ក្រុមការងារភ្នាក់ងារទេសចរណ៍ បានស្វែងរកសម្ភារ និងប្រគល់ជូនម្ចាស់វិញ ដែលភ្លេច ឬជ្រុះ កំលុងពេលទស្សនាតាមប្រាសាទនានា
10-02-2026 12:30
(សៀមរាប)៖ នៅក្នុងខែមករា ឆ្នាំ២០២៦ ក្រុមការងារភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា ដែលប្រចាំការនៅតាមគោលដៅនីមួយៗ នៅក្នុងរមណីយដ្ឋានអង្គរ បានសហការ ជាមួយនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ រួមទាំងភ្នាក់ងារសណ្តាប់ធ្នាប់ ក្នុងការស្វែងរកម្ចាស់សម្ភារ និងប្រគល់ជូនទៅម្ចាស់ដើមវិញ ដែលបានភ្លេច ឬជ្រុះកំលុងពេលទស្សនាតាមប្រាសាទនានា មានចំនួន៤០ករណី។
សម្ភារទាំងនោះរួមមាន៖ កាបូប ទូរសព្ទ ម៉ាស៊ីនថត កាត បន្តោងខ្សែក សៀវភៅ សំបុត្រចូលទស្សនាប្រាសាទ ឧបករណ៍ NEE WER ជាដើម -ល-។
សកម្មភាពទាំងអស់នេះ ទទួលបាននូវការថ្លែងអំណរគុណ និងការកោតសរសើរពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបានបង្ហាញនូវក្តីស្រឡាញ់ និងទំនុកចិត្តខ្ពស់មកលើភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា ដែលបានរួមចំណែកផ្តល់ស្នាមញញឹមដល់ទេសចរគ្រប់ៗរូប៕






















