អ្នកឧកញ៉ា គង់ សាង អតីតប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ទទួលមរណភាព ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ

10-02-2026 14:51

(ភ្នំពេញ)៖ អ្នកឧកញ៉ា គង់ សាង អតីតប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានទទួលមរណភាពកាលពីថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្ពស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៨:៥៨នាទីយប់ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) សូមសម្តែងការសោកស្តាយយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់ អ្នកឧកញ៉ា គង់ សាង អតីតប្រធានរបស់សមាគម។

TAFTAC សូមគោរព និងចងចាំជានិច្ចចំពោះការលះបង់ ការដឹកនាំ និងការរួមចំណែកដ៏មានតម្លៃរបស់អ្នកឧកញ៉ា ក្នុងការជំរុញ និងអភិវឌ្ឍវិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) នៅកម្ពុជា។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ TAFTAC សូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រួសារ និងសាច់ញាតិទាំងអស់។​ សូមវិញ្ញាណក្ខន្ធរបស់អ្នកឧកញ៉ាទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕