អូស្ដ្រាលី ចាប់ផ្ដើមដំណើរការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំ២០២៧ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព នៅកម្ពុជា

10-02-2026 16:09

(ភ្នំពេញ)៖ រដ្ឋាភិបាលអូស្ដ្រាលី នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចាប់ផ្ដើមបើកដំណើរការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៧ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា និងរួមចំណែកដល់កិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជា។ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ និស្សិតខ្មែរដែលចង់ទទួលបានអាហារូបករណ៍ទៅសិក្សានៅក្នុងអូស្ដ្រាលី គឺអាចតាមដានព័ត៌មានលើគេហទំព័ររបស់ Australia Award Scholarship។

នៅក្នុងកម្មវីធីបើកដំណើរការអាហារូបករណ៍អូស្ដ្រាលីសម្រាប់ឆ្នាំសិក្សា២០២៧ ដោយមានការចូលរួមពី លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោកស្រី សុខ ច័ន្ទឆវី រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោក សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ​មានអ្នកចូលរួមជិត៤០០នាក់ ដែលភាគច្រើនជាមន្ដ្រីរាជការស៊ីវិល។ កម្មវិធីនេះបានណែនាំមន្ដ្រីរាជការ និងអ្នកដែលចង់បន្ដការសិក្សានៅក្នុងប្រទេសអូស្ដ្រាលីឱ្យយល់ដឹងពីរបៀប និងគន្លឹះដើម្បីទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្ដ្រាលី។

ចាប់តាំងពីឆ្នាំ១៩៩៤ អូស្ត្រាលី បានផ្តល់ជូនអាហារូបករណ៍ច្រើនជាង ១,១០០កន្លែង ក្នុងនោះមាននិស្សិតអាហារូបករណ៍ច្រើនចំនួន ៤៨០នាក់ជាស្ត្រី។ សម្រាប់ផ្ដល់អាហារូបករណ៍កម្រិតអនុបណ្ឌិត និងបណ្ឌិត នៅសាកលវិទ្យាល័យលំដាប់ពិភពលោកជាច្រើននៅប្រទេសអូស្ត្រាលី ហើយការផ្ដល់ជូនអាហារូបករណ៍លើវិស័យដូចជា អភិបាលកិច្ច ការអប់រំ ការកសាងភាពធន់ និងបរិស្ថាន សុខភាព បរិយាបន្នសង្គម ការសម្របសម្រួលពាណិជ្ជកម្ម រួមទាំងកសិកម្ម និងនេសាទដែលប្រកបដោយប្រសិទ្ធភាព។

នាឱកាសនោះដែរ លោក សោម រតនា បានលើកឡើងថា អាហារូបករណ៍ Australia Awards គឺជាជំហានមួយសម្រាប់ជ័លាភីទាំងអស់ ក្នុងការផ្លាស់ប្តូរ និងអភិវឌ្ឍ ចាប់តាំងពីកម្រិតបុគ្គល ស្ថាប័ន និងសង្គមជាតិ។ ក្នុងពេលបច្ចុប្បន្ននេះ អតីតនិស្សិត ដែលទទួលអាហារូបករណ៍អូស្ត្រាលី បាននឹងកំពុងក្លាយជាអ្នកជំនាញ និងថ្នាក់ដឹកនាំ នៅតាមស្ថាប័ន រដ្ឋ និងឯកជន ដោយបានរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាពរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ រួមមានអភិបាលកិច្ចល្អ សុខាភិបាល ការអប់រំ និងវិស័យផ្សេងៗជាច្រើនទៀត។

លោក សោម រតនា ក៏សូមវាយតម្លៃខ្ពស់ចំពោះកម្មវិធី Australia Award ដែលបានផ្តល់ឱកាសស្មើៗគ្នាសម្រាប់ស្ត្រី អ្នកដែលមានជីវភាពខ្វះខាត សហគមន៍ LGBT+ និងបុគ្គលមានពិការភាព ដោយផ្តល់ឱកាសឱ្យពួកគេ ទទួលបានការអប់រំដែលមានគុណភាពខ្ពស់នៅក្រៅប្រទេស ដែលនេះគឺជាការលើកម្ពស់និងជាការផ្តល់ជំនួយយ៉ាងមានប្រសិទ្ធភាព។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំមានសេចក្តីសោមនស្សដែលទទួលបានដំណឹងថាចំនួនស្ត្រីកាន់តែច្រើនឡើង ពោលគឺជាង៥០% បានទទួលជ័យលាភី ពីអាហារូបករណ៍នេះ ហើយខ្ញុំមានមោទនភាពដែលបានឃើញបងប្អូនជនជាតិដើមភាគតិច និងបងប្អូនដែលមានពិការភាពបានធ្វើដំណើរទៅសិក្សា នៅប្រទេសអូស្ត្រាលីជាមួយក្រុមគ្រួសាររបស់ពួកគេផងដែរ។

ជាមួយគ្នានេះដែរ លោកឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានបន្ដថា អាហារូបករណ៍អូស្ត្រាលីបើកទទួលបេក្ខជនមកពីគ្រប់វិស័យទាំងអស់ ក្នុងប្រទេសកម្ពុជា រួមទាំង ភ្នាក់ងារវិស័យសាធារណៈ គ្រឹះស្ថានអប់រំ និងក្រុមជំនាញ អង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និង
វិស័យឯកជន។ ដោយអនុលោមតាមគោលការណ៍បរិយាបន្នកម្មរបស់អូស្ត្រាលី កម្មវិធីនេះលើកទឹកចិត្តយ៉ាងខ្លាំងឱ្យមានការចូលរួមពីស្ត្រី ជនមានពិការភាព ប្រជាជនដែលរស់នៅ និងធ្វើការក្រៅរាជធានីភ្នំពេញ ពលរដ្ឋជនជាតិដើមភាគតិច LGBTQIA+ និងប្រជាជនដែលមិនសូវទទួលបានឱកាសដទៃទៀត។ កម្មវិធីសមធម៌របស់កម្មវិធីអាហារូបករណ៍អូស្ត្រាលីប្រចាំកម្ពុជា ផ្តល់ការគាំទ្រផ្នែកភាសាអង់គ្លេស និងការអភិវឌ្ឍវិជ្ជាជីវៈ ដើម្បីសម្រួលឱ្យមានការចូលរួមស្មើភាពគ្នាសម្រាប់សមាជិកមកពីក្រុមប្រជាជនទាំងនេះ។

បន្ថែមពីនេះ លោក ដេរិក យីប បានបញ្ជាក់ថា ក្រៅពីការសិក្សាផ្លូវការរបស់ពួកគេ និស្សិតជ័យលាភី នឹងទទួលបានឱកាសដើម្បីលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ក៏ដូចជាពង្រីកបណ្តាញរបស់ខ្លួន តាមរយៈវគ្គបណ្តុះបណ្តាល បទពិសោធន៍ការងារ និងការចូលរួមសន្និសីទ និងព្រឹត្តិការណ៍សម្រាប់កសាងបណ្តាញផងដែរ។ និស្សិតក៏ទទួលបានការយល់ដឹងកាន់តែប្រសើរឡើងអំពីវប្បធម៌ និងរបៀបរបបរស់នៅរបស់ប្រទេសអូស្ត្រាលី ព្រមទាំងអាចចែករំលែកអំពីវប្បធម៌ខ្មែរជាមួយប្រជាជនអូស្ត្រាលីបានផងដែរ៕