លោក ឌិត ទីណា៖ ភាពជិតស្និទ្ធរវាងមន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាចសម្រេចការអនុវត្តគោលនយោបាយ បង្កើនគុណភាពសេវាសាធារណៈ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់
09-02-2026 18:39
(បន្ទាយមានជ័យ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានថ្លែងថា ភាពជិតស្និទ្ធរវាងមន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាចជួយសម្រេចបាននូវការអនុវត្តគោលនយោបាយ ការបង្កើនគុណភាពសេវាសាធារណៈ និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ការថ្លែងរបស់លោក បានធ្វើឡើងនាឱកាសដែលលោក អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋាន របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ នៅសាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦។
ចំពោះមុខអង្គពិធី លោកបានមានប្រសាសន៍ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ព្រមទាំងអាជ្ញាធរខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ តែងតែស្ថិតនៅជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយបញ្ហានានានៅតាមមូលដ្ឋាន ជាពិសេសក្នុងស្ថានភាពលំបាក។
លោកបានគូសបញ្ជាក់ថា៖ «កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានសារសំខាន់សម្រាប់សម្រេចបាននូវការអនុវត្តគោលនយោបាយ ការបង្កើនគុណភាពសេវាសាធារណៈ និងការជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន»។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានបន្តថា ក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ នឹងបន្តលើកកម្ពស់គុណភាពសេវាសាធារណៈ និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែប្រសើរ ដើម្បីសម្រួលជីវភាព និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ៕













