សាលាបឋមសិក្សាពាមខ្នង និងអនុវិទ្យាល័យផ្លូវទូក ស្ថិតក្នុងតំបន់ទឹកលិច នៅខេត្តកំពង់ឆ្នាំង នឹងទទួលបានអគារសិក្សាថ្មី
10-02-2026 15:28
(កំពង់ឆ្នាំង)៖ ក្រោយពីមានសំណើពីគណៈគ្រប់គ្រងសាលារៀននោះ រដ្ឋនឹងជួយសាងសង់អគារសាលាបឋមសិក្សាពាមខ្នង និងអនុវិទ្យាល័យផ្លូវទូក នៅភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជំនួសអគារចាស់ទ្រុឌទ្រោម ដែលកំពុងរងហានិភ័យ។ នេះបើតាមលោកនាយកសាលា ហឿន ស៉ីថា បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។
លោកបានឲ្យដឹងថា ក្រុមការងារនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងសំណង់ សហការជាមួយលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរឃុំ-ភូមិ បានចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីត្រៀមសាងសង់អគារសិក្សាថ្មីសាលាបឋមសិក្សាពាមខ្នង ចំនួន ១ខ្នង មាន ០៦បន្ទប់ និងអគារសិក្សាថ្មីអនុវិទ្យាល័យផ្លូវទូក ចំនួន ១ខ្នង មាន ៥បន្ទប់។ តាងនាងគណៈគ្រប់គ្រងសាលា លោកបានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះជំនួយដ៏ថ្លៃថ្លានេះ។
ទោះយ៉ាងណា សាលាបឋមសិក្សាពាមខ្នង ក៏នៅខ្វះខាតសម្ភារៈមួយចំនួនទៀតរួមមាន៖
*១៖ Smart TV ចំនួន ០៣ គ្រឿង៖ សម្រាប់ដំឡើងក្នុងថ្នាក់រៀន ដើម្បីឱ្យសិស្សបានមើលវីដេអូមេរៀន រូបភាពពណ៌ធម្មជាតិ និងការបង្រៀនតាមបែបឌីជីថល ដែលជួយឱ្យកុមារឆាប់យល់ និងឆាប់ចាំ។
*២៖ កុំព្យូទ័រ ចំនួន ០១ គ្រឿង៖ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការរដ្ឋបាលសាលា ការរៀបចំបញ្ជីឈ្មោះសិស្ស ស្ថិតិអប់រំ និងរៀបចំវិញ្ញាសាប្រឡងឱ្យបានត្រឹមត្រូវតាមស្តង់ដារ។
*៣៖ ម៉ាស៊ីនព្រីន (Printer) ចំនួន ០១ គ្រឿង៖ សម្រាប់បោះពុម្ពសន្លឹកកិច្ចការ លំហាត់អនុវត្ត និងឯកសាររដ្ឋបាលផ្សេងៗជូនដល់សិស្សានុសិស្ស។
*៤៖ ដងទង់ជាតិ ចំនួន ០៦ ដើម៖ សម្រាប់ដាក់អមសងខាងច្រកចូលខ្លោងទ្វារសាលារៀន ដើម្បីលើកកម្ពស់សោភ័ណភាពផង និងដើម្បីបណ្តុះស្មារតីស្រឡាញ់ជាតិ សាសនា ព្រះមហាក្សត្រ ដល់កុមារៗជារៀងរាល់ថ្ងៃនៅពេលពួកគេដើរចូលសាលារៀន។
សូមជម្រាបថា យោងតាមលិខិតស្នើសុំរបស់គណៈគ្រប់គ្រងសាលា នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា ដោយសារទីតាំងសាលាស្ថិតក្នុងតំបន់ទឹកលិចនៃបឹងទន្លេសាប នៅរដូវវស្សាទឹកឡើងខ្លាំងបណ្តាលឱ្យសសរឈើត្រាំទឹកយូរ រលួយ និងពុកផុយ ដែលជាហានិភ័យខ្ពស់អាចបង្កគ្រោះថ្នាក់ដួលរលំអគារជាយថាហេតុ។
អាស្រ័យហេតុនេះ សាលាស្នើសូមលោក លោកស្រី សប្បុរសជន និងថ្នាក់ដឹកនាំ មេត្តាជួយពិនិត្យ និងផ្តល់ការឧបត្ថម្ភតាមកម្លាំងសទ្ធា ដើម្បីជួយសង្គ្រោះអគារសិក្សា និងផ្តល់សេចក្តីសុខដល់កុមារៗជិត ៤០០នាក់ ក្នុងតំបន់ដាច់ស្រយាលនេះ។ នេះបើតាមលិខិតស្នើសុំ៕









