ក្រសួងរៀបចំដែនដី ហៅអតិថិជនរងគ្រោះពីគម្រោងដីឡូត៍ FOREST HARMONY នៅកំពតរបស់លោក គុយ វ៉ាត និងតំណាងក្រុមហ៊ុនមកជជែករកដំណោះស្រាយ !
10-02-2026 16:26
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានជួបប្រជុំជជែកជាមួយអតិថិជនគម្រោងដីឡូត៍ FOREST HARMONY នៅកំពត និងតំណាងក្រុមហ៊ុន CIC ដើម្បីស្វែងរកដំណោះស្រាយ បន្ទាប់ពីអតិថិជននៃគម្រោងនេះត្រូវរងគ្រោះដោយសារម្ចាស់គម្រោងដែលគេស្គាល់ថា លោក គុយ វ៉ាត ជួបបញ្ហាបំណុលចាក់ស្រេះ រើខ្លួនពុំរួច។
កិច្ចប្រជុំនេះធ្វើឡើងក្នុងអធិបតីភាពលោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្តីការក្រសួង។
លោក ថេង ច័ន្ទសង្វារ បង្ហោះរូបភាព និងខ្លឹមសារនៃការជួបជុំនេះលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា «ទោះត្រូវប្រជុំសម្របសម្រួលច្រើនលើកច្រើនសារ អតិថិជនគម្រោងដីឡូត៍ដែលមានបញ្ហា នៅតែបន្តអត់ធ្មត់ចូលរួមជាមួយក្រុមការងារទទួលបន្ទុក ដើម្បីផ្តល់មតិយោបល់ ធាតុចូល និងស្នើជាជម្រើសដោះស្រាយនានា ធ្វើយ៉ាងណាធានាឱ្យបាននូវយុត្តិធម៌អន្តរកាលមួយ ដែលអាចទទួលយកបានពីគ្រប់ភាគីដែលពាក់ព័ន្ធ។ កិច្ចប្រជុំកិច្ចប្រជុំដំណោះស្រាយបញ្ហាលក់ទិញដីឡូត៍ក្នុង បុរី FOREST HARMONY កំពត (១០-០២-២០២៦)»៕
























