សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពលោក ក្រូច ផាន អតីតប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ និងជាអតីតជំនួយការផ្ទាល់របស់សម្តេច
10-02-2026 11:00
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនលោកស្រី ឈូន ចាន់ដា និងក្រុមគ្រួសារ ចំពោះមរណភាពលោក ក្រូច ផាន អតីតប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ និងជាអតីតជំនួយការផ្ទាល់របស់សម្តេច។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខា ធិការដ្ឋានព្រឹទ្ធសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីក្រៀមក្រំ និងសោកស្តាយជាពន់ពេក ចំពោះដំណឹងមរណភាពរបស់ ឯកឧត្តម ក្រូច ផាន អតីតប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ និងជាអតីតជំនួយការផ្ទាល់របស់ខ្ញុំ ដែលត្រូវស្វាមីរបស់លោកជំទាវ នៅថ្ងៃអាទិត្យ ៦រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ២១:៤៧នាទីយប់ ក្នុងជន្មាយុ៨០ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាដ៏សែនសោកសង្រេង និងពោរពេញដោយក្តីអាឡោះអាល័យរកទីបំផុតគ្មាននេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ និងក្រុមគ្រួសារ ចំពោះការបាត់បង់ឧត្តមស្វាមី ឪពុក និងជាសាច់ញាតិ ក្រុមគ្រួសារ ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ និងគុណធម៌ដ៏ឧត្តុង្គឧត្តម។
ឯកឧត្តម ក្រូច ផាន គឺជាមន្ត្រី ដ៏ស្មោះត្រង់ និងជាធនធានមនុស្សដ៏មានតម្លៃ ដែលបានបម្រើជាតិមាតុភូមិ និងការពារសន្តិភាពក្រោមមាគ៌ា រាជរដ្ឋាភិបាលបានយ៉ាងខ្ជាប់ខ្ជួន។ ស្នាដៃការងារទាំងអស់របស់ ឯកឧត្តម ដែលបានរួមវិភាគទានក្នុងការអភិវឌ្ឍ ប្រទេសជាតិ នឹងស្ថិតនៅក្នុងការចងចាំ និងជាគំរូដល់សហការីតរៀងទៅ។
យើងខ្ញុំ សូមឧទ្ទិសកុសល និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ក្រូច ផាន ទទួលបាននូវ ភាពត្រជាក់ត្រជំនៃតេជះបារមីព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងឆាប់បានចាប់បដិសន្ធិក្នុងសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ»៕






