រដ្ឋបាលខេត្តបន្ទាយមានជ័យ ហាមប្រើប្រាស់ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម
10-02-2026 16:16
(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីណែនាំស្ដីពីការហាមប្រើប្រាស់ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន-វៀតណាម ឆ្នាំ២០២៦ឆ្នាំនេះ ដើម្បីជៀសវាងនូវបាតុភូត ដែលអាចកើតឡើងជាយថាហេតុ ដោយផ្តើមចេញពីសកម្មភាពទាំងអស់ខាងលើនេះ។
ក្នុងនោះ លោកអភិបាលខេត្តបានធ្វើការណែនាំ ដល់រដ្ឋបាលគ្រប់ក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាព-មេបញ្ជាការគ្រប់ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ត្រូវត្រួតពិនិត្យទប់ស្កាត់ និងក្រើនរំលឹកដល់ជាពលរដ្ឋទូទាំងខេត្ត ឲ្យបានជ្រាបដូចខាងក្រោម៖
*១៖ ហាមដាច់ខាតការនាំយកនូវរំសេវផ្ទុះ (ផាវ) មកដាក់លក់តាមតូប-ហាង ដោយពុំមានច្បាប់ អនុញ្ញាតពីសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរខេត្ត
*២៖ អាជ្ញាធរក្រុង-ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវជួយផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅ តាមមូលដ្ឋានឲ្យបានជ្រាប និងអនុវត្តគ្រប់ៗគ្នា
*៣៖ គ្រប់អាណាព្យាបាល ត្រូវណែនាំ និងហាមឃាត់ឲ្យខានតែបាននូវបងប្អូនកូនចៅរបស់ខ្លួន កុំឲ្យទិញ និងដុតផាវលេងជាល្បែងកម្សាន្ដឲ្យបានជាដាច់ខាត
*៤៖ ត្រូវមានការប្រុងប្រយ័ត្នពេលសែនព្រេន ហើយបិទទ្វារផ្ទះចោល ធ្វើដំណើរទៅកម្សាន្ដទីឆ្ងាយ ត្រូវរៀបចំទុកដាក់ពន្លត់ទៀន ធូប ឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងចេញដំណើរកម្សាន្ដ
*៥៖ ស្នងការដ្ឋាននគរបាលខេត្ត-បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវចាត់កម្លាំងល្បាត ត្រួតពិនិត្យ រាល់សកម្មភាពល្មើសចាប់ពីទទួលសេចក្ដីណែនាំខាងលើនេះ ឲ្យបានម៉ឺងម៉ាត់បំផុត៕





