ក្រសួងដាក់ឱ្យដំណើរការសាកល្បង ការផ្សារភ្ជាប់សេវាតេស្តវិភាគផលិតផលរបស់មន្ទីរពិសោធន៍ទៅនឹងប្រព័ន្ធស្នើសុំ ច.ប.ផ ដោយស្វ័យប្រវត្តិ
10-02-2026 15:46
(ភ្នំពេញ)៖ លោក ហែម វណ្ណឌី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដាក់ឱ្យដំណើរការសាកល្បង ការផ្សារភ្ជាប់សេវាតេស្តវិភាគផលិតផលរបស់មន្ទីរពិសោធន៍ វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ទៅនឹងប្រព័ន្ធស្នើសុំចុះបញ្ជីផលិតផល (ច.ប.ផ) ដោយស្វ័យប្រវត្តិ ដើម្បីជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ លោក ហែម វណ្ណឌី បានថ្លែងថា ជាផ្នែកមួយនៃការគាំទ្រជាក់ស្តែងសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមថ្មីមួយ ដោយបញ្ចូលសេវាធ្វើតេស្តវិភាគផលិតផលរបស់មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅក្នុងប្រព័ន្ធសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (E-Services for Business) របស់រាជរដ្ឋាភិបាល ដោយកាត់បន្ថយការប្រើប្រាស់លទ្ធផលតេស្តជាក្រដាស។
លោកបានលើកឡើងថា នេះគឺជាជំហានថ្មីមួយទៀត ដើម្បីជួយសម្រួលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យទទួលបានសេវាមន្ទីរពិសោធន៍កាន់តែលឿន និងគួរឱ្យទុកចិត្ត ហើយដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ពួកគេ តាមរយៈការចាប់យកស្តង់ដារ និងគុណភាព។
លោកបន្ថែមថា «កាលពីមុនត្រូវការលទ្ធផលតេស្តជាក្រដាសភ្ជាប់មកជាមួយ។ ការដាក់ឱ្យសាកល្បងសេវានេះគឺជាជំហានសំខាន់មួយជួយគាំទ្រ ដល់MSME ការទទួលបានសេវាដែលរហ័ស និងអាចទុកចិត្តបាន និងជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍន៍ MSME នៅថ្ងៃអនាគតផងដែរ»។
យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ របស់ក្រសួងផែនការ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣,៦៧០ នៅទូទាំងប្រទេស ដែលផ្តល់ការងារប្រមាណ ៣ លានកន្លែង។ លើសពីនេះ កម្លាំងពលកម្ម ដែលគាំទ្រដោយសហគ្រាសធុនមីក្រូ តូច និងមធ្យម រួមទាំងសហគ្រាសនិងអ្នកប្រកបមុខរបរ អាជីវកម្ម និងធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រមាណជាង៦លាននាក់៕




















