ក្រោយចូលកាន់តំណែងជិត២ឆ្នាំ, ស្នងការនគរបាលខេត្តសៀមរាប រក្សាបានសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនពលរដ្ឋ ភ្ញៀវទេសចរបានយ៉ាងល្អប្រសើរ
09-02-2026 19:59
(សៀមរាប)៖ ក្រោមការដឹកនាំមានចក្ខុវិស័យ និងពោរពេញដោយការទទួលខុសត្រូវខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ស្ថាប័ននគរបាលខេត្តសៀមរាប បានសម្រេចសមិទ្ធផលការងារជាច្រើនគួរឲ្យកោតសរសើរ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បានដឹកនាំមានភាពម៉ឺងម៉ាត់ មានវិន័យ សាមគ្គីភាពផ្ទៃក្នុងល្អ និងមានឆន្ទះទទួលខុសត្រូវខ្ពស់ យកចិត្តទុកដាក់ខ្ពស់ចំពោះការងារ ដោយបានដឹកនាំកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ ឲ្យអនុវត្តភារកិច្ចស្របតាមគោលនយោបាយ និងបទបញ្ជារបស់ក្រសួងមហាផ្ទៃ ប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវ។
ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានពង្រឹងយ៉ាងសកម្មនូវការងារសន្តិសុខសង្គម ដោយរៀបចំកម្លាំងយាមល្បាត ២៤ម៉ោង លើ២៤ម៉ោង នៅតំបន់គោលដៅសំខាន់ៗ ពិសេសតំបន់ទេសចរណ៍ និងទីប្រជុំជន ដែលជួយធានាបាននូវសុវត្ថិភាព សន្តិភាព និងភាពជឿជាក់របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។
មិនតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានផ្តោតសំខាន់លើការកសាងអង្គភាព ពង្រឹងវិន័យ សីលធម៌ និងវិជ្ជាជីវៈនគរបាល ព្រមទាំងការបណ្តុះបណ្តាលបង្កើនសមត្ថភាពមន្ត្រី ឲ្យមានឆន្ទៈខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ ដោយមានភាពរហ័ស ត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ការដឹកនាំប្រកបដោយភាពជិតស្និទ្ធ និងការចុះពិនិត្យការងារផ្ទាល់នៅមូលដ្ឋានជាប្រចាំ របស់លោកឧត្តមសេនីយ៍ទោ ស្នងការ បានបង្កើនស្មារតីទទួលខុសត្រូវ និងការសាមគ្គីភាពរបស់កម្លាំងនគរបាលទាំងមូល ធ្វើឲ្យការងារសន្តិសុខក្នុងខេត្តសៀមរាប មានភាពរលូន និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីសាធារណជន។
ជារួម ការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ត្រូវបានចាត់ទុកថា ជាគំរូដ៏ល្អមួយ នៃថ្នាក់ដឹកនាំនគរបាល ដែលមានសមត្ថភាព ស្មោះត្រង់ និងប្តេជ្ញាចិត្តខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ រួមចំណែកយ៉ាងសំខាន់ដល់ការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍខេត្តសៀមរាបឱ្យបានចីរភាព៕





