មន្ត្រីជំនាញកំពុងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធនៅពីក្រោយ ករណីឈូសឆាយដីតំបន់៣ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង (Video inside)
10-02-2026 10:54
(កំពង់ឆ្នាំង)៖ ករណីក្រុមការងារចម្រុះខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកស្រីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង ចុះពិនិត្យស្រាវជ្រាវនិងបង្ក្រាបជាក់ស្ដែងទៅលើករណីបទល្មើសឈូសឆាយដីតំបន់៣ នៅចំណុចភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ថ្ងៃទី៧ និងទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ មកដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មិនទាន់ត្រូវបានបិទសំណុំរឿងនៅឡើយនោះទេ ដោយក្រុមការងារចម្រុះខេត្ត នៅបន្តបើកការស្រាវជ្រាវ និងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធ និងអ្នកបើកដៃឲ្យជនសង្ស័យធ្វើសកម្មភាព ដែលជាតំបន់ហាមឃាត់របស់រដ្ឋ។
ដោយយោងតាមរបាយការណ៍របស់សមត្ថកិច្ចចម្រុះខេត្ត នៅល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ថា សមត្ថកិច្ចចម្រុះដែលដឹកនាំដោយលោកស្រី ស្រ៉ីម ស៊ាងភាជ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដោយបានរកឃើញទីតាំងឈូសឆាយដីតំបន់៣ ជាក់ស្ដែង ចំនួន ២ទីតាំង។ ទីតាំងទី១ ជនសង្ស័យឈូសឆាយអស់ទំហំ ០.៦៧ ហិកតា, ទីតាំងទី២ ឈូសឆាយអស់ទំហំ ២.៥០ហិកតា និងបានចាប់ឃាត់គ្រឿងចក្រចំនួន ២ គ្រឿង និងមនុស្សចំនួន ២នាក់ ឈ្មោះ យ៉ន ចិន្តា ភេ ប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង (ម្ចាស់ដី) និងឈ្មោះ ហូត ហ៉ីម ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង (មេការត្រាក់ទ័រ)។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឲ្យដឹងថា ករណីខាងលើនេះទាំងជន សង្ស័យ ២នាក់ និងគ្រឿងចក្រ ២គ្រឿង លោកពុំទាន់បានបញ្ជូនទៅកាន់សាលាដំបូងខេត្តនៅឡើយទេ ដោយលោកកំពុងចាត់ឲ្យជំនាញខណ្ឌរដ្ឋបាលជលផលធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវបន្ថែមទៀត ដើម្បីវែកមុខរកអ្នកដែលពាក់ព័ន្ធនៅពីក្រោយដើម្បីសរុបកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតែម្ដង។ ប៉ុន្តែ ទំហំដីដែលចូលឈូសឆាយមានដល់ទៅ ៣ទីតាំង និងមានទំហំជាង ១០ហិកតាឯណោះ។
លោកបានបញ្ជាក់បន្ថែមទៀតថា ករណីនេះដែរលោកសាទរយ៉ាងក្រៃលែងចំពោះការសហការរបស់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានដែលតែងតែបានរាយការណ៍និងសហការជាមួយមន្ត្រីជំនាញរបស់លោក ដើម្បីចុះបង្ក្រាបទៅលើ ជនណាដែលបានបំផ្លិចបំផ្លាញធនធានធម្មជាតិរបស់រដ្ឋ ដើម្បីកុំឲ្យកើតឡើងដដែលៗ។ ពាក់ព័ន្ធករណីខាងលើនេះ លោកនឹងអនុវត្តតាមនីតិវិធីយ៉ាងតឹងរឹងជាទីបំផុតដោយមិនមានការលើកលែងឲ្យនោះឡើយ។
ប្រសិនបើរកឃើញអ្នកដែលពាក់ព័ន្ធនៅពីក្រោយ ទោះជាអ្នកនោះថ្នាក់ណាក៏ដោយក៏លោកត្រូវតែចាត់ការទៅតាមនីតិវិធីដោយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីឲ្យខាងតែបាន ព្រោះដីដែលជនសង្ស័យចូលឈូសឆាយខាងលើនេះគឺជាដីព្រៃតំបន់ ៣សុទ្ធសាធ ព្រោះភូមិសាស្ត្រនៅទីនោះមិនមានភ្លឺស្រែដែលពួកគាត់ធ្លាប់អាស្រ័យផលពីមុនមកនោះឡើយ។
ពលរដ្ឋភាគច្រើននៅក្នុងស្រុកកំពង់លែង ដែលកន្លងមកតែងជួបបញ្ហាដីធ្លី ចូលអាស្រ័យផលក្នុងដីរបស់ខ្លួនដែលមិនជាប់ពាក់ព័ន្ធនឹងដីរដ្ឋក៏ត្រូវបានអាជ្ញាធរនិងមន្ត្រីជំនាញមួយចំនួនហាមឃាត់ និងប្រមាថអនុវត្តផ្លូវច្បាប់ទៅលើពួកគាត់។ ថ្ងៃនេះដែរ ពួកគាត់ក៏បានចេញមកអបអរសាទរចំពោះចំណាត់ការរបស់សមត្ថកិច្ចចម្រុះខេត្ត ដែលបានបង្ក្រាបទៅលើជនខិលខូចខាងលើនេះ ដែលបានបន្តលួចចូលបំផ្លិចបំផ្លាញធនធានធម្មជាតិរបស់រដ្ឋ។
ពិសេសពួកគាត់សូមគាំទ្រយ៉ាងពេញទំហឹងចំពោះការប្តេជ្ងាចិត្តយ៉ាងមោះមុតរបស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលលោកបានអះអាងថា មិនមានការលើកលែងចំពោះបុគ្គលណាដែលរំលោភ បំពាន និងបំផ្លិចបំផ្លាញធនធានធម្មជាតិរបស់រដ្ឋ ទោះជាបុគ្គលនោះថ្នាក់ណាក៏ដោយក៏លោកត្រូវតែចាត់ការតាមនីតិវិធីប្រកបដោយប្រសិទ្ធភាព និងស្មើភាពគ្នាផងដែរ៕


















