាំងក្នុង និងក្រៅទៅកាន់ឆាកអន្តរជាតិ។ ចំណែកភាពបៃតងវិញ ក្រសួងបរិស្ថានបានសហការយ៉ាងជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធដូចជា អង្គការសង្គមស៊ីវិល អាជ្ញាធរដែនដី កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងយុត្តិធម៌។ ក្នុងន័យទប់ស្កាត់បទល្មើសព្រៃឈើ និងធនធានធម្មជាតិ ដោយការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់។ លើសពីនេះ ក្រសួងបាន ដាក់ចេញនូវការរៀបចំឱ្យមានការបណ្តុះ និងចែកជូនកូនឈើទៅដាំដោយឥតគិតថ្លៃជាច្រើនលាន ដើម្បីពង្រីកគម្របព្រៃឈើ ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងសិស្សានុសិស្សទូទាំងប្រទេស។
ទន្ទឹមនឹងនេះ ការអភិវឌ្ឍក៏ជាយុទ្ធសាស្រ្តចម្បងដែរ ក្នុងការជំរុញ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការរៀបចំឱ្យមានគោលដៅលំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ ដែលយុទ្ធសាស្រ្តនេះ អាចកែប្រែទំលាប់របស់ប្រជាសហគមន៍ពីការចូលព្រៃកាប់ឈើ បរបាញ់សត្វ មកជាអ្នកផ្តល់សេវាទេសចរណ៍ ដោយបង្រៀនសហគមន៍តំបន់ការពារឱ្យក្លាយទៅជាពាណិជ្ជករ សហគ្រិនភាពជាដើម។ ទាំងនេះជាការអភិវឌ្ឍនៅហ្នឹងកន្លែង ដែលផ្តល់ភាពជាម្ចាស់ដល់ប្រជាសហគមន៍ សមស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតប លោកបណ្ឌិត ម៉ុង ឫទ្ធី បានកោតសរសើរ និងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្នុងបេសកកម្មការងារធ្វើឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងមានភាពស្អាត ពេញដោយភាពបៃតងស្រស់ និងប្រកបដោយចីរភាព ដើម្បីការពារប្រជាពលរដ្ឋកម្ពុជាពីជំងឺដង្កាត់នានា និងជួយគាំពារដល់សុខភាពបរិស្ថាន និងការរស់នៅប្រកបដោយភាពសុខដុមរមនីយកម្ម តាមរយៈការប្តេជ្ញាចិត្តរបស់ក្រសួងបរិស្ថាន ដោយទទួលបាននូវលទ្ធផល ប្រសិទ្ធភាព និងប្រសិទ្ធផលការងារប្រកបដោយតម្លាភាព គណនេយ្យភាពសង្គម៕























