វិភាគអន្តរជាតិ៖ មានអាយុកាលជាង៦៧ឆ្នាំទៅហើយ តើរដ្ឋាភិបាលកុម្មុយនិស្ដគុយបាត្រូវដួលរលំក្នុងសម័យលោកត្រាំ ឬ?

09-02-2026 20:32

(វ៉ាស៊ីនតោន)៖ កាលពីជិត២០ឆ្នាំមុន សហរដ្ឋអាមេរិក រួមទាំងប្រជាជនគុយបារស់នៅក្រៅប្រទេសដែលស្អប់របបកុម្មុយនិស្ដសប្បាយចិត្តយ៉ាងខ្លាំង នៅពេលទទួលដំណឹងថាអតីតមេដឹកនាំគុយបា លោក Fidel Castro ប្រកាសថារូបលោកមានជំងឺធ្ងន់ធ្ងរដែលតម្រូវឱ្យចុះចេញពីតំណែងជាប្រធានាធិបតីគុយបាជាបណ្ដោះអាសន្ន។ ២ឆ្នាំក្រោយមកទៀត ប្រជាជនគុយបារស់នៅក្រៅប្រទេស បានសប្បាយរីករាយសាជាថ្មី នៅពេលលោក Castro ចុះចេញពីតំណែង និងកាន់តែសប្បាយចិត្តទៅទៀត នៅពេលអតីតមេដឹកនាគុយបារូបនេះទទួលមរណភាពក្នុងឆ្នាំ២០១៦ បើទោះអំណាចនៅពេលនោះត្រូវបានផ្ទេរទៅឱ្យលោក Raul Castro ដែលជាប្អូនប្រុសរបស់លោកក៏ដោយ។

បច្ចុប្បន្ន សេដ្ឋកិច្ចរបស់គុយបាកំពុងប្រឈមនឹងការដួលរលំគ្រប់ពេល ដោយខ្វះខាតថាមពលអគ្គិសនីធ្ងន់ធ្ងរសម្រាប់ការផ្គត់ផ្គង់ រីឯប្រជាជនរាប់លាននាក់បានចាកចេញពីប្រទេស ហើយរដ្ឋាភិបាលគុយបាកំពុងប្រឈមមុខនឹងសត្រូវដ៏ធំ នោះគឺប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ លោក ត្រាំកំពុងបិទខ្ទប់លំហូរប្រេងទៅកាន់គុយបាដែលនេះបាន និងកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ឧស្សាកម្មទេសចរណ៍ ហើយមិនតែប៉ុណ្ណោះលោក ត្រាំ ថែមទាំងប្រកាសទៀតផងពីការរាប់ថយក្រោយនៃការដួលរលំរបស់រដ្ឋាភិបាលគុយបា។ រដ្ឋបាលលោក ដូណាល់ ត្រាំ និងពលរដ្ឋគុយបាជាច្រើនរស់នៅក្រៅប្រទេសដែលបានទន្ទឹងរង់ចាំមើលរដ្ឋាភិបាលកុម្មុយនិស្ដគុយបាដួលរលំអស់ជិត៧ទសវត្សរ៍មកនេះ ជឿជាក់ថានេះជាពេលវេលាចុងក្រោយ។

បន្ទាប់ពីប្រធានាធិបតីអាមេរិកជាច្រើននាក់ព្យាយាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីច្របាច់ករដ្ឋាភិបាលគុយបាឱ្យដាច់ខ្យល់ ការបិទខ្ទប់ប្រេងរបស់រដ្ឋបាលលោក ត្រាំបានធ្វើឱ្យគុយបាប្រឈមមុខនឹងវិបត្តិកាន់តែធ្ងន់ ពីព្រោះប្រេងមានសារៈសំខាន់បំផុតក្នុងការជួយរក្សាឱ្យវិស័យជាច្រើន រាប់ចាប់ពីដឹកជញ្ជូន រោងចក្រ រហូតដល់កសិកម្មអាចបន្តដំណើរការទៅមុខបាន។ តាមពិតទៅ ការព្យាករពីការដួលរលំរដ្ឋាភិបាលគុយបា ក៏ធ្លាប់មានផងដែរ តួយ៉ាងនៅក្រោយការដួលរលំរលាយអតីតសហភាពសូវៀតដែលជាអ្នកផ្គត់ផ្គង់ដ៏ធំរបស់គុយបា។ ប៉ុន្តែនៅលើកនេះ ក្រុមអ្នកជំនាញបាននិយាយថាការរស់រានរបស់រដ្ឋាភិបាលគុយបាហាក់កំពុងស្ថិតនៅក្រោមការសង្ស័យខ្លាំងជាងពេលណាៗទាំងអស់។ លោក Marcell Felipe ជាមេដឹកនាំគុយបាម្នាក់រស់នៅនិរទេសខ្លួនក្នុងទីក្រុង Miami បានអះអាងថារដ្ឋាភិបាលអាមេរិកបានប្ដេជ្ញាចិត្តថាគុយបាគួរតែត្រូវបានរំដោះនៅមុនដំណាច់ឆ្នាំ២០២៦។ ក្រៅពីការបិទខ្ទប់ប្រេង ផែនការរបស់លោក ត្រាំមានគោលដៅបិទខ្ទប់គុយបាពីប្រាក់ចំណូលបានមកពីវិស័យទេសចរណ៍ និងបេសកកម្មវេជ្ជសាស្ត្រនៅក្រៅប្រទេស។ នេះបើតាមមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសអាមេរិកប្រាប់ New York Times ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

ឧស្សាហកម្មទេសចរណ៍គុយបាមិនទាន់ងើបឡើងពីវិបត្តិកូវីដ១៩នៅឡើយទេ មានមួយផ្នែកដោយសារតែវិធានការមួយចំនួនរបស់រដ្ឋបាលលោក ត្រាំ ដែលបង្កផលលំបាកដល់ប្រជាជនអឺរ៉ុបពិបាកធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីពួកគេធ្វើដំណើរកម្សាន្តទៅកាន់គុយបា។ នៅបន្ទាប់ពីយោធាអាមេរិកចាប់ខ្លួនលោក នីកូឡាស់ ម៉ាឌូរ៉ូ លោក ត្រាំ បានបញ្ឈប់ការនាំចេញប្រេងរបស់វ៉េណេស៊ុយអេឡាទៅកាន់គុយបា ហើយគំរាមដំឡើងពន្ធគយ លើបណ្ដាប្រទេសទាំងឡាយណាដែលបន្តផ្គត់ផ្គង់ប្រេងទៅឱ្យគុយបាទៀតផង។ គុយបាមានសមត្ថភាពផលិតប្រេងដោយខ្លួនឯង តែអាចត្រឹមផ្គត់ផ្គង់៤០ភាគរយនៃតម្រូវការ ចាំបាច់ប្រចាំថ្ងៃតែប៉ុណ្ណោះ ដូច្នេះការខ្វះខាតប្រេងនាំចូលអាចនឹងធ្វើឱ្យសេដ្ឋកិច្ចប្រទេសនេះគាំងដំណើរ។

តាមលោក ត្រាំ រូបលោកផ្ទាល់កំពុងស្ថិតក្នុងកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលៗរបស់គុយបា។ តែលោកមិនបានបញ្ជាក់អ្វីលម្អិតទេ។ លោក Juan Triana សាស្ត្រាចារ្យម្នាក់មកពីមជ្ឈមណ្ឌលសម្រាប់ ការសិក្សាពីសេដ្ឋកិច្ចគុយបានៃសាកលវិទ្យាល័យឡាហាវ៉ាន បានកត់សម្គាល់ថាគុយបាមិនបានដួលរលំទេសូម្បីតែក្នុងទសវត្សរ៍ឆ្នាំ១៩៩០ អំឡុងវិបត្តិដែលគេស្គាល់ថា Special Period បន្ទាប់ពីការរលំរលាយ សហភាពសូវៀត។ «មនុស្សគ្រប់គ្នាបានសម្លឹងមើលដោយសង្ឃឹមថាគុយបានឹងដួលរលំ តែពួកគេបានព្យាករខុស។ ប្រធានាធិបតីពីម្នាក់ទៅម្នាក់របស់សហរដ្ឋអាមេរិកក៏បានព្យាករខុសផងដែរ»។ នេះជាការលើកឡើងរបស់លោក Juan Triana។ ក៏ប៉ុន្តែ នៅឯសន្និសីទសារព័ត៌មានដ៏កម្រមួយកាលពីសប្ដាហ៍មុន ប្រធានាធិបតីគុយបា លោក Miguel Diaz Canel ហាក់បានទទួលស្គាល់ពីបញ្ហាធ្ងន់ធ្ងរ ដែលប្រទេសរបស់លោកកំពុងប្រឈម។ លោកបានបង្ហើបពីផែនការសន្សំសំចៃការប្រើប្រាស់ប្រេងក្នុងស្រុក និងពង្រីកការបង្កើតថាមពលសូឡា និងថាមពលអគ្គិសនីផលិតដោយខ្យល់ តែមិនបានឱ្យដឹងថាតើ គុយបានាំចូលប្រេងពីប្រភពថ្មីណាមួយឬក៏យ៉ាងណានោះទេ?

មន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថាក្រុមមន្ត្រីគុយបាកំពុងមានការព្រួយបារម្ភពីព្រោះថាពួកគេចាប់ផ្ដើមទទួលស្គាល់ថាបដិវត្តន៍របស់ពួកគេកំពុងឈានទៅរកទីបញ្ចប់។ ដោយឡែក បើតាមមន្ត្រីជាន់ខ្ពស់ម្នាក់ទៀតនៃក្រសួងការបរទេសអាមេរិក ប្រសិនបើក្រុមមន្ត្រីគុយបាទំនាក់ទំនងទៅកាន់រដ្ឋបាលលោក ត្រាំ ជាមួយការយល់ព្រមផ្ដល់សម្បទានដ៏ធំណាមួយ ដូចជាអនុញ្ញាតឱ្យមានក្រុមហ៊ុនឯកជន និងគណបក្សនយោបាយច្រើន នោះរដ្ឋបាលលោក ត្រាំ អាចនឹងមានឆន្ទៈទំនាក់ទំនងកាន់តែសកម្ម។ មន្ត្រីរូបនេះដដែលបានឱ្យដឹងថារដ្ឋបាលលោក ត្រាំ កំពុងស្វែងរកកិច្ចពិភាក្សាដូចគ្នាទៅនឹងកិច្ចពិភាក្សាដែល បានធ្វើឡើងជាមួយវ៉េណេស៊ុយអេឡា ជាទីដែលប្រធានាធិបតីស្ដីទីនៃប្រទេសមួយនេះបានឯកភាពបោះជំហានឆ្ពោះទៅរកកំណែទម្រង់សេដ្ឋកិច្ច និងប្រជាធិបតេយ្យ។ ប៉ុន្តែកិច្ចពិភាក្សាបែបនេះអាចនឹងមានការលំបាក ដ្បិតនៅគុយបាមិនមានមន្ត្រីណាម្នាក់មានតំណែងដូចគ្នាទៅនឹងមេដឹកនាំស្ដីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez ដែលកំពុងសម្របសម្រួលតាមអ្វីដែលលោក ត្រាំចង់បានទេ។

ក្រុមអ្នកជំនាញជាច្រើនក៏បានលើកឡើងពីបញ្ហាប្រឈមផ្សេងទៀតផងដែរ នោះគឺប្រសិនបើរដ្ឋាភិបាលគុយបាដួលរលំ៖ វាមិនច្បាស់នោះទេថាតើនរណានឹងត្រូវដឹកនាំគុយបាបន្ត។ លោក Peter Kornbluh ជាអ្នកសរសេរសៀវប្រវត្តិសាស្ត្រនៃកិច្ចចរចាសម្ងាត់រវាងសហរដ្ឋអាមេរិក និងគុយបា យល់ថាកិច្ចចរចារវាងប្រទេសទាំង២ កំពុងដំណើរការ ដើម្បីបញ្ចៀសការឈ្លានពានរបស់សហរដ្ឋអាមេរិក និងស្វែរកច្រកចេញ សម្រាប់ភាគីទាំងសងខាង។ កាលពីឆ្នាំ២០១៣ កិច្ចចរចាអំឡុងរដ្ឋបាលលោក អូបាម៉ា បានប្រព្រឹត្តទៅជាសម្ងាត់។ កិច្ចពិភាក្សានៅពេលនោះត្រូវបានសម្របសម្រួលដោយបុរីវ៉ាទីកង់ និងរៀបចំនៅបុរីវ៉ាទីកង់ ព្រមទាំងនៅកាណាដា រហូតឈានទៅដល់ការស្ដារទំនាក់ទំនងការទូតឡើងវិញ។

សម្រាប់លោក Ricardo Zuniga ជាអតីតមន្ត្រីរដ្ឋបាលលោក អូបាម៉ាដែលធ្លាប់ជួយសម្របសម្រួលឱ្យកិច្ចចរចាសម្ងាត់ជាមួយគុយបា មានគំនិតខ្លះយល់ថាការបើកចំហគុយបាទៅកាន់ទីផ្សារសេរី និងការស្ដារ ជីវភាពរស់នៅរបស់ប្រជាជនគុយបា អាចនឹងនាំទៅរកការផ្លាស់ប្ដូររបបដឹកនាំ តែរដ្ឋាភិបាលគុបាយបានច្រានចោលឱកាសសេដ្ឋកិច្ចបែបនេះ។ តាមលោក Zuniga លោក ត្រាំ គិតគូរផ្សេងពីនេះ។ លោកយល់ថា កាលណាបើសេដ្ឋកិច្ច និងសង្គមដួលរលំ រដ្ឋាភិបាលមួយក៏នឹងដួលរលំទៅជាមួយដែរ។ លោកស្រី Ada Ferrer វិញជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រមកពីសាកលវិទ្យាល័យ Princeton Univertsity បាននិយាយថាវាជាការពិតដែលការព្យាករកាលពីអតីតកាលអំពីការដួលរលំនៃរដ្ឋាភិបាលគុយបាមិនបានក្លាយជាការពិតទេ។ ប៉ុន្តែឥលូវ មិនមានអ្នកទំនុកបម្រុងកំពុងរង់ចាំសង្រ្គោះសេដ្ឋកិច្ចគុយបា ដូចដែល វ៉េណេស៊ុយអេឡាបានធ្វើក្រោយសូវៀតដួលរលំឡើយ។ និយាយរួមកាលៈទេសៈនៅពេលនេះខុសឆ្ងាយពីអតីតកាល៕