ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ​ដឹកនាំ​ក្រុម​ការងារ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះឆេះផ្ទះអស់ស្ទើរទាំងស្រុង ក្នុង​ស្រុកសំរោងទង

09-02-2026 18:11

(កំពង់ស្ពឺ)៖ ក្រោម​ការ​ចង្អុល​បង្ហាញ​ តម្រង់​ទិស​ប្រកបដោយ​គុណធម៌ ​របស់​​នាយឧត្តមសេនីយ៍​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​​​ កងយោធពល​ខេមរ​ភូមិន្ទ ​និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​ និងមានការណែនាំ​ដោយ​ផ្ទាល់​ពីសំណាក់​លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ​​។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​​​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​ ជានិច្ចកាល​តែងតែ​បន្ត​ដឹកនាំ​ក្រុមការងារក ង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ចូលរួម​យ៉ាងសកម្ម​ ក្នុង​ការងារ​មនុស្សធម៌​ ដោយបានចុះសួរសុខផ្ទាល់ និងនាំយកសម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ ព្រមទាំង​បរិច្ចាគ​នូវថវិកាផ្ទាល់ខ្លួន និង​មានការ​ចូល​ឧបត្ថម្ភ ​ពីបងប្អូនសប្បុរសជននានា ដែលមានចិត្តសប្បុរសធម៌ ក្នុងចូលរួមឧបត្ថម្ភ​គាំទ្រ​ តាមរយៈ​បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ​ ជាបន្តបន្ទាប់នាពេលកន្លងមក។

នាវេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦​ ក្រោមស្មារតីមនុស្សធម៌ និងវប្បធម៌ចែករំលែកក្នុងនាមខ្មែរស្រលាញ់ខ្មែរ ជួយ​គ្នាក្នុងគ្រាលំបាក​​ បន្ទាប់ពីទទួលនូវព័ត៌មាន ពីក្រុមការងា​រ​​​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​សំរោងទង​ ពាក់ព័ន្ធ​អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ធមួយគ្រួសារ ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ មានឈ្មោះ សំ សុផា ភេទប្រុស អាយុ៦៩ឆ្នាំ​ និងប្រពន្ធ ឈ្មោះ នូ គីមណៃ ភេទស្រី អាយុ៦០ឆ្នាំ មានកូន៧នាក់ ប្រុស ០៣នាក់ និងស្រី០៤នាក់ ដែលត្រូវបានរងគ្រោះ ដោយសារអគ្គិភ័យលេបត្របាក់ ឆាបឆេះផ្ទះ អស់ស្ទើរទាំងស្រុង​ កាលពីប៉ុន្នានថ្ងៃមុនកន្លងមកនេះ។

ដោយក្តីអាណិតអាសូរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​ រួមនិងក្រុមការងារទាំងអស់ បានសម្តែងការចូលរួមសោកស្តាយបំផុត ចំពោះគ្រោះចង្រៃនេះផង ជាពិសេសក៏បាននាំយកនូវថវិកាចំនួន ៤០០,០០០រៀល រួម​និង​សម្ភារៈ​ប្រើប្រាស់​គ្រឿង​ឧបភោគ​បរិភោគ​មួយចំនួនរួមមាន៖ អង្ក២បាវ/មី ២កេស/ទឹកសុទ្ធ ២កេស/ទឹកផ្លែឈើ ២កេស/ទឹកស៊ីអ៊ីវ ២យួរ/ទឹកត្រី ២យួរ/ត្រីខ ២យួរ/ភួយ ចំនួន​៤​ រួមនិងខ្នើយចំនួន៤ថែមទៀតផង។

សកម្មភាព​មនុស្សធម៌​នេះ បានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ ក្នុងស្មារតីជាតិនិយមខ្ពស់បំផុត របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ព្រមទាំងក្រុមការងារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងសប្បុរសជនទាំងអស់ទាំងក្នុង និងក្រៅស្រុក ដែល​តែងតែ​​ឧបត្ថម្ភ​នូវសម្ភារៈគ្រឿងឧបភោគបរិភោគផ្សេងៗ របស់របរប្រើប្រាស់ រួមនិងបរិច្ចាគ​ធនធាន​ផ្ទាល់​ខ្លួន​ក្នុង​ការចូលរួម​ចំណែក​ជាមួយ​​​​​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក្នុងការឧបត្ថម្ភ​ជូនទៅ​ដល់បងប្អូន​ប្រជាពល​រដ្ឋ ​ដែលមានជីវភាពខ្វះខាត ជួបការលំបាក និងមានបញ្ហាផ្សេងៗ ក្នុងជីវភាពរស់ប្រចាំថ្ងៃផងដែរ៕