មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍជនបទ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥» នៅខេត្តព្រៃវែង
10-02-2026 16:52
(ព្រៃវែង)៖ លោក ជួប រតនា រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥»។
កិច្ចប្រជុំនេះមានការចូលរួមពីលោក ជួប សំអាត អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ, លោក សាយ សុជាតិ អភិបាលរងខេត្ត តំណាង លោក សួន សុម៉ាលីនអភិបាលខេត្តព្រៃវែង ,លោកស្រី ខៀវ មាលតី អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រី ច័ន្ទថេត សុខាទេវា អគ្គនាយករងបច្ចេកទេស, លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំង លោក លោកស្រី ដែលជាមន្ត្រីពាក់ព័ន្ធចំនួន ៣៤៨នាក់។
ក្នុងឱកាសនោះ លោក សាយ សុជាតិ អភិបាលរងខេត្តព្រៃវែង បានថ្លែងគាំទ្រយ៉ាងសកម្ម ចំពោះគោលនយោបាយជាតិនេះ សម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍខេត្តព្រៃវែង ជាពិសេសមន្ទីរ អង្គភាពពាក់ពន្ធជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ចូលរួមផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយជាតិនេះឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងការរួមចំណែកជាមួយរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តព្រៃវែង ដើម្បីបម្រើផលប្រយោជន៍រួម ជូនប្រជាជននៅទូទាំងខេត្តតាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ ការលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារ និងអភិវឌ្ឍន៍សហគមន៍ជនបទ ការពង្រឹងស្ថាប័ន និងការអនុវត្តកម្មវិធីកំណែទម្រង់ ឲ្យស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងអភិបាលកិច្ច ការធ្វើទំនើបកម្មស្ថាបនរដ្ឋ រដ្ឋាភិបាលឌីជីថល និងនវានុវត្តន៍។
ជាមួយគ្នានេះ លោក ជួប រតនា បានថ្លែងថា កាលពីដើមនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបិទសន្និបាតបូកសរុប ការងារប្រចាំឆ្នាំ២០២៣ លើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យរៀបចំគោលនយោបាយអភិវឌ្ឍន៍ជនបទមួយ ដែលមានសង្គតិភាពជាមួយកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីចង្អុលបង្ហាញទិស និងកៀរគរកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធសម្រាប់ការងារអភិវឌ្ឍន៍ជនបទនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យចំគោលដៅ និងឆ្លើយតបនឹងតម្រូវការអាទិភាពរបស់ ប្រជាជននៅក្នុងតំបន់ជនបទ។
លោករដ្ឋលេខាធិការបានបន្តថា គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ មានខ្លឹមសារលម្អិតគ្រប់ជ្រុងជ្រោយ ដោយបានកំណត់ ចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្ត្រ និងផែនការសកម្មភាព ដោយផ្អែកទៅលើ គោលការណ៍ បទពិសោធ និងការវិភាគស្ថានភាពជនបទ ដែលបានបង្ហាញយ៉ាងជាក់លាក់នូវទិន្នន័យ បញ្ហាការប្រឈម កាលានុវត្តភាពនៃតំបន់ជនបទកម្ពុជា។
លោកបានគូសបញ្ជាក់ថា គោលនយោបាយជាតិនេះ គឺជាផែនទីបង្ហាញផ្លូវក្នុងការអភិវឌ្ឍតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាប័ន្ន និងចិរភាព ដល់គ្រប់ក្រសួងនិងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយខិតខំកៀរគរធនធាន ទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ព្រមទាំងកៀរគរការចូលរួមពីដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលសហគមន៍ជនបទមូលដ្ឋាន និងសប្បុរសជន នានាស្របតាមអភិក្រម «ជវភាពប្រព័ន្ធតួអង្គតែមួយ» ដែលរួមគ្នាកសាងនូវ «សហថាមពល» ក្នុងការរួមចំណែកដល់ការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការបន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល កម្ពុជា ឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យ កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕



















