ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទទួលជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា
10-02-2026 13:03
(ភ្នំពេញ)៖ នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក WALEED NASSER ALSHEHRI ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅវិមានសន្តិភាព។
ជាកិច្ចចាប់ផ្តើមនៃជំនួប ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោក WALEED NASSER ALSHEHRI និងគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងសិក្សាពីឱកាសវិនិយោគ។
ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ទេសរដ្ឋមន្ត្រី បានជម្រាបនូវព័ត៌មានសំខាន់ៗ នៃវិស័យកសិកម្មរបស់កម្ពុជា ដោយកម្ពុជាអាចផលិតស្រូវបានប្រមាណជាង១៥លានតោន ក្នុង១ឆ្នាំ និងគ្រាប់ស្វាយចន្ទីជាង១លានតោន ដោយមានគុណភាពខ្ពស់ ប៉ុន្តែជុំវិញការវេចខ្ចប់សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ កម្ពុជានៅមានកង្វះខាតនៅឡើយ ដូច្នេះលោកបានស្នើលោក WALEED NASSER ALSHEHRI ជួយផ្សព្វផ្សាយ និងកៀរគរ អ្នកវិនិយោគអារ៉ាប៊ីសាអូឌីត មកសិក្សាឱកាសវិនិយោគនៅកម្ពុជាលើដំណាំទាំង២នេះ។
ចំពោះវិស័យឧស្សាហកម្មហាឡាល ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកទឹកចិត្តអ្នកវិនិយោគអារ៉ាប៊ីសាអូឌីតគួរពិចារណា មកវិនិយោគលើវិស័យនេះ ព្រោះកម្ពុជាសម្បូរវត្ថុធាតុដើម ដែលមានគុណភាពខ្ពស់ មានតម្លៃពលកម្មទាប ហើយរដ្ឋាភិបាលកម្ពុជាមានច្បាប់អនុគ្រោះជាច្រើន សម្រាប់អ្នកវិនិយោគបរទេស ដែលជាឱកាសបើកផ្លូវមួយ អាចឲ្យអ្នកវិយោគអារ៉ាប៊ីសាអូឌីត មកវិនិយោគលើវិស័យហាឡាលនេះនៅកម្ពុជា ដើម្បីរួមចំណែកជួយជំរុញសេដ្ឋកិច្ចកម្ពុជា ជាពិសេសសេដ្ឋកិច្ចក្នុងសហគមន៍ឥស្លាមកម្ពុជា ខណៈកន្លងមកអារ៉ាប៊ីសាអូឌីតបាននាំចូលផលិតផលប្រើប្រាស់ និងម្ហូបអាហារហាឡាលជាច្រើនពីក្រៅប្រទេស។
ជាការឆ្លើយតប លោក WALEED NASSER ALSHEHRI បានជម្រាបថា នេះជាដំណើរទស្សនកិច្ចរបស់គាត់មកកាន់កម្ពុជា ដើម្បីបើកផ្លូវសម្រាប់អ្នកវិនិយោគអារ៉ាប៊ីសាអូឌីត មកសិក្សាឱកាសវិយោគនៅកម្ពុជា លើវិស័យសំខាន់ៗនៅកម្ពុជា រួមមានវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងផ្សេងៗទៀត ដែលមានការគាំទ្រពីរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ជាពិសេសព្រះចៅសាល់ ម៉ាន ពិនអាប់ឌុលអាហ្ស៉ីស ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ដែលជំរុញលើការងារពាណិជ្ជកម្មជាមួយបណ្តាប្រទេសជាមិត្ត ដូចជាកម្ពុជា ជាដើម ដែលស្របតាមចក្ខុវិស័យអភិវឌ្ឍ Saudi Vision 2030។
លោកបានសន្យាថា នឹងជំរុញអ្នកវិនិយោគ មកវិនិយោគលើវិស័យដែល លោកទេសរដ្ឋមន្ត្រីបានលើកឡើងខាងលើ នាពេលអនាគត និងពិចារណាធ្វើការវិនិយោគលើវិស័យណាមួយ សម្រាប់សហគមន៍ឥស្លាមកម្ពុជាផងដែរ៕


















