សមាគមឧកញ៉ាកម្ពុជា ផ្ញើលិខិតរំលែកមរណទុក្ខ ជូនលោកជំទាវ អ៊ាង ហេង ចំពោះមរណភាពអ្នកឧកញ៉ា គង់ សាង ព្រឹទ្ធាចារ្យសហស្ថាបនិក​នៃសមាគមឧកញ៉ាកម្ពុជា

10-02-2026 15:07

(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា បានផ្ញើលិខិតរំលែកមរណទុក្ខជូនលោកជំទាវ អ៊ាង ហេង ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់អ្នកឧកញ៉ា គង់ សាង សមាជិកក្រុមប្រឹក្សាភិបាល និងជាព្រឹទ្ធាចារ្យសហស្ថាបនិកនៃសមាគមឧកញ៉ាកម្ពុជា ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នាវេលាម៉ោង ៨៖៥៨នាទីយប់ ក្នុងជន្មាយុ ៧៣ឆ្នាំដោយរោគាពាធ។

អ្នកឧកញ៉ា គង់ សាង គឺជា «ព្រឹទ្ធចារ្យសហស្ថាបនិក» មួយរូបដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានដោយបានចូលរួមយ៉ាងសកម្មក្នុងការបង្កើត សមាគមឧកញ៉ាកម្ពុជា និងបានបន្តចូលរួមសហការរហូតសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់ និងមានតួនាទីជា សមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគមនៅក្នុងអាណត្តិទី១ ចាប់តាំងពីសមាគមឧកញ៉ាកម្ពុជាបានប្រកាសជាផ្លូវកាលពីអំឡុងឆ្នាំ២០២៣មក។

ជាមួយគ្នានេះដែរ អ្នកឧកញ៉ា ក៏ជាអតីតប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជាផងដែរ។ អ្នកឧកញ៉ា គឺជាធុរជនដ៏លេចធ្លោមួយរូបដែលបានរួមចំណែកដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិតាមរយៈការបណ្តាក់ទុនផ្ទាល់ និងការកៀរគរវិនិយោគិនពីក្រៅប្រទេសមកវិនិយោគនៅក្នុងប្រទេសដើម្បីបង្កើតការងាររាប់ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងបានចូលរួមក្នុងការងារមនុស្សធម៌ និងសង្គមកិច្ចជាច្រើនទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក។

អ្នកឧកញ៉ា គង់ សាង បានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០មកម្ល៉េះ ដោយក្នុងចន្លោះឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៦ បាននាំចូលនូវផលិតផលមួយចំនួនពីបរទេសមកលក់ក្នុងប្រទេសជាពិសេសក្រណាត់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ នាចុងឆ្នាំ១៩៩៦ លោក និងដៃគូធុរជនចិនតៃវ៉ាន់ បានបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងក្រោយមកទៀតបង្កើតរោងចក្រប៉ាក់។ លោកជាក៏ស្ថាបនិកនៃរោងចក្រ Evergreen Apparel Cambodia Co., Ltd. ក៏ដូចជារោងចក្រ Evergreen Industrial Co., Ltd. និងរោងចក្រ Evergreen Computerized Embroidery Company ផងដែរ។ បន្ថែមលើនេះ លោកក៏បានធ្វើការវិនិយោគលើវិស័យផ្សេងៗមួយចំនួនទៀត។

ក្នុងអាជីពជាអ្នកវិនិយោគលោកត្រូវបានទទួលស្គាល់ពីសំណាក់រាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងការងារមនុស្សធម៌ និងសង្គមជាច្រើនទៀត។ អ្នកឧកញ៉ា បានទទួលគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕