ក្រសួងអភិវឌ្ឍន៍ជនបទ ផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី «ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥» ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តព្រះវិហារ
10-02-2026 16:52
(ព្រះវិហារ)៖ លោកបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការតំណាងលោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី «ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥» របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជូនដល់អ្នកពាក់ព័ន្ធ ក្នុងខេត្តព្រះវិហារ។
កិច្ចប្រជុំនេះមានការចូលរួមពី លោក អ៊ុក គឹមសាន អភិបាលរងខេត្ត តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងប្រតិភូក្រសួង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត រដ្ឋបាលក្រុងស្រុកទាំង៨ មេឃុំ ចៅសង្កាត់ និងស្មៀនទាំង៥១ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។
លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បានថ្លែងលើកឡើងថា ដោយមានការណែនាំ និងយកចិត្តទុកដាក់ដោយផ្ទាល់ពីសំណាក់ លោក គីម រិទ្ធី អភិបាលខេត្ត លោកបានជំរុញឱ្យវិស័យការងារអភិវឌ្ឍន៍ជនបទ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ មានការរីកចម្រើនគួរជាទីមោទនៈ ពិសេសការងារថែទាំ ជួសជុលផ្លូវ និងការងារលើកកម្រិតគុណភាពផ្លូវ តាមរយៈការប្តូរកម្រាលផ្លូវដីស និងក្រួសក្រហម ទៅជាកម្រាលបេតុង និងផ្លូវកម្រាលកៅស៊ូពីរជាន់(DBST)។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរ លោកបណ្ឌិត ចាន់ ដារ៉ុង បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននឹងកំពុងបន្តខិតខំអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដោយបានដាក់ចេញយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ក្រោមបាវចនា «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» ដែលមានអាទិភាពគន្លឹះចំនួន ៥គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។
លោកបន្តថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវគោលនយោបាយជាតិស្តីពី «ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥» ដែលគោលនយោបាយថ្មីនេះ គឺជាផែនទីបង្ហាញផ្លូវដ៏ទូលំទូលាយមួយ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍជនបទនៅក្នុងប្រទេសកម្ពុជា ហើយគោលនយោបាយនេះ គឺជាសសរស្តម្ភដ៏សំខាន់មួយ សម្រាប់គាំទ្រដល់ការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីឆ្ពោះទៅសម្រេច បានចក្ខុវិស័យកម្ពុជា ជាប្រទេសមានប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០។
លោកបណ្ឌិតរដ្ឋលេខាធិការ បន្ថែមថា គោលនយោបាយជាតិស្តីពី «ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥»នេះ ផ្តោតសំខាន់ទៅលើតម្រូវការជាអាទិភាពនៃតំបន់ភូមិសាស្ត្រផ្សេងៗគ្នាដូចជា៖ តំបន់ទំនាប កណ្តាល តំបន់ជុំវិញបឹងទន្លេសាប តំបន់ឆ្នេរសមុទ្រ តំបន់ខ្ពង់រាប និងភ្នំ ដើម្បីអភិវឌ្ឍតំបន់ទាំងនោះ ឱ្យរីកចម្រើនប្រកបដោយតុល្យភាព បរិយាបន្ន ភាពធន់ និងចីរភាព ជាពិសេសផ្តោតលើការអភិវឌ្ឍតំបន់ជនបទនៅតាមបន្ទាត់ព្រំដែន ដើម្បីកសាងព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ដោយបានកំណត់ចក្ខុវិស័យ កសាងសង្គមជនបទកម្ពុជា ឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព និងមានគោលបំណងធ្វើឱ្យប្រជាជននៅតំបន់ជនបទ មានជីវភាពសមរម្យប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អដោយចីរភាព និងមានសេចក្តីថ្លៃថ្នូរ។
លោកបណ្ឌិត ចាន់ ដារ៉ុង បានថ្លែងគូសបញ្ជាក់ថា៖ គោលនយោបាយនោះ បានកំណត់គោលដៅសំខាន់ៗចំនួន៤ ប្រកបដោយតុល្យភាព ភាពធន់ និងបរិយាបន្ន រួមមាន៖ ទី១-តំបន់ជនបទមានហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា, ទី២-ប្រជាជននៅតំបន់ជនបទ មានសុខភាពល្អ និងអាយុសង្ឃឹមរស់វែង, ទី៣-ប្រជាជនរស់នៅក្នុងភូមិឋានដែលមានសេចក្តីសុខក្សេមក្សាន្ត និងបរិស្ថានល្អ និងទី៤-ប្រជាជននៅតំបន់ជនបទ មានកំណើនប្រាក់ចំណូលប្រកបដោយចីរភាព។
លោកបណ្ឌិតរដ្ឋលេខាធិការ បន្ថែមទៀតថា ការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី «ការអភិវឌ្ឍជនបទឆ្នាំ ២០២៥-២០៣៥» មិនមែនគ្រាន់តែជាការជម្រាបដំណឹងនោះទេ ប៉ុន្តែវាគឺជាយុទ្ធនាការយុទ្ធសាស្ត្រមួយ ដែលមានគោលបំណង៖ បង្កើតការយល់ដឹងជាសាធារណៈ, កៀងគរការចូលរួម, បង្ហាញពីតម្លាភាព និងការទទួលខុសត្រូវ, ផ្សារភ្ជាប់គោលនយោបាយថ្នាក់ជាតិ ទៅនឹងការអនុវត្តថ្នាក់ក្រោមជាតិ និងសម្រេចឱ្យបាននូវទស្សនវិស័យកម្ពុជាឆ្នាំ ២០៣០ និង ២០៥០ផងដែរ៕





























