អភិបាលស្រុកតាំងគោក លើកទឹកចិត្តឱ្យប្រជាកសិករច្នៃដីស្រែដែលមិនសូវទទួលបានផល មកជាដីដាំដំណាំវិញដើម្បីទទួលផលវិលជុំ

10-02-2026 13:38

(កំពង់ធំ)៖ ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានអំណោយផលខ្លាំងខាងផ្នែកកសិកម្ម ជាពិសេសមានដីដែលអាចដាំដំណាំបានច្រើនប្រភេទរាប់ចាប់ពីដីស្រែ ចំការ និងដំណាំផ្សេងៗទៀត ក្នុងនោះ ដោយមើលឃើញពីតម្រូវការ និងអំណោយផលខាងផ្នែកដំណាំ ក៏ដូចជាបន្លែផ្សេងៗ កសិករមួយចំនួនបានផ្លាស់ប្ដូរដីស្រែដែលធ្វើស្រូវមិនបានផល មកដាំដំណាំចម្រុះវិញ ដោយអាចទទួលបានទិន្នផលល្អគួរឱ្យកត់សម្គាល់ និងជួយពួកគាត់ឱ្យទទួលបានចំណូលសមរម្យ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានចុះជួបប្រជាពលរដ្ឋដែលមានដំណាំដើមខាតណា ត្រសក់ ស្ពៃ សាឡាត នៅឃុំស្រឡៅុ, ក្នុងនោះកសិករឈ្មោះ ស្រេង ភារម្យ រស់នៅភូមិបុស្សល្វា ឃុំស្រឡៅ ដែលជាកសិករមួយរូបដាំដើមខាតណា បានប្រាប់លោកអភិបាលស្រុក ឱ្យដឹងថា បើប្រៀបធៀបគ្នាពីការធ្វើស្រែ និងការដាំដំណាំចម្រុះគឺការយកដីដាំដំណាំមានភាពងាយស្រួលជាង និងទទួលបានផលច្រើនជាងធ្វើស្រែ ដោយសារដាំដំណាំគេអាចដាំបានច្រើនមុខ ហើយអាចទទួលផលវិលជុំ ប៉ុន្តែស្រូវយ៉ាងច្រើនអាចដាំបានត្រឹមតែ ២ដងប៉ុណ្ណោះក្នុងមួយឆ្នាំ ណាមួយត្រូវការទឹកស្រោចឱ្យបានគ្រប់គ្រាន់ថែមទៀតផង។

លោកបានបន្តឱ្យដឹងទៀតថា នៅក្នុងដីស្រែដែលលោកធ្លាប់ធ្វើស្រូវលើផ្ទៃដីប្រមាណ ១ហិកតានោះ បច្ចុប្បន្ននេះកំពុងដាំដំណាំចម្រុះដូចជា ខាតណា សាឡាតស្រួយ ហើយអាចប្រមូលផលបានឆ្លាស់គ្នាពីមួយរដូវទៅមួយរដូវ លោកក៏បន្តទៀតថា ខាតណា របស់លោកដាំគ្មានជាតិគីមី និងកំពុងមានទីផ្សារដោយអាជីវករយកទៅលក់នៅភ្នំពេញទៀតផង។

នាឱកាសនោះដែរលោក ហាក់ ម៉ុងហួត ក៏បានកោតសសើរនូវការឆ្នៃប្រឌិតរបស់ប្រជាកសិករស្របតាមកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ ដោយជំរុញ និងអភិវឌ្ឍវិស័យកសិកម្ម ដើម្បីអាចធានាបាននូវសុវត្ថិភាពស្បៀង ជាពិសេសលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករ៕